មហាអំណាច​ចិន​ដាក់​មូលដ្ឋានទ័ព​នៅ​អាហ្វ្រិក​ដើម្បី​ពង្រឹង​អំណាច​យោធា​នៅ​បរទេស

​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រីក​ដែន​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​អាហ្វ្រិក​និង​ទាញយក​ប្រយោជន៍​ពី​តំបន់​សម្បូរ​ធនធានធម្មជាតិ​នេះ​។ ក្រៅពី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​របស់​រដ្ឋ​អាហ្វ្រិក ចិន​ក៏​ចាប់ផ្តើម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយ​អាហ្វ្រិក​ដែរ​។ កន្លងមក​ក្រុង​ប៉េកាំង​ប្រកាស​បញ្ជូន​ទ័ព​ទៅ​រក្សា​សន្តិសុខ​នៅ​អាហ្វ្រិក ហើយ​នៅពេលនេះ​ចិន​បាន​សិទ្ធ​បង្កើត​មូលដ្ឋាន​យោធា​ជើង​ទឹក​នៅ​ប្រទេស ជី​ប៊ូ​ទី (Djibouti) ថែមទៀត​។ គេ​ឆ្ងល់​ថា ហេតុអ្វី​ចិន​ជ្រើសរើស​ទ្វីបអាហ្វ្រិក​ដើម្បី​ដាក់​មូលដ្ឋានទ័ព​ដំបូង​បំផុត​របស់ខ្លួន​?

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ហ្វ្រិ​ក​-​ចិន​នៅ Johannesburg អា​ហ្រិ្វ​ក​ខាងត្បូង​កាលពី​ចុង​សប្តាហ៍​មុន មេដឹកនាំ​អាហ្វ្រិក​និង​ចិន​បាន ដាក់ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហាញ​ពី​យន្តការ​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រួមគ្នា ។ មុន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ប្រធានាធិបតី​ចិន​បាន​ឡើង​ប្រកាស​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​៦០​ពាន់​លាន​ដុល្លារ​សម្រាប់​គាំទ្រ​ការអភិវឌ្ឍន៍​នៅ​អាហ្វ្រិក​ដោយ ជំរុញ​ទំនើបកម្ម​កសិកម្ម គម្រោង​ឧស្សាហូបនីយកម្ម អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយ​វិស័យ​សុខាភិបាល លើកកម្ពស់​ការផ្សាភ្ជាប់​រវាង​ប្រជាជន​អាហ្វ្រិក និង​ចិន​ជាដើម​ផង​។

​មេដឹកនាំ​អាហ្វ្រិក​ដែល​ចូលរួម​កិច្ចប្រជុំ​ជាង ៤០​រូប បានចាត់ទុក​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ចិន​និង​អាហ្វ្រិក ជា​យុទ្ធសាស្ត្រ​ឈ្នះ​ទាំងសងខាង ហើយ​ពួកគេ​ទាត់​ចោលការ​លើកឡើងថា​ចិន​កំពុង​ដាក់​អាណានិគម​បែប​ថ្មី​លើ​ទ្វីបអាហ្វ្រិក​ផង​។

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​ចិន​និង​អាហ្វ្រិក មាន​លើកឡើង​ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ដើម្បី​ធានា​សន្តិសុខ និង​សន្តិភាព​នៅ​ទ្វីបអាហ្វ្រិក​ទាំងមូល​។ ភាគី​ទាំងអស់​ក៏បាន​បាន​ឯកភាព​អនុវត្ត​ផែនការ​សន្តិសុខ និង​សន្តិភាព​រួមគ្នា​ផង ដោយ​ផែនការ​នេះ​ផ្តោតលើ​ការ​បង្វឹក​និង​បំពាក់បំប៉ន​សមត្ថភាព​កងទ័ព​សហភាព​អាហ្វ្រិក​ចំនួន​២៥០០០​នាក់ ដោយ​ពួកគេ​នឹង​ក្លាយជា​កងកម្លាំង​ស្នូល​អាចឆ្លើយតប​រាល់​ប​ញ្ហា​សន្តិសុខ​នានា​ដែល​កើតឡើង​។

​ចិន​ត្រៀម​បើក​មូលដ្ឋាន​យោធា​លើកដំបូង​នៅ​បរទេស​លើ​ទឹកដី​អាហ្វ្រិក
​អ្វីដែល​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អាហ្វ្រិក​លើក​នេះ​របស់​ប្រមុខរដ្ឋ​ចិន គឺ ការទទួលបាន​សិទ្ធិ​បង្កើត​មូលដ្ឋាន​យោធា​ទ័ពជើងទឹក​ជា​ផ្លូវការ​នៅ​រដ្ឋ​អាហ្វ្រិក ជី​ប៊ូ​ទី ក្រោម​កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​។ មូលដ្ឋាន​ទ័ពជើងទឹក​របស់​ចិន​នេះ ជា​មូលដ្ឋាន​យោធា​ដំបូង​បំផុត​នៅ​បរទេស​ព្រោះ​តាំងពី​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ ១៩៤៩ របប​ដឹកនាំ​ក្រុង​ប៉េកាំង​ផ្តោត​តែ​លើ​ការពង្រឹង​យោធា​ទុក​គ្រាន់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​ឆ្ងល់​ថា ហេតុអ្វី​ចិន​ត្រូវ​រើសយក​ប្រទេស​ជី​ប៊ូ​ទី​នៅ​តំបន់​អាហ្វ្រិក​ដើម្បី​ដាក់​មូលដ្ឋានទ័ព​ដំបូង​ទៅវិញ ? ហេតុអ្វី​មិនមែនជា​តំបន់​អាស៊ី​?

​អាច​ថា មាន​ហេតុផល​ច្រើន​ដែល​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​រើសយក​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ជា​កន្លែង​តាំង​មូលដ្ឋានទ័ព​របស់ខ្លួន​ដំបូង​។ ទីមួយ​វា​គ្មានអ្វី​ក្រៅពី​ទីតាំង​យុទ្ធសាស្ត្រ​ឡើយ​។ ជី​ប៊ូ​ទី​ជា​រដ្ឋ​មួយ​ក្រីក្រ​មាន​ព្រំដែន​ជាប់​ប្រទេស​សម្បូរ​ចោរ​សមុទ្រ​សូ​ម៉ាលី តែបើ​និយាយ​ពី​តាំង​ភូមិសាស្ត្រ​វិញ​នោះ វា​ពិតជា​សំខាន់​ណាស់​ព្រោះ​វា​ស្ថិតនៅ​ចន្លោះ​ឈូង​សមុទ្រ Aden និង​សមុទ្រ​ក្រហម​។ សូម្បីតែ​អាមេរិក បារាំង​និង​ជប៉ុន​ក៏​សុំ​ដាក់​មូលដ្ឋាន​ខ្លួន​នៅ​ទីនោះ​ដែរ​។ កាលណា​បើ​ចិន​មាន​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ទីនោះ​នាវាចម្បាំង​និង​នាវា​ល្បាត​របស់ខ្លួន​អាច​ចេញចូល​បាន​យ៉ាង​ងាយស្រួល​ដើម្បី​ការពារ​នាវា​ដឹក​ប្រេង​និង​នាវា​ដឹកទំនិញ​របស់​ចិន​ពី​មជ្ឈិមបូព៌ា​មកកាន់​មហាសមុទ្រ​ឥណ្ឌា​និង​បន្ត​ឆ្លង​មក​ចិន​ដោយ សុវត្ថិភាព​។​

​ចិន​បានបញ្ជាក់​រួចទៅហើយ​ថា មូលដ្ឋាន​ទ័ពជើងទឹក​នេះ​នឹង​ជួយ​ពង្រឹង​សកម្មភាព​ការពារ​សេរីភាព​នាវាចរណ៍​និង​សុវត្ថិភាព​នាវា​ពាណិជ្ជកម្ម ក្រោម​យុទ្ធនា​ការប្រឆាំង​ចោរ​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​។ វា​នឹង​ងាយស្រួល​និង​ឆាប់រហ័ស​ម្រា​ប់​ការអន្តរាគមន៍ ពេល​នាវាចម្បាំង​ចិន អាច​សំចត​នៅ​មូលដ្ឋាន​ខ្លួន​នៅ​អាហ្វ្រិក​។ យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ តាំងពី​ឆ្នាំ ២០០៨ នាវាចម្បាំង​ចិន​ជាង​៦០​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ចោរ​សមុទ្រ​រួចហើយ​។​

​ចំណុច​ទី​២ ក្រៅពី​ថា​វា​ជាទី​តាំង​យុទ្ធសាស្ត្រ ចិន​ងាយស្រួល​សុំ​សិទ្ធិ​តំឡើង​មូលដ្ឋានទ័ព​ពី​រដ្ឋាភិបាល​ជី​ប៊ូ​ទី​។ វា​ជា​រឿង​សាមញ្ញ​ដែល​ប្រទេស​មាន​ទីតាំង​ល្អ​នេះ ងាយ​បើកទ្វារ​ឲ្យ​គេ​ដាក់​កងទ័ព​លើដី​ខ្លួន​ព្រោះតែ​ប្រទេស​នេះ​ក្រីក្រ​ខ្លាំង​។ ប៉ុន្តែ​មុន​បាន​សិទ្ធិ​ប្រើប្រាស់​ទឹកដី​នេះ ចិន​ចំណាយលុយ​មិនតិច និង​ចំណាយពេល​យូរ​ដែរ​ទម្រាំ​លួងលោម​ជី​ប៊ូ​ទី​បានសម្រេច​។ ចិន​បាន​ចំណាយលុយ​រាប់រយ​លាន​ដុល្លារ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ក្រីក្រ​មួយ​នៅ​អាហ្វ្រិក​នេះ តាមរយៈ​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ដូចជា​ចេញ​គម្រោង​សង់​ផ្លូវ​រថភ្លើង​ពី​អេ​ត្យូ​ពី​មកកាន់​ប្រទេស​ជី​ប៊ូ​ទី ហើយ​និង​រៀបចំ​ពង្រីក​កំពង់ផែ​សមុទ្រ​នៅក្នុង​ប្រទេស​នេះ​ជាដើម​ផង​។ 

​ចំណុច​ទី​៣ ចិន​ដឹងថា​មិនមាន​អ្នកណា​ជំទាស់​ខ្លួន​ឡើយ​។ ក្រុង​ប៉េកាំង​ស្វែងរក​ទីតាំង​ណាមួយ ដែល​គ្មាន​មហាអំណាច​ឯទៀត​ជំទាស់ សម្រាប់​សង់​មូលដ្ឋានទ័ព​លើកដំបូង​។ ការ​រើសយក​ជី​ប៊ូ​ទី​របស់​មហា​យក្ស​ចិន គ្មាន​មហាអំណាច​ណាមួយ​មើលឃើញថា​វា​ជា​គ្រោះថ្នាក់​ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់ខ្លួន​ទេ​។ តែបើ​ចិន​ជ្រើសរើស​តំបន់​ផ្សេង ដូចជា​នៅ​តំបន់​អាស៊ី​វិញ​នោះ វា​ប្រាកដ​ណាស់​ថា ពិបាក​សុំ​ការអនុញ្ញាត ហើយ​ម្យ៉ាង​មហាអំណាច​ដូចជា​អាមេរិក​មិន​នៅ​ស្ងៀម​ឡើយនិង​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​ស្រួលៗ​ដែរ​។

-​យុទ្ធសាស្ត្រ​វែងឆ្ងាយ​គឺ​ពង្រឹង​អំណាច​យោធា​ទាំង​ក្នុង​និង​ក្រៅប្រទេស
​ត្រលប់​មកវិញ ការប្រកាស​ពី​ការបើក​មូលដ្ឋានទ័ព​នៅ​ទឹក​ដីជី​ប៊ូ​ទី​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​របស់​ចិន​នឹង​កំពុង​ត្រៀមខ្លួន​ដឹកនាំ​ពិភពលោក និង​ប្រជែង​ឥទ្ធិពល​មហាអំណាច​លោកខាងលិច​ជា​ម្ចាស់​អាណានិគម​អាហ្វ្រិក​។ រដ្ឋាភិបាល​ចិន​យក​វិស័យ​យោធា​ជា​វិស័យ​អាទិភាព​ដោយ​បង្កើន​កញ្ចប់​ថវិកា​រាល់​ឆ្នាំ ហើយ​លោក ស៊ី ជិន​ពីង ប្រកាស​កំណែទម្រង់កងទ័ព និង​ចេញ​វិធានការ​បោសសម្អាត​អំពើ ពុករលួយ​ក្នុង​វិស័យ​កងទ័ព​។ នេះ​ជា​នយោបាយ​ស្នូល​របស់​ចិន ដើម្បី​ធានាថា កងទ័ព​រំដោះប្រជាជន​ចិន​ជាង ២​លាន​នាក់​នេះ​នឹង​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ការពារ​អធិបតេយ្យ ការពារ​ប្រយោជន៍ និង រក្សា​ឥទ្ធិពល​មហា​យក្ស​ចិន​លើ​ឆាក​អន្តរជាតិ​ផង​។

​ក្រៅពី​សាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​នៅ​ទឹកដី​អាហ្វ្រិក​ជា​លើកដំបូង​បំផុត ក្រុង​ប៉េកាំង​ក៏បាន​បញ្ជូន​ទ័ព​ប្រយុទ្ធ​រាប់រយ​នាក់​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ដើម្បី​រក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង​ផងដែរ​។ មន្ត្រីការទូត​ចិន​ក៏​ព្យាយាម​ធ្វើជា​សន្ធាន​ការី​ដើម្បី​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ស៊ូដង់​ខាងត្បូង រក​ដំណោះស្រាយ​សមស្រប​បញ្ចប់​សង្គ្រាមស៊ីវិល​បច្ចុប្បន្ន​ផង​។ ទោះជា​ចិន​មាន​សណ្តាន​ចិត្ត​បែបនេះ​ក្តី គេ​ក៏​ឃើញ​មានការ​ទិតៀន​ចិន​ផងដែរ ជុំវិញ​ការពង្រាយ​ទ័ព​ទៅ​ស៊ូដង់​ខាងត្បូង ព្រោះ​គេ​ជឿថា​ចិន ចង់​ការពារ​អណ្តូងប្រេង​ជាង​ជួយ​ការពារ​ប្រជាជន​៕ 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​