សហគមន៍​នៅ​ខេត្ត​ក្រចេះ​ស្នើ​ឲ្យ​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន​និង​យុត្តិធម៌

បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ចំនួន​៥ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ក្រោម​ប្រធានបទ "យើង​ទាំងអស់​គ្នា​ត្រូវ​ការ​សិទ្ធិ​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌។

ស្រប​គ្នា​នេះ សហគមន៍ មន្ត្រី​សង្គម​ស៊ីវិល អាជ្ញាធរ​ស្រុក​ស្នួល ជនជាតិ​ដើម​ភាគ​តិច និង​សិស្សានុសិស្ស​ចំនួន ៦៥៣​នាក់ ចូលរួម​ទិវា​នេះ ដើម្បី​ជា​សារ​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន និង​យុត្តិធម៌។

តំណាង​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ ហៅ​កាត់​ថា ស៊ី.ភី.អិន (CPN) អ្នកស្រី មុំ សាគីន ថ្លែង​ថា បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​ប្រារព្ធ​ទិវា​នេះ ដើម្បី​ជា​សារ​បង្ហាញ​ឲ្យ​ពលរដ្ឋ​ទូទៅ​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព ដូចជា សិទ្ធិ​នយោបាយ សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​រស់​រាន​មាន​ជីវិត ជាដើម។

អ្នកស្រី​បន្ត​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នៅ​តែ​ខ្លាច​រអា​ក្នុង​ការ​បញ្ចេញ​មតិ​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់ ខណៈ​ពួក​គាត់​កំពុង​មាន​វិបត្តិ​ដីធ្លី ជាដើម។ អ្នកស្រី មុំ សាគីន បន្ថែម​ថា មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង​មិន​ឲ្យ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នេះ៖ «សព្វថ្ងៃ​ហ្នឹង គាត់​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពេញលេញ​នៅ​ឡើយ​ទេ។ គាត់​នៅ​មាន​ការ​ភ័យ​ខ្លាច ពិសេស​គឺ​ប្រារព្ធ​ទិវា​អ៊ីចឹង កន្លែង​ខ្លះ​ដែល​យើង​បាន​ជម្រាប ហើយ​អញ្ជើញ​គាត់​អត់​សូវ​ហ៊ាន​ចូលរួម​ទេ ហើយ​មាន​បុគ្គល​ជា​អាជ្ញាធរ​ខ្លះ ដែល​គាត់​មិន​យល់​ពី​ច្បាប់ គាត់​អាច​បង្អាក់​អ្នក​ចូលរួម​មិន​ឲ្យ​ចូលរួម»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។