អាជ្ញាធរ​ស្រុក​ស្នួល​អំពាវ​នាវ​អ្នក​ពុល​ស្រា​ស​និង​សាច់​ឆ្កែ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ

អាជ្ញាធរ​ស្រុក​ស្នួល ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​សាច់​ឆ្កែ បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​កើន​ឡើង ៥​នាក់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល ជាង ៤០​នាក់​ទៀត។ អាជ្ញាធរ​ប្រកាស​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ បាន​សន្និដ្ឋាន​ជា​បឋម​ថា មនុស្ស​ស្លាប់ និង​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នេះ បណ្ដាល​មក​ពី​អ្នក​ភូមិ​បរិភោគ​សាច់​ឆ្កែ​មាន​សារធាតុ​ពុល អំឡុង​ពេល​ពួក​គេ​បាន​ពិសា​កំដរ​រោង​បុណ្យ។

អាជ្ញាធរ​ស្រុក​ស្នួល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល កំពុង​អង្កេត​ពី​មូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​ពុល។

អធិការ​ស្រុក​ស្នួល លោក ចាន់ សុខគីង កត់​សម្គាល់​ថា កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ អ្នក​ភូមិ​ម្នាក់​បាន​ទិញ​ឆ្កែ​មួយ​ក្បាល ដែល​គេ​បំពុល​ឲ្យ​ស្លាប់​មក​បរិភោគ។ បន្ទាប់​ពី​បរិភោគ​រួច ពលរដ្ឋ​មាន​អាការៈ​ចុក​ពោះ ក្អួត និង​វិល​មុខ។ លោក​ថា បន្ទាប់​ពី​មាន​បុរស​ម្នាក់​ស្លាប់ ដែល​ការ​ស្លាប់​នេះ អ្នក​ភូមិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្ដាល​មក​ពី​អ្វី​នោះ​ឡើយ។ គ្រួសារ​បុរស​ដែល​ស្លាប់ បាន​យក​សាច់​ឆ្កែ​ដដែល​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​ពិធី​បុណ្យ​សព​បុរស​នោះ បរិភោគ​ទៀត ក៏​បង្ក​ឲ្យ​អ្នក​ភូមិ​ពីរ​នាក់​ទៀត​ពុល​ស្លាប់ និង​ជាច្រើន​នាក់​មាន​អាការៈ​មិន​ប្រក្រតី។ លោក​ថា នគរបាល​កំពុង​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​សាច់​ឆ្កែ​ដែល​គេ​បំពុល​ស្លាប់ និង​ស្រា​ក្នុង​ពិធី​បុណ្យ​សព​មួយ​នេះ ឋិត​នៅ​ភូមិ​ស្នួលកើត ឃុំ​ស្នួល ស្រុក​ស្នួល៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង ក្រោយ​ពី​យើង​សង្ស័យ​លើ​ម្ហូប និង​ស្រា​ហ្នឹង យើង​ក៏​បាន​វេច​ខ្ចប់​ម្ហូប​ដែល​នៅ​សល់ និង​ស្រា​ដែល​នៅ​សល់​ហ្នឹង បាន​បញ្ជូន​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ហើយ ដើម្បី​ឲ្យ​ជំនាញ​គាត់​ពិសោធ និង​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ»

ការ​ពុល​សាច់​ឆ្កែ​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្លាប់​ជា​បន្តបន្ទាប់​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ធ្នូ មាន​ពលរដ្ឋ ៥​នាក់​ហើយ​បាន​ស្លាប់។ ចំនួន​ពលរដ្ឋ​ដែល​មាន​អាការៈ​មិន​ប្រក្រតី ៤៣​នាក់ បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល។ បន្ទាប់​ពី​ការ​ព្យាបាល​អ្នក​ភូមិ​ទាំង​នោះ បាន​វិល​ត្រឡប់​មក​គេហដ្ឋាន​វិញ​ជា​បណ្ដើរៗ។ នគរបាល​ស្រុក​ស្នួល នៅ​មិន​ទាន់​ជូន​ដំណឹង​ដល់​គ្រួសារ​ជន​រងគ្រោះ អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ពី​មូលហេតុ​នៃ​ការ​ស្លាប់ និង​ជាច្រើន​នាក់​កំពុង​សង្គ្រោះ ថា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ បើ​ក្រៅ​ពី​ការ​សង្ស័យ​ថា មក​ពី​ពុល​សាច់​ឆ្កែ​នោះ។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី កត់​សម្គាល់​ថា អាការៈ​នៃ​អ្នក​ជំងឺ​ដែល​ស្លាប់​ចំនួន ៥​នាក់ បន្ទាប់​ពី​បរិភោគ​សាច់​ឆ្កែ មាន​សភាព​បែក​ពពុះ​មាត់ និង​ចុក​ពោះ ហាក់​បីដូចជា​ត្រូវ​ថ្នាំ​ពុល។ លោក​ថា អ្នក​ភូមិ​ពីរ​នាក់​ស្លាប់​ជា​បន្ត​ទៀត​កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយសារ​តែ​ពួក​គាត់​មិន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​ករណី​នេះ​ដល់​អ្នក​ភូមិ ឲ្យ​ប្រុង​ប្រយ័ត្ន​បរិភោគ​សាច់​ឆ្កែ​ដែល​គេ​បំពុល ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ករណី​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។ លោក​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​ដល់​អ្នក​ដែល​ចូលរួម​កំដរ​បុណ្យ​សព​ទាំងអស់ មក​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល ជា​កំហិត៖ «ឲ្យ​ប៉ូលិស​ប្រកាស​តាម​ភូមិ ក៏ដូចជា​ប្រកាស​អាសន្ន ឲ្យ​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​បុណ្យ​មក​ពេទ្យ។ ទោះ​ជា​មាន​អាការៈ​វិល​មុខ​បន្តិចបន្តួច​ក៏​ត្រូវ​មក​ពេទ្យ​ដែរ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ស្រាវជ្រាវ​ពី​ឫសគល់ និង​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​រក​ឃើញ​ពី​មូលហេតុ​ឲ្យ​ជាក់លាក់​ទាក់ទិន​ករណី​នេះ ជាពិសេស​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន ចៀសវាង​កុំ​ឲ្យ​កើត​មាន​បាតុភាព​នេះ​ជា​ថ្មី​ទៀត៖ «អាជ្ញាធរ​គ្រាន់​តែ​សន្និដ្ឋាន​ទេ តែ​យើង​ចង់​ឲ្យ​ច្បាស់​ថា​អា​ហ្នឹង​មក​ពី​ស្អី»

ករណី​ពុល​ស្លាប់ និង​ជាច្រើន​នាក់​មាន​អាការៈ​មិន​ប្រក្រតី​នៅ​ខេត្ត​ក្រចេះ កើត​មាន​ជា​លើក​ទី​ពីរ​ហើយ។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ពលរដ្ឋ​រស់នៅ​ភូមិ​ចារថ្នោល ឃុំ​សំបូរ នៃ​ស្រុក​សំបូរ ចំនួន ២​នាក់​ស្លាប់ និង​ជាង ៣០​នាក់​ផ្សេង​ទៀត​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ ដោយ​សង្ស័យ​ថា ពលរដ្ឋ​ទាំង​នោះ​ពុល​ស្រា​ស អំឡុង​ពេល​ពួក​គាត់​បាន​ពិសា​កំដរ​បុណ្យ​ក្នុង​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។