កម្ពុជា​ស្នើ​ឲ្យ​កូរ៉េ​ជួយ​បណ្ដុះបណ្ដាល​លើ​ការបង្ការ​ពន្លត់​អគ្គិភ័យ​នៅតាម​អគារ​ខ្ពស់ៗ​

ភ្នំពេញ:  លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​បានស្នើ​ឲ្យ​កូរ៉េ​ជួយ​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​កម្ពុជា​លើ​ការបង្ការ​ពន្លត់​អគ្គិភ័យ នៅតាម​អគារ​ខ្ពស់ៗ ។ មានប្រសាសន៍​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក Lee Kang Woo កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង បាន​មានប្រសាសន៍ថា ដោយសារ​ប្រទេស​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ហើយ​វិស័យ​សំណង់​មានការ​កើនឡើង ដូចនេះ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​សំណង់​អគារ ខ្ពស់​ជាច្រើន​កំពុង​រីកដុះដាល ។ លោក​បាន​បន្ត ដោយសារ​សមត្ថភាពរ​បស់​មន្ត្រីនគរបាល និង​ជាពិសេស​សម្ភារៈ​បច្ចេកទេស មធ្យោបាយ ការបង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៅមានកម្រិត ដូចនេះហើយ​លោក​ក៏បាន​ស្នើសុំ​ដល់​ភាគី​កូរ៉េ​ជួយឧបត្ថម្ភ គាំទ្រ ទាំង​សម្ភារៈ​បច្ចេកទេស មធ្យោបាយ និង​ធនធាន​ដល់​កម្ពុជា ។​

​ឆ្លើយតប​នឹង​សំណើ លោក Lee Kang Woo បាន​មាន​ថ្លែងថា នៅ​ប្រទេស​កូរ៉េ​កាលពីមុន​ក៏បាន​ជួបប្រទះ​នូវ​បញ្ហា​នេះដែរ ហើយ​ថ្ងៃនេះ​លោក​ក៏បាន​នាំនូវ​អ្នកជំនាញ​មក​ផងដែរ ហើយ​លោក​នឹងសិក្សា ពី​បញ្ហា​ទាំងអស់នេះ និង​សហការ​ផ្ទាល់​ជាមួយ​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ ក៏បាន​ថ្លែ​អំណរគុណ​ដល់​គណៈប្រតិភូ និង​ជូនពរ​ដល់​គណៈប្រតិភូ​បំពេញភារកិច្ច​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ​ប្រកបដោយ​ជោគជ័យ និង​ត្រឡប់​ទៅវិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ៕