ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

គិត​ត្រឹម​ខែ វិច្ឆិកា ចុង​ឆ្នាំ២០១៥ មាន​ភាពយន្ត​ខ្មែរ​ចំនួន​៣រឿង​បាន​ក្រុងពាលី ហើយ​កំពុង​ដំណើរ​ការ​ថត គ្រោង​ចាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ២០១៦​នេះ។ ភាពយន្ត​ទាំង៣រឿង​មាន រឿង​ “វិស្សមកាល​​មរណៈ”  រឿង “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” និង រឿង“ទង់ព្រលឹង” ។

 

 

១/រឿង​ “វិស្សមកាល​​មរណៈ”

 

 

ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

 

រូបភាព៖ ផ្ដល់​ឲ្យ

 
គឺ​ជា វណ្ណកម្ម​របស់​​ផលិតកម្ម​ “ចក្រវាឡ​ពេជ្រ​ភាពយន្ត” ដែល​មាន​អ្នក​ស្រី ថុង ស៊ីវទៀង ជា​ចាងហ្វាង​ផលិតកម្ម​។ ភាពយន្ត​ដែល​ធ្វើ​ការ​ក្រុងពាលី​រហូត​ដល់​ទៅ២លើក​នេះ ​បាន​​ធ្វើ​ក្រុងពាលី​លើក​ចុង​ក្រោយ​កាល​ពី ទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​លើ​កប៉ាល់​​​ធំ​មួយ ​ស្ថិត​ក្នុង​ទឹក​ដី កោះ​ឧកញ៉ា​តី ជា​ទី​ដែល​ប្លង់មួយ​ចំនួន​​នៃ​សាច់​រឿង​ត្រូវ​ថត​តែ​ម្ដង។

 

 

រឿង “វិស្សមកាល​​មរណៈ”  គឺ​ជា​ខ្សែភាពយន្ត​មួយ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម ដែល​បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ពួក​គេ ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម។ ខ្សែភាពយន្ត​មួយ​នេះ ក៏​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ផង​ដែរ ដោយ​តារា​សម្ដែង​ទាំង​អស់ សុទ្ធតែ​មាន​​ឈុត​វ៉ៃប្រហារ ជា​ច្រើន។

 

 

តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន នី មុន្នីនាថ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្បការិនី ជា​ច្រើន​ទៀត។ ខ្សែភាពយន្ត​មួយ​នេះ គ្រោង​ចំណាយ​ខ្ទង់៣ម៉ឺនដុល្លារ ក្នុង​ការ​ផលិត។

 

 

២/រឿង “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ”

 

 

ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

 

 

គឺ​ជា វណ្ណកម្ម​របស់​​ផលិតកម្ ម”ស៊ី​ស្ដារ” ដែល​មាន​លោក ឈី រដ្ឋា ជា​ចាងហ្វាង​ផលិតកម្ម​។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​ដំណាល​គ្នា ​និង​រឿង​ “វិស្សមកាល​​មរណៈ” ដោយ​ការ​ក្រុងពាលី បាន​ធ្វើ​នៅ​​វត្ត​ប្រាសាទ ជិត​ភ្នំ ឧដុង្គ ។ ខ្សែភាពយន្ត​​បែប​កំប្លែង​នេះ ​មាន​តារា​ចូល​រួម​សម្ដែង​ដូច​ជា ​លោក ប៊ី អាយ ជី អ្នកនាង សុខ សោម៉ាវត្តី នាយ ចឺម នាយ ក្រូច អ្នកនាង អ៊ីត ជាដើម។  រឿង “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” គ្រោង​ចំណាយ ខ្ទង់ ប្រហែល​ជិត ១០ ម៉ឺន​ដុល្លារ ក្នុង​ការ​ផលិត ។

 

 

រឿង“ទង់ព្រលឹង”

 

 

ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

 

 

គឺ​ជា វណ្ណកម្ម​របស់​​ផលិតកម្ម Red Picture  ដែល​មាន​លោក ឌៀប សុវណ្ណរ៉ា ជា​ចាងហ្វាង​ផលិតកម្ម។រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​ថ្ងៃ​ទី៣ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ផ្ទះ​ល្វែង​មួយ​កន្លែង​ជិត​ផ្សារ​សំណង់១២។  រឿង“ទង់ព្រលឹង” គឺ​ជា ខ្សែភាពយន្ត​មួយ​មាន​លក្ខណៈ បែប​កំប្លែង ​រន្ធត់ ដែល​មាន​តារា​សម្ដែង​​ដូច​ជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ ប៊ីអាយជី នាយ​គ្រឿន នាយ​ក្រូច នាយ​ចឺម អ្នកនាង ប៉ោងប៉ោង ឌីជេ​ក្ដិប កញ្ញា No More សុវណ្ណ រ៉ាផា លោក លឹម រដ្ឋា និង ស៊ឹម សុភណ្ឌ័ ជាដើម។ ខ្សែភាពយន្ត​មួយ​នេះ​គ្រោង​ចំណាយ​ខ្ទង់ ប្រមាណ​ពី​៤ ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​ការ​ផលិត៕

 

 

អត្ថបទ៖ ខុត សីហា