គណបក្ស​ប្រឆាំង​នៅ​ប្រទេស​​វ៉េណេស៊ុយអេឡា​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​មិន​នឹក​ស្មាន​ដល់

គណបក្ស​ប្រឆាំង​នៅ​ប្រទេស​​វ៉េណេស៊ុយអេឡា​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​មិន​នឹក​ស្មាន​ដល់

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​អបអរសាទរ​នៅ​ពេល​បិទ​ការិយាល័យ​បោះ​ឆ្នោតជ្រើស​រើស​សមាជិក​សភា ក្នុង​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥។

មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ (Venezuela)​ និយាយ​ថា​គណបក្ស​ប្រឆាំង​ បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​នៅក្នុង​ប្រទេស​នោះ ដោយ​បាន​ផ្តួល​គណបក្ស​សង្គមនិយម​ដែល​កំពុង​កាន់​អំណាច។

ក្រុម​មន្ត្រី​និយាយ​ថា​ គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ចំនួន​១១០ ក្នុង​ចំណោម​អាសនៈ​សរុប​១៦៧ នៅ​ក្នុង​សភាជាតិ​វ៉េណេស៊ុយអេឡា។ រី​ឯ​គណបក្ស​សង្គម​និយម​ទទួល​បាន​ត្រឹមតែ​៥៥​អាសនៈ​ប៉ុណ្ណោះ។ ​អាសនៈ​ពីរ​ទៀត​កំពុង​ត្រូវ​បាន​កំណត់​ដោយ​មន្ត្រី​រៀបចំការ​បោះឆ្នោត ដោយសារ​ពួកគេ​មិន​ទាន់​រាប់​សំឡេង​ឆ្នោត​អស់​នៅ​ឡើយ។

ការ​ឈ្នះ​តែ​ពីរ​អាសនៈ​ទៀត​នោះ ​នឹង​ធ្វើ​ឲ្យ​សម្ព័ន្ធ​នៃ​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​២ភាគ​៣​នៅក្នុង​សភា។ ការណ៍​នេះ​នឹងមាន​ន័យ​ថា សភា​អាច​បញ្ឈប់​ការ​ងារ​ចៅ​ក្រម​នៅ​តុលាការ​កំពូល​បាន ឬ​ក៏​អាច​កោះ​ហៅ​ប្រធានាធិបតី​មក​សួរ​ដេញ​ដោល​ ឬ​ក៏​សូម្បី​តែ​អនុញ្ញាត​ឲ្យ​សភា​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​ក៏​បាន​ដែរ។

មិន​ថា​គណបក្ស​ប្រឆាំង​ នឹង​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់​ខាត​ឬ​ក៏​អត់​នោះ​ទេ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​ជា​បរាជ័យ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​អ្នក​សង្គមនិយម​ដែល​បាន​គ្រប់​គ្រង​ប្រទេស​វ៉េណេស៊ុយអេឡា​ អស់​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ​នោះ។ មេដឹក​នាំ​បក្ស​ប្រឆាំង​បាន​ប្តេជ្ញា​ចិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​នឹង​ប្រើប្រាស់​សំឡេង​ភាគ​ច្រើន​របស់​ខ្លួន​នៅ​រដ្ឋ​សភា​នេះ ដើម្បី​ដោះ​លែង​គូ​បដិបក្ស​នៃ​រដ្ឋាភិបាល​សង្គម​និយម​ដែល​កំពុង​ជាប់​ពន្ធនាគារ៕