អ្នកភូមិ​នៅ​ខេត្តក្រចេះ ហូប​សាច់​ឆ្កែ បាន​ស្លាប់​កើន​ដល់ ៥​នាក់ និង​ជាង ៣០ នាក់​ទៀត កំពុង​សង្គ្រោះ​

ក្រចេះ: ​គិត​ត្រឹម​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ យ៉ាងហោចណាស់ មាន​អ្នកភូមិ​ដែល​ហូប​សាច់​ឆ្កែ បាន​ស្លាប់​កើន​ដល់ ៥​នាក់ ខណៈដែល​កាលពី​ម្សិលមិញ ស្លាប់​ចំនួន​៣​នាក់​។ រីឯ​ជាង ៣០ នាក់​ផ្សេងទៀត កំពុងតែ​ស្ថិតក្នុង​ការសង្គ្រោះ​។

​មូលហេតុ ដោយសារតែ​ការពុល​សាច់សត្វ​ឆ្កែ បន្ទាប់ពី​អ្នកភូមិ​ទាំងនោះ បាន​ទទួលទាន​សាច់សត្វ​ឆ្កែ ដែល​ត្រូវបាន​គេ​បំពុល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។ ហេតុការណ៍ ពុល​សាច់​ឆ្កែ​ស្លាប់ និង​ដេកពេទ្យ​នោះ បានកើត​ឡើង នៅក្នុង​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​អាជ្ញាធរ​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា អ្នកស្លាប់ និង​អ្នករងគ្រោះ​ទាំងនោះ បាន​កើតឡើង​ក្រោយពី​ពួកគាត់ បានទទួល​ទាន​សាច់​ឆ្កែ​មួយ​ក្បាល ដែល​គេ​បំពុល​ឲ្យ​ងាប់​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៦ ខែធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល ត្រូវគេ​បំពុល​ឲ្យ​ងាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ​។ បន្ទាប់មក មាន​បុរស​អ្នកភូមិ​ម្នាក់ បាន​សុំ​ចែក​ទិញ​ឆ្កែ​នោះ ក្នុងតម្លៃ ៣៥.០០០ រៀល​។ បុរសរងគ្រោះ​នោះ បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ មក​ផ្ទះ ដើម្បី​ធ្វើ​ម្ហូប​ទទួលទាន​។ ក្រោយពី​ទទួលទាន​រួច នៅ​ល្ងាច​ថ្ងៃទី​៦​ធ្នូ បុរស​រូបនោះ ក៏បាន​ស្លាប់​។ ការស្លាប់​របស់​បុរស​រងគ្រោះ​នោះ គេ​មិនដឹងថា បណ្តាលមកពី​ពុល​សាច់​ឆ្កែ​នោះទេ​។​

​ក្រោយពី​បុរស​រូបនោះ ស្លាប់ អ្នកភូមិ​ក្នុងភូមិ​ជាច្រើន​នាក់ បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព​បុរស​នោះ ហើយ​កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់ បាន​យក​សាច់​ឆ្កែ ដែល​នៅសល់​ពី​ជនរងគ្រោះ ទៅធ្វើ​ម្ហូប​ទទួល​អ្នក​មក​កំដរ​បុណ្យ​។ ក្រោយពី​ទទួលទាន​សាច់​ឆ្កែ​នោះ​រួច នៅ​ថ្ងៃទី​៧ ខែធ្នូ ក៏មាន​ស្ត្រី ២ នាក់​ទៀត បាន​ស្លាប់​ជា​បន្តបន្ទាប់​។ រីឯ​មនុស្ស​ជាង ៣០ នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្រុក​ស្នួល​៕​