អ្នកស្លាប់ដោយសារ​ហូប​សាច់​ឆ្កែ បាន​កើន​ឡើងដល់ ៦ នាក់ និង ៣៦​នាក់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

អភិបាលស្រុក​ស្នួល ខេត្តក្រចេះ លោក គង់ គឹម​នី បាន​ប្រាប់​មុននេះ​ថា អ្នកស្លាប់ ដោយសារ​ការហូប​សាច់​ឆ្កែ ដែល​ត្រូវគេ​បំពុល​ឲ្យ​ងាប់​នោះ បាន​ស្លាប់ ២ នាក់​បន្ថែមទៀត ដូច្នេះ​រហូតមក​ដល់ពេលនេះ ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ៦ នាក់ ខណ​:​អ្នក​ដែល​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ៣៦ នាក់ ។​

​លោក គង់ គឹម​នី បាន​បញ្ជាក់ថា ជនរងគ្រោះ ២ នាក់ (​ប្រុស​) បាន​ស្លាប់ កាលពី​យប់មិញ ដោយ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង ម្នាក់ទៀត​ស្លាប់​នៅផ្ទះ ហើយ​សម្រាប់​អ្នក​ជួយសង្គ្រោះ មាន​ចំនួន ៣៦ នាក់​នោះ មាន ២៨ នាក់​ហើយ បាន​ធូរស្រាល ហើយ​ត្រឡប់ទៅផ្ទះ ជា​បណ្តើរៗ ខណ​: ៨ នាក់​ទៀត នៅ​មិនទាន់បាន​ធូរស្បើយ ហើយ​គ្រូពេទ្យ​ឲ្យ​ស្នាក់នៅ​ដើម្បី​ព្យាបាល​បន្តទៀត នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​ឥឡូវនេះ លោក​កំពុង​ឲ្យ​កម្លាំង​ជំនាញ​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព និង លើ​ស្រា និង សាច់​ឆ្កែ​នោះ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា កាលពី​ថ្ងៃទី ៦ ខែធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវគេ​បំពុល​ឲ្យ ងាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ ។ បន្ទាប់មក​ម្ចាស់​សត្វ​ឆ្កែ​នេះ​បាន​ឲ្យ​កូន​យក​ឆ្កែ​នេះ​ទៅ កប់​ចោល តែ​ក៏ត្រូវ​តា​ម្នាក់​ឈ្មោះ ជា រ៉េត អាយុ ៧៦ ឆ្នាំ បាន​សុំ​ចែក​ទិញ​សត្វ​ឆ្កែ ដែល​ងាប់​មួយ​ក្បាល​នោះ ក្នុងតម្លៃ ៣៥០០០​រៀល ។

បន្ទាប់មក​ជនរងគ្រោះ បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​មក​ផ្ទះ ដើម្បី​ធ្វើ​ម្ហូប​ទទួលទាន ។ ក្រោយពី​ទទួលទាន​រួច នៅ​ល្ងាច​ថ្ងៃ​ដដែល​បុរស​រូបនេះ​ក៏បាន​ស្លាប់ ។ ដោយ​ការស្លាប់​របស់​បុរសរ​ង​គ្រោះ​នោះ គេ​មិនដឹងថា បណ្តាលមកពី​ពុល​សាច់​ឆ្កែ​នោះទេ​។

តែ ក្រោយពី​ជនរងគ្រោះ​ស្លាប់ ក៏មាន​អ្នកភូមិ​ក្នុងភូមិ​ជាច្រើន​នាក់​បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព​នេះ ហើយ​នៅពេល​ចូលរួម​កំដរ​បុណ្យសព នា​យប់​ថ្ងៃទី​៦ ខែ ធ្នូ ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់​ឈ្មោះ ប៊ិន ឡៃ​គេង អាយុ ៥៧ ឆ្នាំ បាន​យក​សាច់​ឆ្កែ ដែល​នៅសល់​ពី​ជនរងគ្រោះ​ទៅធ្វើ​ម្ហូប​ទទួល​អ្នក​មក​កំដរ​បុណ្យ ។ ក្រោយពី​ភ្ញៀវ​ទាំងនោះ​ទទួលទាន​សាច់​នេះ​រួច នៅ​ថ្ងៃ ទី ៧ ខែធ្នូ ស្ត្រី​រងគ្រោះ​ជា​ចុងភៅ​ចំអិន​សាច់​ឆ្កែ​នោះ ក៏​ស្លាប់ និង​ក៏មាន ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ប្រឹង សារ៉ន អាយុ ៣៥ ឆ្នាំ ក៏ត្រូវ​បាន​ស្លាប់​នៅពេល ដែល​បញ្ជូនមក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្នួល ។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ទាំងនេះ ត្រូវបាន​គេ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បណ្តាលមកពី​ពុល​សាច់​ឆ្កែ និង ស្រា រហូត​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន ៥ នាក់ និង ជាង ៣០ នាក់​ទៀត កំពុង​សម្រាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្នួល ។​ហេតុការណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី ៦ បន្ត​រហូតមកដល់​ថ្ងៃទី​០៧ ហើយ​បន្ត​មក​ព្រឹក​ថ្ងៃទី​៨ ខែ​ខែធ្នូ ឆ្នាំ ២០១៥​នេះ នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​៕ សុទ្ធ គឹម​សឿន​

​