រុស្ស៊ី​យក UN មក​កៀប​តួ​ក​គី​រឿង​អន្តរាគមន៍​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​

​សកម្មភាព​យោធា​របស់​តួ​ក​គី​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​បានក្លាយ​ជា​រឿងចម្រូងចម្រាស ក្រោយ​តួ​ក​គី​បាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់ និង​ក្រោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទាមទារ​ឲ្យ​តួ​ក​គី​ដកទ័ព​ខ្លួន​ចេញពី​ទឹកដី​ខ្លួន​។ ឥឡូវនេះ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​ដែល​កំពុង​ច្បាំង​នៅ​ស៊ី​រី​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នោះ ទាញ​អង្គការ​ក្រុមប្រឹក្សាសន្តិសុខ​មក​កៀប​តួ​ក​គី​ម្តង​ដើម្បី​ឲ្យ​រដ្ឋ​មួយ​នេះ​បញ្ឈប់​សកម្មភាព​យោធា​ខ្លួន​។

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មន្ត្រីការទូត​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អះអាងថា រដ្ឋាភិបាល​រុស្ស៊ី​ប្រហែលជា​នឹង​ឆ្លៀតឱកាស ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​បិទទ្វារ​ដើម្បី​ពិភាក្សា​ពី​សកម្មភាព​យោធា​របស់​តួ​ក​គី​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។

​គេ​រំពឹងថា កិច្ចប្រជុំ​បន្ទាន់ តែ​បិទទ្វារ​នេះ​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ​អង្គារ ដោយ​សហរដ្ឋអាមេរិក​នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។ ហើយ​សំណុំរឿង​តួ​ក​គី​បាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់ និង​ការបញ្ជូន​ទ័ព​ទៅកាន់​កាប់​ទឹកដី​អ៊ីរ៉ាក់​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា អាច​នឹង​ក្លាយជា​ប្រធានបទ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ប្រទេស ១៥​នេះដែរ​។

​រុស្ស៊ី​ឥឡូវនេះ​ស្រាប់តែ​ងាក​មក​អូស​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​តួ​ក​គី​ដែល​ក្រអឺត​ក្រ​ទោម ហ៊ាន​បាញ់​ទម្លាក់​យន្តហោះ​ខ្លួន​កន្លងមក​។ របប​ដឹកនាំ​ក្រេ​ម​ឡាំង​បន្ត​ការពារ​ខ្លួន​ថា យន្តហោះ​ដែល​តួ​ក​គី​បាន​បាញ់​នោះ ហោះ​ក្នុង​ដែនអាកាស​ស៊ី​រី ទេ ហើយ​វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​ព្រោះ​យន្តហោះ​ខ្លួន​តាម​កម្ចាត់​ក្រុម​ភេរវជន​ប៉ុណ្ណោះ​។ តែ​លោកខាងលិច​ដូចជា​សហរដ្ឋអាមេរិក​នៅ​រក្សា​ជំហរ​ការពារ​តួ​ក​គី ព្រោះ​រុស្ស៊ី​រំលោភ​ដែនអាកាស​របស់គេ​ម្តង​ជា​ពីរដង ហើយ​ម្យ៉ាង​គេ​អះអាងថា​គ្មាន​ទ័ព​ក្រុម​រដ្ឋ​ឥស្លាម​ឯណា​នៅតាម​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​ឡើយ​។

​តួ​ក​គី​ប្រឈម​នឹង​សម្ពាធ​ច្រើន ព្រោះ ក្រៅពី​ការស្នើសុំ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី រដ្ឋាភិបាល​អ៊ីរ៉ាក់ ក៏​ត្រៀម​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ប្តឹង​ក្រុមប្រឹក្សាសន្តិសុខ ឲ្យ​ចាត់វិធានការ​ប្រឆាំង​តួ​ក​គី​ផងដែរ បើសិនជា​តួ​ក​គី​មិន​ព្រម​ដកទ័ព​ចេញពី​តំបន់ Mosul ក្នុង​រយៈពេល ៤៨​ម៉ោង​នោះ​។​

 អ៊ីរ៉ាក់​បាន​ចោទប្រកាន់​តួ​ក​គី​ថា កំពុង​ព្យាយាម​រំលោភ​អធិបតេយ្យ​របស់ខ្លួន ដោយ​បញ្ជូន​ទ័ព​យ៉ាងច្រើន​មកកាន់​កាប់​ទឹកដី​ខ្លួន​ដោយ​គ្មាន​ការ​អនុ​ញ្ញា​សោះ​។ ប៉ុន្តែ​តួ​ក​គី​ថា ខ្លួន​មកកាន់​អ៊ីរ៉ាក់​ក្នុង​បំណងល្អ​ទេ ពោលគឺ​ជួយ​បង្វឹក​ទ័ព​ឃឺ​ត​ដើម្បី​ចេញ​ច្បាំង​ដណ្តើម​ទឹកដី​ពី​ក្រុម​ដែ​ស្ហ​វិញ​។

 កន្លងមក​រុស្ស៊ី​ព្យាយាម​បរិហារ​ក្រុមគ្រួសារ​និង​របប​ដឹកនាំ​លោក Recep Tayyip Edorgan ថា​បាន​ឆ្លៀតឱកាស​រកស៊ី​ប្រេង​ខុសច្បាប់​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ហើយ​រុស្ស៊ី​បានបង្ហាញ​ខ្សែរ​អាត់​វីដេអូ និង​ភ័ស្តុតាង​ជាច្រើន​ដែល​អាច​បកអាក្រាត​ជំនួញ​ខុសច្បាប់​របស់​តួ​ក​គី​នេះ​បាន​។ ប្រមុខរដ្ឋ​តួ​ក​គី បាន​តប​វិញ​ដែរ​ថា បើសិន​មាន​ភ័ស្តុតាង​អាច​បញ្ជាក់​ច្បាស់​បែបនេះ​មែន លោក​ក៏​សុខចិត្ត​ចុះចេញ​ពី​តំណែង​ដែរ​។ 


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​