ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រាប់មកមន្ទីរ ខេត្តព្រះសីហនុឲ្យ ទប់ស្កាត់ការសាងសង់ និងពន្យាពេលចេញប័ណ្ណ ជាបណ្តោះអាសន្ន

ព្រះសីហនុ៖ បឹងព្រែកទប់គឺជាបឹងធម្មជាតិ ស្តុកទឹកស្អាតសំរាប់ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងព្រះសីហនុយកទៅ ប្រើប្រាស់ចិញ្ចឹមជីវិត ជាយូរឆ្នាំមកហើយ  គឺមានទីតាំង ជាប់ឆ្នេរ៧ជាន់ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បច្ចុប្បន្នបឹងធម្មជាតិដ៏មានប្រយោជន៍មួយនេះ កំពុងប្រឈមការរំលោភយក ពីឈ្មួញ មានទ្រព្យធន និងមន្រ្តីមាន អំណាច ស្ទើររលាយអស់ទៅហើយ ។

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថា កាលដើមឡើយពេល មិនទាន់មានការរំលោភយក បឹងព្រែកទប់នេះមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃរងទឹកភ្លៀង ក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀងកាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ៩២ ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ ទីតាំងនេះមានប្រជាពលរដ្ឋ រស់នៅពិតប្រាកដចំនួនតែ៥១គ្រួសារទេ ប៉ុន្តែនៅជំនាន់លោក ស្បោង សារ៉ាត គ្រប់គ្រងខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀងដែលនៅសល់ចំនួន ៩២ហិកតា បានសំរេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួនតែ ១៤ហិកតាប៉ុណ្ណោះ ក្រៅពីនោះបានឃុបឃិតគ្នាពុះជ្រៀក រំលោភយក អស់គ្មានសល់ ដោយបំប៉ោងតួរលេខឡើងដល់ ២៣០គ្រួសារ ដោយក្នុងនោះក៏មានដី មួយប្លង់ធំរបស់លោក ស្បោង សារ៉ាត និងដី១ប្លង់ធំរបស់អតីតឧត្តមសេនីយ៍ តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្ននេះកំពុងសាងសង់ សំណង់វីឡាដ៏ធំស្កឹមស្កៃធំជាង វត្តលោកជិតរួចរាល់ផងដែរ ។

ដោយ មើលឃើញពីការខ្វះខាតទឹកប្រើប្រាស់ នាពេលអនាគតរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក ទេព នន្នរី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុចអោយការពារតំបន់នេះ ប៉ុន្តែមិនត្រូវបានរដ្ឋបាលខេត្តគោរពតាមឡើយ ដោយលោក ស្បោង សារ៉ាត បានធ្វើការដកដំណែងលោក សូ សុខ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ យ៉ាងតក់ក្រហល់ជាទីបំផុត ដោយលើកលោក ហ៊ុន ភី ជាប្រធានថ្មីជំនួសដើម្បីចុះហត្ថលេខាលើប្លង់ដីដែលបាន ឃុបឃិតពុះជ្រៀកចែកគ្នាមុនពេលរូបលោកចូលនិវត្តន៍ ។

គ្រាន់តែបានឡើងធ្វើជាប្រធានមន្ទីរ រៀបចំដែនដីថ្មីភ្លាមគេឃើញលោក ហ៊ុន ភី ប្រញាប់ប្រញាល់ចុះហត្ថលេខាលើប្លង់ដី ប្រមាណជាង ៣០ប្លង់ទាំងបំពានតែម្តង ។ ដោយមើលឃើញភាពគគ្លើនគ្មាន ខ្លាចច្បាប់ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលគ្រប់គ្រង់អង្គភាពរដ្ឋករទឹកផងនោះបានធ្វើលិខិតទៅរដ្ឋមន្រ្តីរបស់ខ្លួន ដើម្បីសុំកិច្ច អន្តរាគមន៍មកក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់ ការសាងសង់សំណង់ផ្សេងៗ និងពន្យាពេលផ្តល់ប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋជាបណ្តោះអាសន្នដោយរង់ចាំការពិនិត្យដោះស្រាយ ដើម្បីអនុវត្តអោយពេញលេញ តាម គោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ។

រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលលោក លឹម វាន់ ជារដ្ឋលេខាធិការ បានចេញលិខិតដូចបានស្នើសុំខាងលើ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយលិខិតនេះក៏បានធ្លាក់មកដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុនាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ ។ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុរង់ចាំមើល ថាតើលោក ហ៊ុន ភី នៅហ៊ានថ្លើមធំហ៊ានចុះហត្ថលេខាលើប្លង់ដីមិនប្រក្រតីអស់ទាំងនេះតទៅទៀតឬទេ
បន្ទាប់ពីក្រសួងសាម៉ីបញ្ជាមកយ៉ាងដូច្នេះ? ៕

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រាប់មកមន្ទីរ ខេត្តព្រះសីហនុឲ្យ ទប់ស្កាត់ការសាងសង់ និងពន្យាពេលចេញប័ណ្ណ ជាបណ្តោះអាសន្ន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រាប់មកមន្ទីរ ខេត្តព្រះសីហនុឲ្យ ទប់ស្កាត់ការសាងសង់ និងពន្យាពេលចេញប័ណ្ណ ជាបណ្តោះអាសន្ន