ចិនចុះកិច្ច ព្រមព្រៀងស្តីពី ថាមពលនុយក្លេអ៊ែរ និងលំហអាកាស ជាមួយរុស្ស៊ី នៅសប្តាហ៍ក្រោយ

ប៉េកាំង៖ ប្រទេស ចិន និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀងរួមគ្នា លើផ្នែកថាមពលនុយក្លេអ៊ែរ អាកាសចរណ៍ និងលំហអាកាស ក្នុងអំឡុងនៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ទៅកាន់ប្រទេស ចិន នាសប្តាហ៍ក្រោយ នេះបើយោងតាមការលើកឡើង របស់មន្ត្រីទូត ចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Medvedev នឹងធ្វើដំណើរទៅកាន់ប្រទេស ចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់នាយករដ្ឋមន្ត្រី ដែលជាសមាជិករបស់អង្គការ Shanghai Cooperation ដែលនឹងរៀបចំឡើងក្នុងទីក្រុង Zhengzhou ភាគកណ្តាលប្រទេស ចិន។
យ៉ាងនេះក្តី អនុរដ្ឋមន្ត្រីការបរទេស ចិន លោក Cheng Guoping មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ ប្រទេស ចិន បានព្រមព្រៀងក្នុងការទិញយន្តហោះចម្បាំងប្រភេទ 24Sukhoi Su-35 ពីប្រទេស រុស្ស៊ី ក្នុងតម្លៃទឹកប្រាក់ជាង២ពាន់លានដុល្លារអាម៉េរិក។

សូមជម្រាបថា អង្គការ Shanghai Cooperation មានសមាជិកដូចជា ប្រទេស ចិន រុស្ស៊ី និងអតីតសហភាពសូវៀត ដែលរួមមាន ប្រទេស តាជីគីស្ថាន អូបេគីស្ថាន កាហ្សាស្ថាន និង កៀហ្ស៊ីស៊ីស្ថាន ដោយឡែកប្រទេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ អាហ្គានីស្ថាន និងម៉ងហ្កោលី មានតួនាទីធ្វើជាអ្នកអង្កេតការណ៍៕

ចិនចុះកិច្ច ព្រមព្រៀងស្តីពី ថាមពលនុយក្លេអ៊ែរ និងលំហអាកាស ជាមួយរុស្ស៊ី នៅសប្តាហ៍ក្រោយ