សហរដ្ឋអាម៉េរិក កាត់បន្ថយ ការរឹតបន្តឹង ផ្នែកពាណិជ្ជកម្ម នៅមីយ៉ាន់ម៉ា ជាបណ្តោះអាសន្ន

Yangon៖ សហរដ្ឋអាម៉េរិក នឹងកាត់បន្ថយការរឹតបន្តឹង ទៅលើផ្នែកពាណិជ្ជកម្ម នៅតាមកំពង់ផែក្នុងប្រទេស មីយ៉ាន់ម៉ាជាបណ្តោះអាសន្ន ដែលជាការវិធានការណ៍ ស្វាគមន៍ការបោះឆ្នោត ក្នុងប្រទេ អាស៊ីអាគ្នេយ៍មួយនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥។

ការធ្វើកំណែទម្រង់ថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេស មីយ៉ាន់ម៉ារៀបចំ ការបោះឆ្នោតសកល កាលពីខែវិច្ឆិកា កន្លងទៅនេះ ដោយមាន គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អង់ សានស៊ូជី ទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះ ការសម្រាលការរឹតបន្តឹងនេះ នឹងធ្វើឲ្យក្រុមហ៊ុនសហរដ្ឋអាម៉េរិក កាន់តែងាយស្រួលក្នុងការធ្វើ ទំនាក់ទំនងដោយផ្ទាល់ជាមួយកំពង់ផែ និងអាកាសយាន្តដ្ឋាន របស់ប្រទេស មីយ៉ាន់ម៉ា។

សូមជម្រាបថា កន្លងមក ទីតាំងនាំចេញនាំចូល សំខាន់ៗជាច្រើនរបស់ប្រទេស មីយ៉ាន់ម៉ា បានស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាម៉េរិក ក្នុងនោះរួមទាំងកំពង់ផែYangon ដែលជាកំពង់ផែដ៏មមាញឹកជាងគេ ដែលមានតួនាទី នាំចេញនាំចូល ទំនិញរហូតដល់ពាក់កណ្តាល នៃទំនិញទូទាំងប្រទេស។ ប៉ុន្តែយោងតាមរបាយការណ៍ កាលពីថ្ងៃចន្ទកន្លង ទៅនេះ បានឲ្យដឹងថា សហរដ្ឋអាម៉េរិក នឹងដកការរឹតបន្តឹងជាបណ្តោះ អាសន្នរយៈពេលប្រាំមួយខែ៕