ប្រុង​រត់​ចូល​ឡាន​ខឹង​ឪពុកមា​ពង្រត់​ប្រពន្ធ

ប្រុង​រត់​ចូល​ឡាន​ខឹង​ឪពុកមា​ពង្រត់​ប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ហៅ​ទៅ​សួរនាំ បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ថា ប៉ង​រត់​ចូល​រថយន្ត​ដើម្បី​ធ្វើ​អត្តឃាត ព្រោះ​មក​តាម​រកប្រពន្ធ​មិនឃើញ​និង​ចោទ​ថា​ឪពុកមា​បង្កើត​ពង្រត់​ប្រពន្ធ​របស់​ខ្លួន​ទៅ​ស្រុក​ថៃ​បាត់​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៨ ធ្នូ ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។
បុរស​នេះ​ឈ្មោះ ភ័ក្ត្រ ស័ក្តិ អាយុ​២៥​ឆ្នាំ មក​ពី​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​រៀបរាប់​នៅ​មុខ​មហាជន​ថា ខ្លួន​ចង់​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន​ដោយ​និយាយ​ថា តូចចិត្ត​ដ្បិត​ប្រពន្ធ​របស់​ខ្លួន​ត្រូវ​បាន​ឪពុកមា​របស់​ខ្លួន​ពង្រត់​ទៅ​ថៃ​បាត់​កាលពី​២​ទៅ​៣​ថ្ងៃមុន​នេះ ។
បុរស​គិត​ខ្លី​ខាងលើ​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ចិន យ័ន អាយុ​១៨​ឆ្នាំ ហើយ​ឪពុកមា​ដែល​ពង្រត់​ប្រពន្ធ​ទៅ​ថៃ​នោះ​ឈ្មោះ យួន ផង់ មាន​ទីលំនៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ទោះជា​យ៉ាងណា បុរស​ខាងលើ​ប្រាប់​ថា ខ្លួន​និង​ប្រពន្ធ​នោះ មិន​បាន​រៀប​ការ​គ្នា​ពេញ​ច្បាប់​ទេ​ដោយ​គ្រាន់តែ​រៀបចំ​សែន​តិចតួច ហើយ​ទើប​រស់នៅ​ជុំ​គ្នា​បាន​ជាង​១​ខែ​ប៉ុណ្ណោះ ។
បន្ទាប់​ពី​ត្អូញត្អែ​រឿង​ឪពុកមា​ពង្រត់​ប្រពន្ធ​ហើយ​ចង់​រត់​ចូល​រថយន្ត​ធ្វើ​អត្តឃាត​នេះ ត្រូវ​ប្រជា​ការពារ​ភូមិ​ដែល​នៅ​យាម​បរិវេណ​វត្ត​ខាងលើ​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ហើយ​នគរបាល​ក៏​បាន​មក​ដល់ និង​បាន​ធ្វើការ​ណែនាំ​អប់រំ​មិន​ឱ្យ​គិត​ខ្លី​បែប​នេះ​ទេ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​នោះ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​និង​អប់រំ​បន្ថែម ។
គេ​មិនដឹង​ថា ការ​លើក​ទ្បើ​ង​របស់​បុរស​ខាងលើ​វា​ជា​ការ​ពិត​ឬ​យ៉ាងណា​នោះ​ទេ ។ ចំណែក​ឈ្មោះ យួន ផង់ ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ពង្រត់​ប្រពន្ធ​បុរស​ខាងលើ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ។ គេ​គិត​ថា ប្រសិនបើ​បុរស​ខូចចិត្ត​រូប​នេះ​រត់​ឱ្យ​រថយន្ត​បុក​ឬ​កិន​ស្លាប់​នោះ​គឺ​ម្ចាស់​រថយន្ត​ទៅ​វិញ​ទេ ដែល​អាច​មានទោស​ទាំង​មិនដឹង​ខ្លួន ។ អ្នក​ភ្ញាក់ផ្អើល​ទាំង​ទ្បា​យ​និយាយ​ចាក់បណ្តោយ​ថា បើ​ចង់​ងាប់​កុំ​នាំ​ទោស​ដល់​អ្នក​ដទៃ ៕