ស្រវឹងស្រា កើត​គំនិត​ដុត​ផ្ទះ ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់​

បុរស​វ័យ​ចំណាស់​អាយុ ៦៥ ឆ្នាំ​ម្នាក់​ដែល​ទើបតែ​ដើរចេញ​មកពី​ទាមស្រា​មួយកន្លែង ដែល​នៅក្បែរ​ផ្ទះ​របស់ខ្លួន ក្នុង​សភាព​ស្រវឹង​ដាប​នោះ បាន​ដើរ​ចូលទៅ​ក្នុងផ្ទះ​ហើយ​យក​ដែកកេស​ទៅ​ដុត បណ្តាលអោយ​ឆេះ​អស់ទ្រព្យ សម្បត្តិ​អស់​មួយ​ចំ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅដល់​អ្នករស់នៅ​ជិតខាង និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា ច្រើន​គ្រឿង​ចុះមក​ជួយ​ធ្វើ​អន្តរាកមន៍​បាញ់​ពន្លត់​ទាំង​កណ្តាល​ថ្ងែ​ត្រង់ ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ ៣៤ Eo ផ្លូវ​លេខ ២៦ BT ភូមិ​ត្នោតជ្រុំ​១ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​វ័យ​ចំណាស់ ឈ្មោះ ចាប ម៉ាលី អាយុ ៦៥ ឆ្នាំ ជា​ម្ចាស់ផ្ទះ​បាន​ទៅ​អង្គុយ​ផឹកស្រា​តែម្នាក់ឯង​នៅក្នុង​ទាមស្រា​មួយកន្លែង​ដែល នៅក្បែរ​ផ្ទះ​របស់គាត់​នោះ​តាំងពីព្រឹក​មក​ម្លេះ ។ ដោយ​ក្នុង​សភាព​ស្រវឹងស្រា​ដាប​យ៉ាងខ្លាំង​ទៅហើយនោះ បុរស​វ័យ​ចំណាស់​ខាងលើ​ក៏បាន​ដើរ​ទ្រេត​ពេញ​ផ្លូវ​ចូលទៅក្នុង​ផ្ទះ​និង​ឡើង​ទៅលើ​ឡៅតឿ​ដែល​មានតែ​ប្រពន្ធ​របស់គាត់​កំពុងតែ​សម្រាន្ត​នៅក្នុង​បន្ទប់​នោះ​តែម្នាក់ឯង ហើយក៏​បាន​យក​ដែក​ក​សេស​ទៅ​កេះ​ដុត​គ្រែ​ពូក បណ្តាលឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង មាន​ផ្សែងខ្មៅ​ហុយ​ទ្រលោម​ចេញមកក្រៅ​ផ្ទះ​តែម្តង ។

ភ្លាមនោះ​ក៏បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ជិតខាង​នាំគ្នា​រត់​ទៅយក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ពន្លត់ និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​ចំនួន ៣ គ្រឿង ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​ធ្វើអោយ​ភ្លើង​នោះ​រលត់​ទៅបាន ។ ក្នុងករណី​អគ្គិភ័យ​នេះដែរ​មិនបាន​ធ្វើអោយ​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​ឬ​បណ្តាលអោយមាន​មនុស្ស​ម្នាក់​រងរបួស​ឡើយ ដោយ​គ្រាន់តែ​ឆេះ​អស់​គ្រែ​ពូក និង​សម្ភារៈ​មួយចំនួន​ដែលមាន​នៅក្នុង​បន្ទប់​ឡៅតឿ​នោះ​តែប៉ុណ្ណោះ​៕ (​ប្រភព TV5)