ក្រុម​ពលរដ្ឋ​ជិត​៧០០​នាក់នៅ​សៀមរាប ជំរុញ​ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជម្លោះដីធ្លី

ខេត្តសៀមរាប​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៧០០​នាក់ មក​ពី​១០​សហគមន៍ ក្នុង​ខេត្ដសៀមរាប ជំរុញ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធព​ន្លឿ​ន​ដោះស្រាយ​វិវាទ​ដីធ្លី និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់ ដើម្បី​ឱ្យ​ពូក​គាត់​រស់នៅ​ស្របច្បាប់​តាម​សិទ្ធិ​សញ្ញា​ស្ដី​ពី​សិទ្ធិ​មនុស្ស​អន្ដរ​​ជាតិ​១០ ​ធ្នូ​ ។

អ្នកមាន​ជម្លោះដីធ្លី​​បាន​លើក​ឡើង​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​លើក​ទី​៦៧ ក្រោម​ប្រធានបទ «​យុត្ដិធម៌​» ​​នា​ព្រឹក​ថ្ងៃ​ទី​៨​ ​ធ្នូ​ ​​នេះ ដែល​រៀបចំ​​ឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ខេត្ដសៀមរាប​ ។

ប្រជា​សហគមន៍​ទាំងនោះ​មក​ពី​ស្រុក​ចំនួន​៦ រួម​មាន​​ ស្រុក​បន្ទាយស្រី​, ស្រុក​ស្វាយ​លើ​, ស្រុក​អង្គ​ធំ​, ក្រុង​សៀមរាប, ​ស្រុក​ប្រាសាទបាគង ​​និង​ស្រុក​ជីក្រែង  រួម​ទាំង​សហព័ន្ធ​សហ​ជីព ព្រមទាំង​មាន​ពលរដ្ឋ​មួយ​ចំនួន​បង់​កក្រមា​ពណ៌​ខៀង ​ពាក់មួក​ស្លឹក​ត្នោត ​ជា​ច្រើន​​នាក់​ផង​ដែរ​ ។

តំណាង​សហគមន៍​បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា​ថា ក្នុង​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​ជាមួយ​អ្នកមាន​អំណាច និង​ក្រុម​ឈ្មួញដ៏​រ៉ាំរ៉ៃជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​នៅ​តែ​​​​មិន​អាច​​រក​​ដំណោះស្រាយ​ឱ្យ​​ពួក​គាត់​​បាន​នៅឡើយ​ទេ​ ​​។​ ​

លោក​វរសេនីយ៍ត្រី ស៊ិ​ប កាល់ តំណាង​​អភិបាលខេត្ដ​សៀមរាប ដែល​ចូលរួម​ក្នុង​វេទិកាទិវា​សិទ្ធិ​មនុស្ស​នេះ​មាន​ប្រសាសន៍​ថា លោក​នឹង​ផ្ដល់​ដំណឹង​ពី​ទុក្ខ​លំបាក​របស់​​ពលរដ្ឋ​ទាំងនោះទៅ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ដ​ និង​លោក សត ណា​ឌី ស្នងការ​​នគរបាល​ខេត្ដ​ ​ជា​បន្ទាន់ ​សូមបងប្អូន​កុំ​អាល​ទាន់​​អស់សង្ឃឹម​អី​ ។

លោក នូ ពុទ្ធិ អ្នកសម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ ប្រចាំ​ខេត្ដសៀមរាប ​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ភាព​យុត្ដិធម៌ និង​តម្លាភាព ​។ ​លោក​បន្ដ​ថា ជម្លោះដីធ្លី​នេះ គ្មាន​ការ​ថយ​ចុះ​នោះ​ទេ ​​ប៉ុន្តែ​​ធូ​រស្រាល​ជាង​ឆ្នាំ​២០១៤​ ។

លោក នូ ពុទ្ធិ ឱ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៥​នេះ ដី​ដែល​មាន​វិវាទ​ចំនួន​៦​កន្លែង ​ក្នុង​ចំណោម​ដី​ទំនាស់​ធំ​ៗ ចំនួន​១៤​កន្លែង​នៅ​ខេត្ដសៀមរាប អាជ្ញាធរ​បាន​និង​​កំពុង​ដោះ​ស្រាយ និង​បាន​ចេញ​ស​លាក​បត្រ​ជូន​ពួក​គាត់​រួចរាល់​អស់​មួយ​ចំនួន​ហើយ​ ។​ លោក​បញ្ជាក់​ថា ចំពោះ​សមត្ថកិច្ច​​ដែល​​ចាប់ខ្លួន​សកម្មជន​៤​នាក់ ប៉ុន្ដែ​បាន​ដោះ​លែង​២​នាក់​ឱ្យ​មាន​សេរីភាព​វិញហើយ​ នៅ​សល់​២​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅឡើយ​ ៕ ​