អ៊ីរ៉ង់បាញ់ សាកល្បង គ្រាប់មីស៊ីល ដែលបំពាន ដល់ច្បាប់ របស់UN

តេអ៊ីរ៉ង់៖ ប្រទេស អ៊ីរ៉ង់ បានបាញ់សាកល្បង គ្រាប់មីស៊ីលចម្ងាយមធ្យម ដែលនេះជា ការបំពានដល់ សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នេះបើយោងតាមការលើកឡើងរបស់ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក ប្រាប់សារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

ភ្នាក់ងារស៊ើបការណ៍ របស់លោកខាងលិច បានឲ្យដឹងថា ការបាញ់សាកល្បងនេះ ធ្វើឡើងនៅទីក្រុង កំពង់ផែ ភាគអាគ្នេយ៍ខេត្ត Sistan និងខេត្ត Baluchestan ប្រទេស អ៊ីរ៉ង់ ក្បែរបន្ទាប់ព្រំដែនប្រទេស ប៉ាគីស្ថាន នៅទីតាំងបាញ់សាកល្បងគ្រាប់មីស៊ីលតាមបណ្តោយឈូងសមុទ្រ Oman។ 

គ្រាប់មីស៊ីល នេះមានឈ្មោះថា Ghadr-110 មាន ចម្ងាយ ១.៨០០ ដល់ ២០០០ ម៉ាយល៍ មានសមត្ថភាពអាចបំពាក់ ជាមួយក្បាលគ្រាប់ នុយក្លេអ៊ែរបាន។ លោក Samantha Power ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិមាន ក្តីបារម្ភជាខ្លាំងអំពីការធ្វើតេសន៍សាកល្បង គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះ៕