​សង្សារ​នាង​ខ្ញុំ​ខ្ចីប្រាក់​ច្រើន​មិន​សង តើ​គួរ​គិត​បែបណា ?

​មាន​ទំនាក់ទំនង​ជាមួយគ្នា​បាន ១ ឆ្នាំ ទឹកប្រាក់​ដែល​គាត់​បាន​ខ្ចី នាង​ខ្ញុំ​បាន​កើន​ដល់​ជិត ២ ពាន់​ដុល្លារ នេះ​មិន​រាប់បញ្ចូល​ទាំង​ការខ្ចី​ម្តង ១០ ដុល្លារ ម្តង ៥ ដុល្លារ ជា​ហូរហែ ហើយ​ចុង​ក្រោយនេះ​គាត់​ផ្ញើ​សារ​មក​ខ្ចី នាង​ខ្ញុំ ៥០០ ដុល្លារ​ទៀត ។ គាត់​ជា​បុរស​ដំបូង​របស់​នាង​ខ្ញុំ តែ​ស្នេហា​របស់​យើង​ទាំងពីរ​មាន​អាយុ ១ ឆ្នាំ​ទៅហើយ​នាង​ខ្ញុំ​នៅតែ​យល់ថា ដូចជា​នៅ​ស្រមើស្រមៃ​ខ្លាំងណាស់ ថ្វីបើ​គាត់​មិនដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ពិបាកចិត្ត​ក្នុង​រឿង​ស្នេហា គឺមាន​តែ​ពី​រឿង​ប្រាក់កាស​ប៉ុណ្ណោះ ។

នាង​ខ្ញុំ​កំពុងធ្វើការ​ឱ្យ​ក្រុមហ៊ុន​មួយ ហើយ​នាង​ខ្ញុំ​តែង​យកប្រាក់​ដែល​បើក​បាន​ទៅ​ផ្ញើ​ធនាគារ​សន្សំ​សម្រាប់​ថ្ងៃមុខ ព្រោះ​ឪពុកម្តាយ​នាង​ខ្ញុំ​ប្រាប់ថា ទុក​ប្រាក់ខែ​របស់​នាង​ខ្ញុំ​ឱ្យ​នាង​ខ្ញុំ​កាន់ ។ ប្រាក់ខែ​ដែល​សន្សំ​នៅ​ធនាគារ​បាន​កើនឡើង​ច្រើន ប៉ុន្តែ​រយៈពេល ជិត​មួយឆ្នាំ​មកនេះ​ខ្ទង់​ប្រាក់​នៅក្នុង​គណនី​របស់​នាង​ខ្ញុំ​បាន​ថយចុះ​ជិត​ពាក់កណ្តាល​ទៅហើយ ដោយសារតែ​ដក​ឱ្យ​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​ខ្ចី ។ ពេល​ទើប​ស្គាល់​គាត់​ដំបូង​ហើយ​បាន​ស្តាប់​នូវ​អ្វីដែល​គាត់​និយាយនាង​ខ្ញុំ​ពិតជា​ចូលចិត្ត​គាត់ ហើយ​ជឿជាក់ថា បុរស​ដូច​គាត់​នឹង​ក្លាយជា​ទីពឹង​ដ៏​រឹងមាំ​សម្រាប់អនាគត​របស់​នាង​ខ្ញុំ ប៉ុន្តែ​នាង​ខ្ញុំ​បែរជា​ក្លាយទៅជា​ទីពឹង​របស់គាត់​ទៅវិញ ។

បន្ទាប់ពី​បាន​ស្គាល់គ្នា​ប្រហែល ៤ ខែ គាត់​ក៏​បាត់បង់​ការងារហើយ នេះ​ក៏​ប្រហែលជា​មូលហេតុ​ដែលនាំឱ្យ​គាត់​ចេះតែ​ខ្ចីប្រាក់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​មិនដឹងថា ខែ​ឆ្នាំ​របស់​នាង​ខ្ញុំ និង គាត់​ត្រូវ​គ្នា ឬ អត់​នោះទេ តែ​ក្រោយពី​បាន​ទាក់ទង​គ្នា​មួយរយៈគាត់​រក​ការងារ​ធ្វើ​មិនបាន​សោះ ។ ពេលនេះ​គាត់​បាន​ផ្ញើ​សារ​មក​នាង​ខ្ញុំ ដើម្បី​សុំ​ខ្ចីប្រាក់ ៥០០ ដុល្លារ​ទៀត ហើយ​នាង​ខ្ញុំ​មិនដឹងថា​ត្រូវ សម្រេចចិត្ត​បែបណា​ជាមួយនឹង​ស្នេហា​នេះ ?

​ចំពោះ​នារី​មាន​វិបត្តិ

អ្វីៗ​ទាំងអស់​នៅក្នុង​លោក​នេះ​សុទ្ធសឹងតែ​ជា​របស់​មិន​ទៀង ជា​របស់​ដែល​ពិបាក​កំណត់​បាន​នូវ​អនាគត ប៉ុន្តែ​ខ្សែ​ចាប៉ី​ប្រសិន​ធូរ​ពេក​វា​នឹងមិន​ពីរោះ ហើយ​បើ​តឹង​ពេក​វា​ក៏​នឹង​ដាច់ ដូច្នេះ​អ្វី​ទាំងអស់​ដែល​ល្អ គឺ​សុទ្ធតែ នៅត្រង់​ចំណុចកណ្តាល ។​ ប្រជាប្រិយ​សូម​លើក​អំពី​រឿង​អាយុ​មក​និយាយ​បន្តិច​ដើម្បី​កុំឱ្យ​ក្មួយ​ស្រី​នៅតែ​ចង់​ទម្លាក់កំហុស​ទៅលើ​អប្បិយ​ជំនឿ ។ រឿង​ថ្ងៃ ខែ ឬ អាយុ​មិន ត្រូវ​គ្នា មិនមែនជា​កត្តា​សំខាន់​នោះឡើយ ព្រោះ​វា​គ្រាន់តែ​ជា​ជំនឿ​អរូបី​ដែល មិន​ប្រកបដោយ​វិទ្យាសាស្ត្រ​ម្យ៉ាង​វា​គ្រាន់តែ​ជាការ​ស្មាន​របស់​អ្នក​ជំនាន់ មុន​តែប៉ុណ្ណោះ ដូច្នេះ​ក្មួយ​ស្រី​កុំ​គិត​រឿង​អប្បិយ​ជំនឿ​ខ្លាំងពេក ។

ងាក​មក​និយាយ​អំពី​ប្រភេទ​បុរស​ដែលជា​សង្សារ​ដំបូង​របស់​ក្មួយ​ស្រី តាម​ខ្ញុំ​យល់​បុរស​នេះ​ប្រហែល​មាន​អាថ៌កំបាំង​អ្វីមួយ​ដែល​ក្មួយ​មិនទាន់​ដឹង​ក្នុងនោះ​គាត់​អាចជា​មនុស្ស​ញ្ញៀន​នឹង​ល្បែង​អ្វីមួយ​ធ្វើឱ្យ​គាត់​ពិបាក​នឹង សម្រេចចិត្ត​ទៅរក​ការងារ​ធ្វើ ទើប​បណ្តាលឱ្យ​គាត់​នៅតែ​ដើរ​ទាត់​ខ្យល់ ជាង​កន្លះ​ឆ្នាំ​មកនេះ ។ ថ្វីបើ​ទីផ្សារការងារ​នៅ​ស្រុក​យើង​ចង្អៀត​បន្តិច​មែន ប៉ុន្តែ​ឱ្យតែ​ចង់​ធ្វើការ​គេ​នឹង​អាច​រកបាន​ភ្លាម ខ្លាច​ក្រែងតែ​គាត់​នោះ​រើស អើ​ង​ការងារ​តែប៉ុណ្ណោះ ។ បើ​និយាយ​អំពី​មនោសញ្ចេតនា​ស្នេហា គេ​គួរតែ​គោរព​គ្នា​ទៅវិញ​ទៅ មក ហើយ​គួរតែមាន​ភាពច្បាស់លាស់​បន្តិច​នៅពេល​ពាក់ព័ន្ធ​នឹង​រឿង​ប្រាក់ កាស «​ខ្ចី​គឺ​ត្រូវ​សង​ឱ្យ​គឺ​ឱ្យ​» ប៉ុន្តែ​ការ​ហ្មត់ចត់​នេះ​មិនគួរ​ប្រព្រឹត្ត​ទៅគ្រប់ កាលៈទេសៈ និង តឹងតែង​ហួសហេតុ​នោះដែរ ។

យ៉ាងណាក៏ដោយ​បុរស ដែល​ក្មួយ​កំពុង​ស្រឡាញ់​ហាក់ដូចជា​ស៊ី​ខ្សែលើ​ចំពោះ​ក្មួយ​ពេក​ហើយ​ពាក់ព័ន្ធ នឹង​ប្រាក់កាស ។ ខ្ចីប្រាក់​ជិត​ពីរពាន់​ដុល្លារ​ហើយ នៅតែ​ខ្ចី​បន្ត​បែបនេះ វា​ជា​រឿង​មិន​សម​ហេតុផល ប្រសិនបើ​ក្មួយ​ស្រី និង គាត់​នោះ​ជា​កូន​ក្នុងគ្រួសារ​អ្នកមាន​នោះ វា​មិនជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​នេះ​ក្មួយ​ស្រី​ក៏​ជា​អ្នកធ្វើការ​ឱ្យគេ ដូច្នេះ​ខ្ទង់​ប្រាក់​នេះ​ពិតជា​មិនតិច​នោះទេ ។ គាត់​ហាក់​កំពុង ដើរ​ហួស​ព្រំដែន​បន្តិច​ហើយ ! ខ្ញុំ​មិន​ចង់​ថាឱ្យ​ក្មួយ​ស្រី​ផ្តាច់​ស្នេហ៍​ពី​គាត់​តែ​ក្មួយ​ស្រី​គួរតែ​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​ស្នេហា​នេះ ដោយ​ចាប់ផ្តើម​ពិនិត្យ​ទៅលើ អាថ៌កំបាំង​រប​ស់បុរ​ស​នេះ ។ ក្មួយ​ត្រូវ​ស្វែងយល់​មូលហេតុ​ដែលនាំឱ្យ​គាត់មិនទាន់មាន​ការងារ​ធ្វើ និង ទំនាក់ទំនង​នានា​របស់គាត់ ហើយ​ចុងក្រោយទើប​ធ្វើការ​សម្រេចចិត្ត ៕