ស្ត្រី​ម្នាក់ បីកូន​ស្រី​អាយុ ៥​ខែ មកពី​ខេត្តបាត់ដំបង តាមរក​ព្រះសង្ឃ​មួយអង្គ ហើយ​ចោទថា បំផើម​នាង​ចោល រួច​គេច​មក​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: ស្ត្រី​ម្នាក់ បាន​អះអាងថា មក​ភូមិ​រកា ឃុំ​ឱ​ម៉ា​ល់ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​បីកូន​ស្រី​អាយុ ៥​ខែ មកជា​មួយ​ផង​នោះ បាន​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយ​ព្រាល ស្រុក​រា​លា​ប្អៀ​រ អោយជួយ​អន្តរាគមន៍​រក​ព្រះសង្ឃ​មួយអង្គ​ឈ្មោះ រិ​ន ត្រូវជា​ឪពុក​ក្មេងស្រី ដែល​នាង​យកមក​ជាមួយនេះ​។

​ស្ត្រី​ខាងលើនេះ បាប​ប្រាប់​ប៉ូលិស​ថា នាង​មាន​អាយុ ២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​រកា ឃុំ​ឱ​ម៉ា​ល់ ស្រុក​សង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន មានកូន​ស្រី​១ ដែល​ទើបនឹង​កើត​បាន​ជិត ៥​ខែ​ហើយ​។

​នាង​បាន​រៀបរាប់​អោយដឹងថា កាលពី​ជាង ១​ឆ្នាំមុន រូបគេ​បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​ជាមួយ​ព្រះសង្ឃ​មួយអង្គ ឈ្មោះ រិ​ន មាន​ព្រះជន្ម ២៩​ព្រះវស្សា គង់នៅ​វត្ត​រកា ក្នុងភូមិ​ឃុំ​ខាងលើ​។ ការទំនាក់ទំនង​រវាង​នាង​នឹង​ព្រះសង្ឃ​អង្គ​នោះ កាន់តែ​ស្និទ្ធ​ទៅៗ ហើយ​ព្រះសង្ឃ​អង្គ​នោះ តែងតែ​និមន្ត​មកលេង​ផ្ទះ​របស់​នាង​ជា​ញឹកញាប់​ផងដែរ នៅពេលដែល​ម្តាយ និង​ឪពុក នាង​មិន​នៅផ្ទះ​។ ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយនឹង​ព្រះសង្ឃ​នេះ កាន់តែ​ស៊ីជម្រៅ រហូត​នាង​មាន​ផ្ទៃពោះ​។
​ក្រោយពី​បានដឹងថា នាង​មាន​ផ្ទៃពោះ ព្រះសង្ឃ​កំហូច​នោះ បានគេច​ខ្លួន​ពី​វត្ត​រកា មក​ស្នាក់នៅ​វត្ត​ស្ទឹង ស្ថិតក្នុង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ខាងលើ បាន​អោយដឹងទៀតថា ក្រោយពី​ម្តាយ​របស់​នាង​បានដឹងថា នាង​មាន​ផ្ទៃពោះ ៤​ខែ​ហើយ​នោះ គាត់​ក៏​មក​តាមរក​ព្រះសង្ឃ ឈ្មោះ រិ​ន នោះ អោយទទួល​ខុសត្រូវ ប៉ុន្តែ​រក​អត់​ឃើញ ដោយសារ​សង្ឃ​កំហូច​នោះ គេចខ្លួន​។ ស្រាប់តែ​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ព្រះសង្ឃ​ឈ្មោះ​រិ​ន​នោះ បាន​ទូរស័ព្ទ​ទៅរក​នាង ដោយបាន​ជជែក​គ្នា​យ៉ាងយូរ និង​បាន​ប្រាប់​អោយ នាង​យក​កូន​មក​បង្ហាញមុខ​ទៀតផង ប៉ុន្តែ​នៅពេល​មកដល់​ព្រះសង្ឃ អង្គ​នោះ​បិទ​ទូរស័ព្ទ និង គេចខ្លួនបាត់​ទៀត ទើប​នាង​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​តែម្តង​។

​ប៉ូលិស​ប៉ុស្តិ៍​បន្ទាយ​ព្រាល បានអោយដឹងថា នៅក្នុង​វត្ត​ស្ទឹង ពិត​ជាមាន​ព្រះសង្ឃ​មួយអង្គ មាន​ព្រះនាម រិ​ន ប្រាកដ​មែន ប៉ុន្តែ​ព្រះសង្ឃ​អង្គ​នេះ បានគេច​ខ្លួន កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ គឺ​នៅមុន​ពេលដែល​ស្ត្រី​នោះ មកដល់​៕