កម្មករ​រោងចក្រ​កាត់ដេរ​ខេត្ត​កំពង់ស្ពឺ​បន្ត​ដួល​សន្លប់​ជាង​៧០​នាក់​ទៀត

កម្មករ​រោងចក្រ​ដេរ​សំលៀកបំពាក់​ឈ្មោះ​សេរី(Cerie) ស្ថិត​ក្នុង​ឃុំ​ចំបក់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ​បន្ត​ដួល​សន្លប់​ជាង​៧០​នាក់​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ បន្ទាប់​ពី​កម្មករ​ដួល​សន្លប់​ជាង​៤០​នាក់កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ដោយសារ​ធុំ​ក្លិន​ថ្នាំ​សម្លាប់​សត្វ​ល្អិត ក្នុង​រោងចក្រ​នេះ។

កម្មការិនី​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​លោកស្រី ជុំ សុខផេង ថ្លែង​ឲ្យ​ដឹង​ថា លោកស្រី និង​កម្មករ​ផ្សេង​ទៀត​​ចូល​ធ្វើការ បាន​តែ​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ លោកស្រី​ក៏​ចាប់​ផ្ដើម​វិល​មុខ និង​ណែន​ទ្រូង ហើយ​អ្នក​ដទៃ​ទៀត​ក៏សន្លប់​បន្ត​បន្ទាប់ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ។

លោកស្រី ជុំ សុខផេង បញ្ជាក់​ថា កម្មករ​ទាំងអស់​ក៏​ស្ទាក់ស្ទើរ​ចូល​ក្នុង​រោងចក្រ ដោយ​ខ្លាច​ដួល​សន្លប់​ ប៉ុន្តែ​ភាគី​រោងចក្រ​អះអាង​ថា គេ​បាន​សម្អាត​ក្លិន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​អស់​ហើយ កម្មករ​ក៏​ព្រម​ចូល​ធ្វើ​ការវិញ។

លោកស្រី ជុំ សុខផេង បន្ត​ថា ចាប់​ពីថ្ងៃ​ទី​៨ ធ្នូ នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១១ ធ្នូ រោងចក្រ​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក ដោយ​ឲ្យ​មក​បើក​ប្រាក់​ខែ នៅ​ថ្ងៃ​ទី​៩ ធ្នូ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ភាគី​រោងចក្រ​ដើម្បី​សុំ​សួរ​បញ្ជាក់​ពី​បញ្ហា​កម្មករ​ដួល​សន្លប់​នេះ​បាន​ទេ នៅថ្ងៃទី៨ធ្នូ។

ប៉ុន្តែ​ប្រភព​ពី​កម្មករ​បញ្ជាក់​ថា ការ​ពុល​ក្នុង​រោងចក្រ​នេះ​មិន​បណ្ដាល​ឲ្យ​កម្មករ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។