​មាន​ដឹង​ទេ​ថា​ការឈប់​ញ៉ាំ​ស្ករ​វា​ល្អ​ដូច​ម្តេច​ខ្លះ​?

​មាន​ដឹង​ទេ​ថា​ការឈប់​ញ៉ាំ​ស្ករ​វា​ល្អ​ដូច​ម្តេច​ខ្លះ​?

​តើ​មាន​នរណា​ទៅ​ដែល​ថា​មិន​ចូល​ចិត្ត​ស្ករ សូម្បី​តែ​ក្នុង​ការនិយាយស្តី​ក៏​គេ​ត្រូវការ​ពាក្យ​ផ្អែមល្ហែម​ដែរ​។ ក៏ប៉ុន្តែ​ជាតិ​ផ្អែម​មិនមែន​មាន​តែ​នៅក្នុង​ស្ករ​ឯណា ផ្លែឈើ​និង​បន្លែបង្កា​ក៏មាន​ជាតិ​ផ្អែម​ដែរ ហើយ​វា​មិន​ធ្វើឱ្យ​កើត​ជំងឺ​ផង​។​

​តទៅ​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការឈប់​ញ៉ាំ​ស្ករ​។​

១- ទម្ងន់​របស់​រាងកាយ​នៅ​ស្ថេរ​
គេ​ប្រើ​ស្ករ​នៅក្នុង​ការធ្វើ​ចំណី​អាហារ​មួយ​ចំនួន​ដើម្បី​ឱ្យ​វា​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ញ៉ាំ​បាន​ច្រើន ដែល​ជាហេតុ​ធ្វើឱ្យ​ឡើង​ធាត់​។​
​កាលណា​អ្នក​កាត់បន្ថយ​ស្ករ​នៅក្នុង​ចំណីអាហារ ទម្ងន់​របស់​អ្នកនឹង​នៅ​ស្ថេរ មិន​ឡើង​ធាត់​ឬ​ចុះ​ស្គម​ទេ​។ វា​អាច​ជា​ការពិបាក​នៅក្នុង​ពេល​មុន​ដំបូង ក៏​ប៉ុន្តែ​វា​មិន​ជា​អ្វី​ទេ​ដល់​យូរៗ​ទៅ​។​

២- វា​នឹង​ធ្វើឱ្យ​អ្នក​ឈប់​ចង់​ញ៉ាំ​ស្ករ​តទៅទៀត​
សូមបញ្ជាក់​ថា យើង​មិនមែន​ឈប់​ញ៉ាំ​ផ្អែម​ទាំងស្រុង​ទេ តែ​ឈប់​ញ៉ាំ​ស្ករ​ដែល​គេ​ចម្រាញ់​ចេញពី​រុក្ខជាតិ​មក​(​ស្ករស ស្ករត្នោត ស្ករ​អំពៅ​) ហើយ​យើង​ញ៉ាំ​ស្ករ​ធម្មជាតិ​ដែល​ទទួលបាន​ពី​បន្លែ​និង​ផ្លែឈើ      វិញ​។ វា​នឹង​ធ្វើឱ្យ​យើង​ឈប់​ចង់​ញ៉ាំ​ស្ករ​គ្រាប់ ឬ​សូកូឡា ហើយ​បែរ​មក​ញ៉ាំ​ផ្លែឈើ​វិញ ដែល​ល្អ​ជាង​។​

៣- អ្នក​នឹង​មាន​ថាមពល​រឹងមាំ​ជាង​
នៅពេល​អស់កម្លាំង យើង​ច្រើន​តែ​ជ្រើសរើស​យក​ដំណោះស្រាយ​លឿន​រហ័ស ដោយ​ញ៉ាំ​ស្ករ​ឬ​សូកូឡា ឬក៏​ញ៉ាំ​ភេសជ្ជៈ​លើក​កម្លាំង​ផ្សេងៗ ដែល​ធ្វើឱ្យ​យើង​មាន​កម្លាំង​ឡើង​វិញ​ភ្លាម​។ ក៏​ប៉ុន្តែ​ការធ្វើ​បែប​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយ ព្រោះ​ស្ករ​វា​នឹង​រារាំង​សមត្ថភាព​របស់​រាងកាយ​មិន​ឱ្យ​ថែរក្សា​ថាមពល​នៅក្នុង​ខ្លួន​បាន​។ ម្យ៉ាងទៀត វា​នឹង​ធ្វើឱ្យ​បាត់​សមតា​នៅក្នុង​ឈាម អាច​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​បាន​។​

៤- ដំណើរការ​រំលាយ​អាហារ​នឹងមាន​លំនឹង​ល្អ​
ការឈប់​ញ៉ាំ​ស្ករ​ហើយ​បែរ​មក​ញ៉ាំ​ផ្លែឈើ​និង​បន្លែ ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វា​នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់តែ​ល្អប្រសើរ ហើយ​អាច​ជៀសវាង​ជំងឺ​នៅក្នុង​ការរំលាយ​អាហារ ដូចជា​រាក ឬ​ទល់លាមក បាន​ផង​ដែរ​។​

៥- ស្បែក​នឹង​ទៅ​ជា​ស្រស់ថ្លា​
ពួក​អ្នក​ស្រាវជ្រាវ​នៅ​អាមេរិក​បាន​ធ្វើ​ការសិក្សា​ទៅលើ​អ្នកស្ម័គ្រចិត្ត​ចំនួន​២០​នាក់ ដែល​យល់ព្រម​អត់​មិន​ញ៉ាំ​ស្ករ​ក្នុង​រយៈពេល​២​ខែ​។ គេ​បាន​សង្កេតឃើញថា ស្បែក​របស់​គេ​បាន​ប្រែ​ទៅជា​ស្រស់ថ្លា មិនសូវមាន sebum ច្រើន​ពេក​ទេ ហើយ​ក៏​បាត់​មុន​អស់​ដែរ​។​

ដូច្នេះ អ្នក​គួរតែ​ឈប់​ញ៉ាំ​ស្ករ​ចម្រាញ់ ហើយ​បង្កើន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ដោយ​បែរមក​ញ៉ាំ​ផ្លែឈើ​និង​បន្លែ     វិញ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។