មាន​ដឹង​ទេ​ថា​រន្ធ​ផ្ចិត​ជា​ទីប្រជុំ​នៃ​មេរោគ​?

មាន​ដឹង​ទេ​ថា​រន្ធ​ផ្ចិត​ជា​ទីប្រជុំ​នៃ​មេរោគ​?

​តាម​ធម្មតា ការ​ងូតទឹក​យ៉ាងតិច​ម្តង​ក្នុង​១​ថ្ងៃ​អាច​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ដើម្បី​សម្អាត​រាងកាយ លុបបំបាត់​ភាពកក្វក់​និង​មេរោគ​ដែល​គេ​ទទួល​បាន​ពេញ​មួយថ្ងៃ​។ ក៏ប៉ុន្តែ មាន​កន្លែង​មួយ​ដែល​នៅតែ​មិន​ស្អាត​ទេ​ជាមួយ​នឹង​ការ​ដែល​គ្រាន់តែ​ងូតទឹក​ធម្មតា នោះ​គឺ​រន្ធ​ផ្ចិត ដែល​ទាមទារ​ថា​ត្រូវធ្វើ​ការលាង​សម្អាត​បន្ថែមទៀត​។​

​ផ្ចិត​គឺជា​សំណល់​នៃ​ជាលិកា​ទងផ្ចិត​ដែល​ត​ភ្ជាប់​ទារក​ក្នុង​ផ្ទៃ​ទៅ​នឹង​សុក​របស់​ម្តាយ ដើម្បី​ទទួលយក​សារជាតិ​ចិញ្ចឹម​។ ថនិកសត្វ​ទាំងអស់​សុទ្ធតែ​មាន​ផ្ចិត​នេះ​។ កាលណា​គេ​កាត់​ទង​បាត់ទៅ ស្បែក​ដែល​សេសសល់​នៅ​ក្លាយទៅជា​ផ្ចិត ដែល​មាន​រាង​ប្លែកៗ​។​

រន្ធ​ផ្ចិត​គឺជា​ជម្រក​ធំ​មួយ​សម្រាប់​មេរោគ ដែល​ការ​ងូតទឹក​ធម្មតា​មិន​អាច​លាង​សម្អាត​បានឡើយ​។ សរសៃ​នៃ​សម្លៀក​បំពាក់ ញើស កោសិកា​ងាប់​របស់​ស្បែក កាកសំណល់​នៃ​ប្រេង​លាប​ខ្លួន​នានា មក​កក​នៅក្នុង​រន្ធ​ផ្ចិត​នេះឯង​។ ការសិក្សា​នៅ​កាណាដា​មួយ​ដែល​គេ​ចុះផ្សាយ​នៅក្នុង the Toronto Star បាន​ប្រាប់​ឱ្យដឹងថា គេ​បាន​រកឃើញ​មាន​បាក់តេរី​រហូតដល់​ទៅ​១,៤០០​ប្រភេទ​នៅក្នុង​រន្ធ​ផ្ចិត​!

ដូច្នេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការសម្អាត​រន្ធ​ផ្ចិត​ឱ្យបាន​ល្អ ជៀសវាង​ការបង្ក​ជំងឺ​ផ្សេងៗ​។​

ចំពោះ​រន្ធ​ផ្ចិត​ដែល​លិប​៖
​មុន​ពេល​ងូតទឹក យក​សំឡី​ត្បារ​ត្រចៀក​មួយ​មក​ជ្រលក់​អាល់កុល ជូត​សម្អាតរ​ន្ធ​ផ្ចិត​ឱ្យ​សព្វ​កន្លែង​។ ដល់​ពេល​ងូតទឹក យក​សំឡី​មួយទៀត​ជ្រលក់​សាប៊ូ ជូត​សម្អាតរ​ន្ធ​ផ្ចិត​ម្តងទៀត​។ រួច​ហើយ​បាញ់​ទឹក​ក្តៅ​ឧណ្ហៗ​លាង​សម្អាត​។ ជូត​រន្ធ​ផ្ចិត​ឱ្យ​ស្ងួត​សិន សឹម​ងូតទឹក​ដូច​ធម្មតា​។​

ចំពោះ​ផ្ចិត​ដែល​លៀន​៖
​អ្នក​មិន​ចាំបាច់​ជូត​ដោយ​អាល់កុល​ទេ គឺ​គ្រាន់តែ​យក​កូនកន្សែង​ជ្រលក់​សាប៊ូ យក​មក​ជូត​សម្អាត បាន​ហើយ​។ ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឱ្យ​ស្ងួត​សិន សឹម​ងូតទឹក​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។