អាជ្ញាធរខេត្ត​: គ្មាន​ការលក់​ឬ​ដោះដូរ​បេនឡាន​ស្វាយ​ទេ គ្មាន​ស ជ ណ​ថ្មី​អី​ទេ​!

បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​នៅតែ​អះអាង​ជាថ្មី​ថា​គ្មាន​ការលក់​ឬដោះដូរ​ឬ​ផ្ទេរ​ចំណត់​រថយន្ត​សិរីសោភ័ណ​(​បេនឡាន​ស្វាយ​)​ទេ គ្មាន​ស ជ ណ​ថ្មី​អី​ដែរ​។​

​ការបញ្ជាក់​បែបនេះ​ចំពេល​លេច​ធ្លាយ​ពាក្យ​ច​ចាម​អារាម​ជាថ្មី​ទៀតថា​ដី​រដ្ឋ​ត្រង់ចំណតរថយន្ត​តូច​និង​ធំ​ឬ​ចំណត​រថយន្តក្រុង​១​ទៀត​ត្រូវ​អាជ្ញាធរខេត្ត​បន្ទាយ​​មានជ័យ​គាំទ្រ​ឬ​ត្រូវ​ថ្នាំ​សណ្តំ​យល់ព្រម​ជាមួយ​ឧក​ញ្ញ៉ា​ជា​អ្នករត់​ការ​និង​ក្រុមហ៊ុនក៏ដូចជា​ឯកភាព​ជាមួយ​ថ្នាក់លើ​អោយគេ​ដោះដូរ​ឬ​លក់​ដើម្បី​អង្កន់​ជា​ល្វែង​​ៗ​ហើយ​។    
   ការស្នើ​ដោះដូរ​ចំណត​បច្ចុប្បន្ន​អាច​ក្រុមហ៊ុន​មនោ​រតន​:​ខន់​ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​នៅខេត្តបន្ទាយមានជ័យ​ជា​អ្នកធ្វើ​ដោយ​ចេញពី​ទីតាំង​ចំនួន​២​។​មួយ​នៅត្រង់​ជាប់​មន្ទីរប្រៃសនីយ៍​ខេត្ត​និង​មួយទៀត​ត្រង់​ជាប់មាត់​ស្ទឹង​សិរីសោភ័ណ​-​ស្ពានថ្ម​សម្តេច​តេជោ​ហ៊ុនសែន​និង​ប្លុក​អគារ​រដ្ឋបាល​មន្ទីរ​នា​នា​។​ទីតាំង​ទាំង​២​ស្ថិត​នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​។​ឯ​ទីតាំង​ថ្មី​មាន​ទំហំ​ប្រហែល​២​ហិច​តា​ស្ថិតនៅ​កណ្តាល​វាលស្រែ​ទំនាប​ម្តុំព្រំប្រទល់​៣​សង្កាត់​នៃ​ក្រុង​សិរីសោភ័ណ​និង​ឃុំ​២​នៃ​ស្រុក​មង្គល​បូរី​(​ខាងត្បូង​ទី​រួមខេត្ត​ជាង​៥-៦​គ​.​ម ក្បែរ​គម្រោង​ផ្លូវជាតិ​លេខ​៥​ថ្មី​វាង​ក្រុង​សិរីសោភ័ណ​) ។​

  បើ​ការដោះដូរ​ឬ​លក់​នោះបាន​មែន ទីតាំង​ចាស់​នឹងត្រូវ​ទុក​អង្កន់​វ៉ៃ​ចេញ​ជា​ផ្ទះល្វែងៗឬ​ជា​ស្តង់​ដែល​តម្លៃ​មួយ​ល្វែងៗ​តិច​ក៏​៦-១០​មឺ​ន​ដុល្លា​សរ​អា​ដែរ​។​​ឯ​ទីតាំង​ថ្មី​ក្នុង​១​ហិច​តា​មានតម្លៃ​ពី​២​ទៅ​៤​មឺ​ន​ដុល្លា​សរ​អា​ប៉ុណ្ណោះ​។​ប៉ុន្តែ​ពលរដ្ឋ អ្នករត់​តាកស៊ីរថយន្ត​ដឹក​អ្នកដំណើរ​ឬ​ក្រុមហ៊ុន​ឡានក្រុង​បាន​ព្រមាន​ថា បើ​អាជ្ញាធរ​នៅតែព្យាយាម​ដោះដូរ​ចំណត​នេះ​ពួកគេ​នឹង​លើកគ្នា​ធ្វើបាតុកម្ម​ដ៏​ខ្លាំងក្លា​។​ហើយ​ផលអាក្រក់​មួយទៀត​គឺ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ទស្សន​:​នយោបាយ​ផងដែរ​។​

 សាក្សី​ថា​បានឃើញ មន្ត្រី​បញ្ជូន​អ្នក​ចុះ​វាស់វែង​ដោយ​ប្រើ​ឧបករណ៍​វាស់វែង​ភូមិ​សាស្ត្រុ​ជី​ភី​អេស​(GPS )​កំណត់​ទីតាំង​និង​ទំហំ​ដី​ចំណត​ហើយ បានជា​មានការ​ផ្អូក​ផ្អើលយ៉ាងនេះ​។​
 
​លោក​ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រាប់​សារ​ព័​ត៍​មាន​ជាថ្មី​ថ្ងៃទី​៧​ធ្នូ​ថា​:បេនឡាន​ស្វាយ​ទាំង​២​ហ្នុ​ង ខាង​ណា​មិនដឹង​ទេ តែ​ខាង​អាជ្ញាធរខេត្ត សូម​អះអាង​ម្តងទៀតថា គ្មាន​ការលក់​គ្មាន​ការដោះដូរ​គ្មាន​ការផ្ទេរ​ឬ​គ្មាន​សជណ​អី​ដែល​ខេត្ត​បានត្រូវរ៉ូវ​ជាមួយ​អ្នករត់​ការ​ឬ​ក្រុមហ៊ុន​និង​យល់ព្រម​តាម​​សម្ពាធ​ខាងលើ​អី​នោះទេ​។​
 
​សូម​រំលឹកថា ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ឬ​ហៅថា​បេនឡាន​ស្វាយ​(២​ទីតាំង​ទាំឡានតូច​និង​ឡានធំ​)​នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​នោះ គឺរាជរដ្ឋាភិបាល​បាល​បានប្រគល់​អោយឈ្មោះ​ឈឿង គី​រី​រ័ត្ន​ន៍​បន្ត​វិនិយោគ​និង​ធ្វើអាជីវកម្ម​ភា​សុ​ី​ចំណត​តាំងពី​ឆ្នាំ​២០០៨​មក​។​

​ក្នុងនោះ​មាន ១-​ទីតាំង​ចំណតរថយន្ត​ធំ​មាន​រាង​ចតុកោណ​ប៉ោង​ទំហំ​សរុប ៦.៥០០ម៉ែត្រក្រឡា ដែល​អ្នកវិនិយោគ​បាន​ចាក់ដី​បំពេញ​ឈូសឆាយ ធ្វើ​ទីតាំង​ចំណត។​និង​២-​ទីតាំង​ចាក់ដី​លើ​ផ្ទៃ​ចំណត សួន​និង​ដី​ប្លុក​២​កន្លែង​មាន​ផ្ទៃក្រឡា៨៩.៣២៧​ម៉ែត្រក្រឡា​។​ហើយ​អ្នកវិនិយោគ​បានធ្វើ​រួចរាល់​ហើយ​​នូវ​ជម្រក​អ្នកដំណើរ​,​ទីស្នាក់ការ​ចំណត​,​បង្គន់​អនាម័យ​,​រៀប​ការ៉ូ​ការ៉ូឡា​,​ដាក់​ប្រព័ន្ធ​លូ​,​ចាក់សាបបេតុង​អា​មេ​,​ធ្វើ​ផ្លូវ​កៅ​។​ល​។​
     
​អាណត្តិ​កិច្ចសន្យា​ឬ​ត្រូវ​អភិវឌ្ឍន៍​បន្ត​គឺ​លោក​ឈឿង គី​រី​រ័ត្ន​ន៍  មាន​សិទ្ធិ​បន្ថែមទុនវិនិយោគ ។​នេះ​បើ​យោង​លិខិត​លេខ​៥០៤៧​សហវ​ទរ​របស់​ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថូ​ចុះ​ថ្ងៃទី​២៣​កញ្ញា​ឆ្នាំ​២០០៨ ក៏ដូចជា​លិខិត​នានា​ដែរ​ដូចជា​សេចក្តី​ជូន​ដំណឺង​លេខ​៧៤៩​សជណ​ចុះ​ថ្ងៃទី​១២​កក្កដា​ឆ្នាំ​២០០៧​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​,​លិខិត​លេខ​១៧៤៦​ខ​ប​ជ​ចុះ​ថ្ងៃទី​៨​មិថុនា​ឆ្នាំ​២០០៧​របស់​សាលាខេត្ត​បន្ទាយមានជ័យ​,លិខិត​លេខ​១៥៧៨​សជណ​ចុះ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០០៧,​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចនាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៤​មិថុនា​ឆ្នាំ​២០០៨​លើ​លិខិត​លេខ​៣២១២​សហវចុះ​ថ្ងៃទី​១៩​មិថុនា​ឆ្នាំ​២០០៨​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

 ចំណារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី​បាន​ឯកភាព​អោយ​ខិតខំ​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីជូន​ដំ​ណឺង​លេខ​៧៤៩​សជណ​ចុះ​ថ្ងៃទី​២៤​មិថុនា​ឆ្នាំ​២០០៤ មក​ម្លេះ​ព្រោះ​បានអនុញ្ញាតិ​រួចហើយ​អោយ​លោក​ឈឿង គី​រី​រ័ត្ន​ន៍ វិនិយោគ​និង​ធ្វើ​អាជីវកម្មចំណតរថយន្ត​តូច​និង​ធំ​ក្រុង​សិរីសោភ័ណ​។​ជា​ចំណតរថយន្ត​​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង​និង​ជំនាន់​បន្តបន្ទាប់​មួយ​នេះ​មាន​ទីធ្លា​ធំ​ទូលាយ មានច្រក​ផ្លូវ​ចេញ​-​ចូល​ច្រើន​និង​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ​។​ចំណត​នេះ​បាន​បំពេញ​កត​ព្វ​កិច្ច​ធ្វើ​អាជីវ​កម្មបង់​ចំណូល​ភាស៊ី​ចូល​ថវិកាខេត្ត​គ្រប់​ចំនួន​និង​មិនដែល​ខកខាន​ឬយឺតយ៉ាវ​ឡើយ​៕R

អាជ្ញាធរខេត្ត​: គ្មាន​ការលក់​ឬ​ដោះដូរ​បេនឡាន​ស្វាយ​ទេ គ្មាន​ស ជ ណ​ថ្មី​អី​ទេ​!

អាជ្ញាធរខេត្ត​: គ្មាន​ការលក់​ឬ​ដោះដូរ​បេនឡាន​ស្វាយ​ទេ គ្មាន​ស ជ ណ​ថ្មី​អី​ទេ​!