ពលរដ្ឋ​៣៤៥​នាក់​មក​ពី​៣​ស្រុក​​ហែ​ក្បួន​តវ៉ា​មុខ​សាលាខេត្ត​កោះកុង

ខេត្តកោះកុង ៖ ចាប់ពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ធ្នូ ២០១៥ ពលរដ្ឋ​ចំនួន​៣៤៥​នាក់​មក​ពី​៣​ស្រុក មានស្រុក​ស្រែអំបិល ស្រុក​បុ​ទុម​សាគ និង​ស្រុក​គិរី​សាគរ រួម​នឹង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​ដូច​ជា​អា​ដ​ហុ​ក លី​កាដូ បាន​ដង្ហែ​ជា​ក្បួន​កូដកម្ម​នៅ​ក្នុង​ទីរួមខេត្ត​កោះកុង ពិសេស​នៅ​មុខ​សាលាដំបូង និង​សាលាខេត្ត​​កោះ​កុង​តែ​ម្តង ។

ក្រុម​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ី​វិល បាន​ធ្វើការ​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​រវាង​ពួក​គាត់​(​ពលរដ្ឋ​) ​ព្រម​ទាំង​មាន​ដាក់​ញត្តិ​ផ្ញើ​ជូន​ទៅ​ស្ថាប័ន​ចំនួន​៥​ផ្សេង​ៗ​គ្នា​គឺ ទី​១-​សុំ​ឲ្យ​មានការ​ដោះ​លែង​សកម្មជន​របស់​អង្គការ​ធម្មជាតិ​ចំនួន​៣​នាក់ ដែល​មានឈ្មោះ ស៊ី​ម សំណាង​, ឈ្មោះ សាន់ ម៉ា​ឡា និង​ឈ្មោះ ទ្រី សុវិជ្ជា ដែល​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា អ៊ី​វ ត្រាយ ចេញ​ដីកាឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​បំផ្លាញ និង​រារាំង​ការ​ធ្វើ​អាជីវកម្ម​បូ​ប​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​បុ​ទុម​សាគរ និង​រារាំង​ដំណើរ​រដ្ឋបាល​របស់​អាជ្ញាធរ​ស្រុក​នេះ​ទៀត​ផង ។ ទី​២-​ញត្តិ​តវ៉ា​ចំពោះ​មន្ទីរ​រ៉ែ និង​ថាមពល សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​ខុស​ចំណុច​ដែល​មន្ទីរ​បាន​កំណត់​(​ក្រៅ​ទីតាំង​ដែល​បាន​កំណត់​) ។ ទី​៣-​សុំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឆ្វៀល​ដី​ដែល​ក្រុមហ៊ុន​វិនិយោគ​រំលោភ​យក ប្រគល់ និង​ចេញ​ប្លង់​ឲ្យ​ពួក​គាត់ ។ ទី​៤-​សុំ​ឲ្យ​មន្ទីរ​បរិស្ថាន ពិនិត្យ​ផល​ប៉ះពាល់​ចំពោះ​សកម្មភាព​នានា ទាំង​ការ​វិនិយោគ​ដី​ព្រៃ​សម្បទាន ក៏​ដូច​ជា​ការ​បូ​ប​ខ្សាច់​ជាដើម និង ទី​៥-​សុំ​ឲ្យ​មន្ទីរ​កសិកម្ម ពិនិត្យ​ផល​ប៉ះពាល់​ទៅ​លើ​ព្រៃកោងកាង និង​ព្រៃឈើ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំងមូល ។

ទោះជា​យ៉ាងណា ការ​តវ៉ា​នេះ​បាន​អូស​បន្លាយ​រហូត​ដល់​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ដោយ​សាលា​ខេត្តកោះកុង​បាន​ហៅ​មន្ទីរ​ពាក់ព័ន្ធ​មក​ប្រជុំ​រក​ដំណោះស្រាយ​ទល់មុខ​គ្នា​ជាមួយ​តំណាង​ពលរដ្ឋ​ចំនួន​១០​នាក់ ប៉ុន្តែ​នៅ​មិន​ដឹង​ថា​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ៕