ពលរដ្ឋ​ស្រុក​តំបែរ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​គំរាម​ចាប់​ខ្លួន​ករណី​ទស្សនា​វីដេអូ​ជម្លោះ​ដីធ្លី

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កំពុង​ភ័យ​ខ្លាច ខណៈ​ទទួល​ដំណឹង​ថា ពួក​គេ​នឹង​អាច​ប្រឈម​ការ​ចាប់​ខ្លួន។ ព័ត៌មាន​នេះ ទទួល​បាន​ក្រោយ​ពេល​តំណាង​អ្នក​ភូមិ យក​វីដេអូ​ស្ដីពី​ការ​ទាមទារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ ទៅ​ចាក់​មើល​នៅ​ផ្ទះ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​មួយ​ចំនួន ហើយ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​មើល​វីដេអូ​នោះ ហើយ​ថែម​ទាំង​ចោទ​ពួក​គាត់ ថា​មាន​ចេតនា​បំផុស​បំផុល​អ្នក​ភូមិ​ផ្សេង​ទៀត។ យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

តំណាង​ប្រជាពលរដ្ឋ​យល់​ថា ការ​ចាក់​វីដេអូ​ស្ដីពី​ការ​ទាមទារ​ដីធ្លី គឺ​មិន​មាន​អ្វី​ខុស​ឆ្គង​ឡើយ ហើយ​វា​ក៏​មិន​ពាក់ព័ន្ធ​រឿង​គណបក្ស​នយោបាយ​នោះ​ដែរ ព្រោះ​ថា ព័ត៌មាន​នៃ​វីដេអូ​ទាំង​នោះ បាន​ជួយ​ពង្រីក​ចំណេះ​ដឹង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​ទៀត​ផង។ ពួក​គាត់​ខក​ចិត្ត ក្រោយ​ពេល​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​តាម​ដាន​សកម្មភាព​ពួក​គាត់ ហើយ​ថែម​ទាំង​គំរាម​កំហែង​ដល់​តំណាង​ពលរដ្ឋ​ទាំង​នោះ។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​បុស្សស្នោ លោក ផុន ឈឿន មាន​ប្រសាសន៍​ថា វីដេអូ​ស្ដីពី​ការ​តវ៉ា​រឿង​ដីធ្លី  គឺ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច ជាដើម ហើយ​ពួក​គាត់​ក៏​អាច​ដកស្រង់​បទពិសោធន៍ ឬ​ចំណេះ​ដឹង​ពី​ខ្សែ​វីដេអូ​នោះ​បាន​ទៀត ព្រោះ​ខ្សែ​វីដេអូ​នេះ បង្ហាញ​ពី​ការ​ទាមទារ​សិទ្ធិ​កាន់​កាប់​ដី​របស់​ខ្លួន​ដោយ​សន្តិវិធី និង​អហិង្សា​ពី​ការ​រំលោភ​បំពាន​នានា។ លោក​ថា វីដេអូ​នោះ គឺ​ពួក​គាត់​បាន​នាំ​គ្នា​មើល​កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ហើយ​ទទួល​ព័ត៌មាន​ថា​មាន​ប្រជា​ការពារ​ភូមិ មក​សួរ​នាំ​រឿង​នេះ និង​មាន​ចេតនា​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពេល​មើល​បាន​មួយ​ថ្ងៃ៖ «ខ្ញុំ​មាន​ការ​បារម្ភ​មែន​ទែន​លោកគ្រូ។ បារម្ភ​រឿង​ស៊ីឌី (CD) ហ្នឹង ដោយ​គេ​ចោទ​ខ្ញុំ​ថា​ជន​អី​មួយ ឬ​ចោទ​ខ្ញុំ​ថា​ជា​គណបក្ស​ប្រឆាំង ចង់​បំបែក​បំបាក់​អី​មួយ។ តាម​ពិត ខ្ញុំ​អត់​មាន​បំបែក​បំបាក់​អី​ទេ»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​បុស្សស្នោ លោក សុខ ឌិន មាន​ប្រសាសន៍​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ពីព្រោះ​លោក​ថា គ្រប់​កិច្ចការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​គ្មាន​ការ​រារាំង ឬ​គំរាម​កំហែង​ឡើយ ឲ្យ​តែ​សកម្មភាព​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​លោក​ថា ករណី​នេះ​ជា​ការ​លាប​ពណ៌ ឬ​កាច់​កុង​គ្នា​ទៅ​វិញ​ទេ៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​មាន​ការ​ចាក់​ផ្សាយ​ចាក់​អី គឺ​ខាង​លោក​មិន​បាន​ដឹង​ទេ។ ខាង​អាជ្ញាធរ​មូលដ្ឋាន​អត់​បាន​ដឹង​ទេ គ្រាន់​តែ​ដឹង​ថា បង​ប្អូន​ចាក់​ផ្សាយ អា​ហ្នឹង​ជា​សិទ្ធិ​បង​ប្អូន»

លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់​លើ​អាជ្ញាធរ​ភូមិ​កន្លង​មក តែង​កើត​ឡើង​នៅ​ពេល​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ រួម​មាន បញ្ហា​ដីធ្លី ជាដើម ដោយ​មិន​បាន​ព្រងើយ​កន្តើយ​ទេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រសិន​មាន​ការ​គំរាម​ប្រជាពលរដ្ឋ​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​គាត់​អះអាង គឺ​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព ព្រម​ទាំង​រំលោភ​ទៅ​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទាំង​ផ្នែក​អាន ស្តាប់ និង​ទស្សនា​របស់​អ្នក​ភូមិ​ទៀត​ផង។ លោក​ថា ការ​អាន​ក្តី ការ​ស្តាប់ ការ​ទស្សនា​ក្តី គឺ​ដើម្បី​ពង្រីក​ចំណេះ ឬ​ការ​គិត​ពិចារណា​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​ដកស្រង់​នូវ​រាល់​ចំណុច​ល្អៗ​ពី​អត្ថបទ​ទាំង​នោះ។ ជាង​នេះ​ទៅ​ទៀត ការ​អាន​ក៏​ជា​ផ្នែក​មួយ​ដើម្បី​បណ្ដុះ​គំនិត​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។