ជនរងគ្រោះ៖ ខ្មែរក្រហម ចាប់ខ្លួន ជនជាតិវៀតណាម ដើម្បីដោះដូរអង្ករ និងអំបិល ជាមួយវៀតណាម

ភ្នំពេញ៖ ជនរងគ្រោះ ជាជនជាតិវៀតណាមបានថ្លែងថា ខ្មែរក្រហមបានចាប់ខ្លួន បញ្ជូនជនជាតិវៀតណាមទៅកាន់ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីដោះដូរអង្គរ និងអំបិលជាមួយប្រទេសវៀតណាម។

លោក ជឿង យ៉ាំងចែត បានថ្លែងប្រាប់ងង្គជំនុំជម្រះសាលាដំបូងដូច្នេះ នៅអំឡុងនៃដំណើរការសវនាការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៥ ទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។ លោក ជឿង យ៉ាំងចែត បានថ្លែងថា លោកគឺជាជនរងគ្រោះវៀតណាមម្នាក់ ក្នុងចំណោមច្រើននាក់ ដែលស្ថិតនៅក្នុងសាឡង់ ដែលខ្មែរក្រហមចាប់បញ្ជូន ជនជាតិវៀតណាម ទៅប្រទេសវៀតណាមវិញ។

លោកបន្តថា នៅពេលទៅដល់ប្រទេសវៀតណាម អាជ្ញាធរបានចែកអង្ករឱ្យហូប និងបានបន្តស្នាក់នៅ ក្នុងប្រទេសវៀតណាម រហូតដល់ឆ្នាំ ១៩៨២ ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក ជឿង យ៉ាំងចែត បានថ្លែងថា លោកត្រូវបានខ្មែរក្រហម ចាប់យកទៅសម្លាប់ជាមួយក្រុមគ្រួសារគាត់ ដោយបានវាយលោក ចំនួនបីខ្នងពូថៅ ប៉ុន្តែលោកមិនស្លាប់ដោយត្រឹមតែសន្លប់ ធ្លាក់ចូលក្នុងរណ្តៅសាកសពរួម។

លោកបានរៀបរាប់ ប្រាប់តុលាការថា លោកមានឪពុកម្តាយ ជាជនជាតិវៀតណាម មានកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងថា នៅកន្លែងដែលគាត់រស់ នៅមានប្រជាជនវៀតណាមប្រមាណ ៣០គ្រួសារ ដែលរស់នៅលាយឡំ ជាមួយក្រុមគ្រួសារខ្មែរ។

លោកបានរស់នៅ ក្នុងទីរួមខេត្តកំពង់ឆ្នាំង ១ខែ ក្រោយមកក៏ត្រូវបាន ខ្មែរក្រហមជម្លៀសបន្តទៅកាន់ភូមិដា។ គេស្រែកថា «ជយោ! សម្តេចឪ នរណាមិនទៅកាប់ចោល! អ្នកនៅលើគោកទៅតាមគោក ហើយអ្នកនៅលើទឹកទៅតាមទឹក»។ លោកបានថ្លែងថា អ្នកដែលត្រូវជម្លៀស ចេញនោះមានប្រមាណ ១០០០ គ្រួសារ ហើយផ្ទះដែលធ្លាប់មនុស្សរស់នៅ ត្រូវបានក្រុមខ្មែរក្រហមដុតកម្ទេចចោល។

លោកបានថ្លែងថា ខ្មែរក្រហមបានវាយគាត់ ចំនួនបីខ្នងពូថៅនៅលើកញ្ចឹងករបស់គាត់។ លោកត្រូវបានគេបង្ខំ ឱ្យលុតជង្គង់នៅមុខរណ្តៅ និងបានទាញជើងគាត់ថយក្រោយ បន្ទាប់មកយកពូថៅវាយទម្លាក់ចូលក្នុងរណ្តៅ លោកបានសន្លប់។ លោកថ្លែងថា លោកបានដឹងខ្លួន ប្រមាណជាម៉ោង ៤ រសៀល ហើយក្បាលគាត់បានហើម និងខិតខំប្រឹងដើរទៅរកភូមិអ្នកស្រុក ដែលមានជនជាតិវៀតណាមដើម្បីលាក់ខ្លួន។

សាក្សីម្នាក់ទៀត គឺលោក ព្រុំ សារុន មានអាយុ ៧៤ ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានថ្លែងលោកបានបម្រើការងារ ក្នុងក្រុមកងតូចនៃវរៈលេខ ២ របស់ខ្មែរក្រហម។ សាក្សីក៏បានរៀបរាប់ប្រាប់អង្គជំនុំជម្រះថា បានឃើញពីការចាប់ខ្លួន ទៅលើជនជាតិវៀតណាម នៅក្នុងភូមិរបស់លោក ដោយកម្មាភិបាលខ្មែរក្រហមក្មេងៗ ដែលមានស្ពាយកាំភ្លើងអូសដី។

លោកបានថ្លែងថា ជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួន ត្រូវបានយកទៅសម្លាប់ចោល។ លោកថា នៅក្នុងតំបន់របស់ លោកមានជនជាតិវៀតណាមរស់នៅ និងនិយាយភាសាខ្មែរមិនច្បាស់។ លោកបានថ្លែងថា លោកបានឃើញ សាកសពមនុស្សស្អុយរលួយ។ សាក្សីបានថ្លែងថា នៅពេលដែលឃើញដូច្នេះ លោកមិនហ៊ានសួរនាំពីបញ្ហានេះទេ ហើយសូម្បីតែមេរបស់លោក ក៏មិនបានប្រាប់លោកដែរ៕

ជនរងគ្រោះ៖ ខ្មែរក្រហម ចាប់ខ្លួន ជនជាតិវៀតណាម ដើម្បីដោះដូរអង្ករ និងអំបិល ជាមួយវៀតណាម

ជនរងគ្រោះ៖ ខ្មែរក្រហម ចាប់ខ្លួន ជនជាតិវៀតណាម ដើម្បីដោះដូរអង្ករ និងអំបិល ជាមួយវៀតណាម