ចំនួន​អ្នក​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរ​ច្រើន​ជាង​គម្រោង

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ដែល​មានការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ធ្នូ កន្លង​ទៅ​នេះ គម្រោង​មាន​អ្នកចូលរួម​តែ​៨.៥០០​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ជនបរទេស​៤.០០០​នាក់ និង​ជនជាតិ​ខ្មែរ​៤.៥០០​នាក់ តែ​ស្ថានភាព​ជាក់ស្ដែង ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​រត់ប្រណាំង​រហូត​ដល់​ទៅ​ជាង​១២.០០០​នាក់​ឯណោះ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បានឱ្យ​ដឹង​ថា តាម​តួលេខ​ដែល​មានការ​កត់ត្រា​ត្រឹមត្រូវ អ្នកចូលរួម​មាន​ចំនួន​៨.៥០០​នាក់ ជនបរទេស​៤.០០០​នាក់ មក​ពី​៧៥​ប្រទេស តែ​ចំនួន​អ្នក​រត់​បាន​កើនឡើង ដោយសារ​តែ​ជនបរទេស​ផ្សេង​ទៀត​ដែល​មក​លេង​អង្គរ ហើយ​ដឹង​ថា​មាន​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង ក៏​សុំ​រត់​ដែរ ដោយ​មិន​បាន​ចុះ​ឈ្មោះ​ជា​មុន និង​បាន​កើនឡើង​រហូត​ដល់​១២.០០០​នាក់ ។

លោក​បន្ត​ថា កាលពី​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើងជា​លើក​ដំបូង មាន​អ្នកចូលរួម​តែ​ជាង​៣០០​នាក់​ទេ ហើយ​ក្នុង​នោះ​ជា​ភ្ញៀវ​ក្នុងស្រុក​សុទ្ធសាធ តែ​ដោយសារ​ការ​ខិតខំ​របស់​យើង និង​ការ​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង ទើប​ព្រឹត្តិការណ៍​នេះ​មាន​ភ្ញៀវ​កើន​ឡើងជា​ប្រចាំ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ។ ម្យ៉ាងទៀត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បច្ចេកទេស​នៃ​ការ​រត់ប្រណាំង​ក៏​បាន​បំពាក់​ឧបករណ៍​ទំនើប​ផង​ដែរ ដោយ​កាលពីមុន​ពាក់​ស្បែកជើង​ធម្មតា និង​មិន​មាន​ឧបករណ៍​តាមដាន​ពី​ភាព​សុក្រឹត​ត្រឹមត្រូវ​របស់​អ្នក​ទទួល​ជ័យ​លា​ភី​ពិតប្រាកដ ។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជានា​យក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​មាន​ប្រសាសន៍​ថា យើង​ពិតជា​មាន​មោទនភាព​ក្រៃ​លែង​ក្នុង​ការ​ឧបត្ថម្ភ​ក៏​ដូច​ជា​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដើម្បី​រៀបចំ​កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រមូល​ថវិកា​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា និង​ជន​ពិការ​ដោយសារ​គ្រាប់​មីន ។

លោក​បន្ត​ថា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នឹង​សហការ​គាំទ្រ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​សម្រាប់​រយៈពេល​៥​ឆ្នាំ​គឺ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥, ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦, ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧,  ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​មាន​៣​ប្រភេទ គឺ ប្រភេទ​២១​គីឡូម៉ែត្រ ប្រភេទ​១០​គីឡូម៉ែត្រ និង​ប្រភេទ​៣​គីឡូម៉ែត្រ ៕