តួកគី កោះហៅ អគ្គរដ្ឋទូតរុស្ស៊ី មកព្រមាន មិនឲ្យ ប្រមាថតួកគីទៀត

ប៉េកាំង៖ ភាពតានតឹងរវាង រុស្ស៊ី និង តួកគី នៅតែបន្តអូសបន្លាយទៅមុខ រហូតមកដល់ថ្ងៃ អង្គារ ទី ០៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ បន្ទាប់ពីរដ្ឋាភិបាលតួកគី បានកោះហៅអគ្គរដ្ឋទូត រុស្ស៊ី ប្រចាំទីក្រុង អង់ការ៉ា មកសាកសួរ និង ជីកឫសគល់ អំពីសកម្មភាពមួយចំនួន ដែលតួកគី សម្លឹងមើលឃើញថា ជាការបង្កហេតុ ដោយរុស្ស៊ី កាលពីចុងសប្តាហ៍មុននេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សារព័ត៌មានតួកគី នៅដើមសប្តាហ៍ នេះ បានចេញផ្សាយនូវរូបភាពមួយចំនួន ស្តីពីនាយទាហានរុស្ស៊ីមួយរូប ឈរនៅលើនាវាចម្បាំង ដែលបំពាក់ដោយឧបករណ៍បាញ់គ្រាប់រ៉ុក្កែត នៅលើស្មារបស់ខ្លួន ដែលមើល ទៅជាការបង្ហាញលក្ខណៈត្រៀមបាញ់ជាស្រេច។

នាវាចម្បាំងរបស់រុស្ស៊ីខាងលើនេះ ត្រូវបានគេដឹងថា បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ បូស ផូ រ៉ូស ដែលជាផ្លូវទឹកឆ្ពោះទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល របស់តួកគី។ រដ្ឋាភិបាលតួកគី បានចាត់ ទុករូបភាពខាងលើនេះ ថាជាការប្រមាថយ៉ាងធ្ងន់ មកលើខ្លួន ស្របពេលដែល លោករដ្ឋមន្ត្រី ការបរទេស ម៉េវលូត កាវូសូគ្លូ ហៅទង្វើនោះថា ជាការបង្កហេតុយ៉ាងច្បាស់ក្រលែត។

គួរបញ្ជាក់ថា តួកគី បានហៅមន្ត្រីទូតរុស្ស៊ី មកព្រមាន និង ហាមមិនឲ្យមាន ទង្វើដូចកាលពី ចុងសប្តាហ៍មុននេះ កើតឡើងម្តងទៀត ជាដាច់ខាត។ នេះជាភាពតានតឹងថ្មី បន្ទាប់ពីតួកគី បាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី កាលពីសប្តាហ៍មុន៕

តួកគី កោះហៅ អគ្គរដ្ឋទូតរុស្ស៊ី មកព្រមាន មិនឲ្យ ប្រមាថតួកគីទៀត