ម្តាយ នី មុនីនាថ ទម្លាយ​រឿង​ភ្ជាប់ពាក្យ​របស់​កូនស្រី​

នី មុនីនាថ ដែល​កន្លងមក​តែងតែ​ច្រានចោល​នូវ​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក សូ​ឡាំង ជា​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក ថា​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា និង ជា​មិត្តភក្តិ​នោះ ពេលនេះ​នាង​ហាក់​ហា​ស្តី​និយាយ​លែងចេញ​ហើយ ព្រោះ​អ្វី​បាន​លាតត្រដាង​អស់ហើយ ។

​បើតាម​សារ​ព័ត​មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា គេ​បានទទួល​រូបថត​ភ្ជាប់ពាក្យ​របស់ នី មុនីនាថ និង លោក អ៊ុង សូ​ឡាំង ពី​ប្រភព​កៀក​ជិត​បំផុត​នឹង​តារា​ស្រី​ម្នាក់នេះ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០១៥ ។ ហើយ​ប្រភព​ដែល​បាន​បន្ត​ប្រាប់​សារព័ត៌មាន​នោះ​ទៀតថា ពួកគេ​ទាំងពីរ​បានរៀបចំ​ភ្ជាប់ពាក្យ​យ៉ាង​ស្ងាត់ៗ និង ត្រឹមត្រូវ​តាម​ទម្លាប់​តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ មកម្ល៉េះ ដោយមាន​ការលើក​ជំនូន ស្តីដណ្តឹង និង បំពាក់​ចិញ្ចៀន​ផងដែរ ។​

​ទាក់ទង​នឹង​រឿង​ស្នេហ៍​រវាង​តារា​ទឹកភ្នែក នី មុនីនាថ និង បុរស​រស់នៅ​ឯនាយសមុទ្រ​លោក សូ​ឡាំង ដែល​កន្លងមក​មាន​ព័ត៌មាន​ថា​អ្នក​ទាំងពីរ​មាន​សម្ពន្ធភាព​ស្នេហា​លើសពី​មិត្ត​រាប់ អាន​គ្នា​ធម្មតា ហើយ​លួច​ភ្ជាប់ពាក្យ​ស្ងាត់ៗ​នេះដែរ ឥឡូវនេះ​លែង​ជា​អាថ៌កំបាំង​តទៅទៀត​ហើយ ព្រោះ​ថ្មីៗ​នេះ ម្តាយ​របស់​ស្រី​ស្អាត​រូបនេះ​បាន​ទទួលស្គាល់ថា​កូនស្រី​របស់គាត់​បាន​ភ្ជាប់ពាក្យ​តាម​ក្រម​ប្រពៃណី​ពិតប្រាកដ​មែន គឺ​តាំងពី​ខែមេសា ឆ្នាំ ២០១៥ មកម្ល៉េះ ។ ហើយ​ចំពោះ​រឿង​រៀបការ អ្នកស្រី សុភា​លី ម្តាយ​របស់ នី មុនីនាថ បានឱ្យដឹង​ដែរ​ថា នៅ​មិនទាន់​កំណត់ពេល​ច្បាស់លាស់​នៅឡើយ ចាំ​ដល់ពេល​នឹង​ភ្ញាក់ផ្អើល​តែម្តង ៕ សាកល​