ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​តវ៉ា​សុំ​ផ្អាក​ការ​ចែក​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ​ចំណាក​ស្រុក

តំណាង​សហគមន៍​ជាង ៥០​នាក់​មក​ពី​ភូមិ​ចំនួន​៧ នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ប៊ូស្រា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្អាក​ការ​ចែក​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក ដោយសារ​មាន​ផល​ប៉ះពាល់​ដី​តំបន់​កប់​សព និង​ព្រៃ​តំណម​របស់​ពួក​គាត់។

តំណាង​សហគមន៍ លោក ក្រើង តុលា បញ្ជាក់​ថា មិន​មាន​មន្ត្រី​មូលដ្ឋាន​ណា​ម្នាក់​ចេញ​មុខ​ដោះស្រាយ​ជូន​ពួក​គាត់​ទេ ខណៈ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ មាន​អាជ្ញាធរ​ឃុំ ស្រុក មន្ត្រី​ព្រៃ​ឈើ និង​មន្ត្រី​បរិស្ថាន កំពុង​ចុះ​វាស់វែង​បែង​ចែក​ដី​ជូន​ពលរដ្ឋ​ចំណាក​ស្រុក។

យ៉ាង​នេះ​ក្តី លោក ក្រើង តុលា បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​មិន​បាន​ពិភាក្សា​ជាមួយ​សហគមន៍ ទាក់ទង​ការ​ផ្តល់​ដី​នៅ​តំបន់​នោះ​ទៅ​ជា​ដី​សម្បទាន​នោះ​ទេ។ ហេតុ​នេះ ទើប​អ្នក​ភូមិ​តវ៉ា ដើម្បី​សុំ​ផ្អាក​គម្រោង​នេះ ហើយ​ស្នើសុំ​ត្រួត​ពិនិត្យ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឡើង​វិញ៖ «ប្រជាពលរដ្ឋ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ គាត់​ថា​ស្អែក​គាត់​ត្រឡប់​មក​បន្ត​ទៀត។ គាត់​តវ៉ា​គាត់​សុំ​ឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​សហគមន៍ ព្រោះ​ប៉ះ​លើ​ព្រៃ​ខ្មោច និង​ព្រៃ​តំណម​ពួក​គាត់។ ប្រសិន​ស្អែក ឬ​ខានស្អែក អាជ្ញាធរ​មិន​សហការ គាត់​នឹង​ធ្វើ​បាតុកម្ម ឬ​ធ្វើ​ពាក្យ​ប្ដឹង​បន្ត​ទៀត»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​បាន​ឃ្លាំ​មើល​បញ្ហា​នេះ ចាត់​ទុក​ការ​គេចវេះ​មិន​មក​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ថា​ជា​ចេតនា​រំលោភ​សិទ្ធិ​តស៊ូ​មតិ​ដោយ​អហិង្សា​របស់​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​គួរ​ផ្អាក​ការ​វាស់វែង​ផ្តល់​ដី​សម្បទាន ហើយ​ងាក​មក​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ ដើម្បី​បញ្ចប់​បញ្ហា​ជា​មុន​សិន។

តំណាង​សហគមន៍​អះអាង​ថា នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ អ្នក​ភូមិ នឹង​ប្រមូល​ផ្តុំ​តវ៉ា​ជា​ថ្មី​ទៀត ប្រសិន​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​ផ្អាក​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។