កម្មករ​កាត់ដេរ​ជាង​100​នាក់​សន្លប់​2​ថ្ងៃ​ជាប់​គ្នា

កម្មករ​កាត់ដេរ​ជាង​100​នាក់​សន្លប់​2​ថ្ងៃ​ជាប់​គ្នា

ខេត្តកំពង់ស្ពឺ ៖ រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​កម្មករ​កម្មការិនី​រោងចក្រ​សេរី​ហ្គា​មេន​ខេ​ម​បូ​ឌា បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ និង​ត្រូវ​បាន​ខាង​រោងចក្រ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ការ​ដួល​សន្លប់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​មក​ពី​ក្លិន​ពុល​ណៃ​ថ្នាំ​ជ្រលក់​ក្រណាត់ ឬ​បណ្តាល​មក​ពី​ធុំក្លិន​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ដែល​ខាង​រោងចក្រ​បាញ់ ។
ការ​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​២ បាន​កើត​ទ្បើ​ង​កាលពី​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី ៨ ខែធ្នូ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នេះ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ។
លោក ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត បានឱ្យ​ដឹង​ថា កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ក្រុម​មន្ត្រី​កំពុង​ស្រង់​ចំនួន និង​ឈ្មោះ​កម្មករ ហើយ​មក​ដល់​ពេល​នេះ​គ្រាន់តែ​ដឹង​ថា ការ​ដួល​សន្លប់​រយៈពេល​២​ថ្ងៃនេះ​មាន​ជាង​១០០​នាក់ ។ លោក​ឱ្យ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ​សរុប​៧០០​នាក់ ក្នុង​នោះ​ស្រី​៦៤០​នាក់ ។ នៅ​ថ្ងៃ​ទី​២​នេះ កម្មករ​ចំនួន​៧២​នាក់​បាន​ដួល​សន្លប់ ក្នុង​នោះ​ស្រី​៧១​នាក់ ប្រុស​១​នាក់ ឯ​នៅ​ថ្ងៃ​ទី​១ មានការ​ដួល​សន្លប់​ជាង​៤០​នាក់ ។
លោក ចឹក បូ​រិ​ន្ទ បន្ត​ទៀត​ថា ការ​ដួល​សន្លប់​នេះ​កើត​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ម្តង​ហើយដោយ​ខាង​រោងចក្រ​បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ក្នុង​អគារ​ធ្វើការ និង​ជុំវិញ​អគារ ។ ពេល​បាញ់ថ្នាំ​ខាង​រោងចក្រ​មិន​បាន​បើកទ្វារ​ឱ្យ​មាន​ខ្យល់​ចេញចូល​ល្អ ទើប​ពេល​កម្មករ​ចូល​ទៅ​ធ្វើការ​នាំ​ឱ្យ​មានការ​ពិបាក​ដកដង្ហើម និង​មាន​ដួល​សន្លប់​បែប​នេះ ។ ក្រុម​កម្មករ​ដែល​មិន​ដួល​សន្លប់​បាន​ស្តីបន្ទោស​ខាង​រោងចក្រ​ថា គ្មាន​បច្ចេកទេស​ក្នុង​ការ​លាយថ្នាំ​ជ្រលក់​សាច់​ក្រណាត់ ទើប​បណ្តាល​ឱ្យ​មានការ​ដួល​សន្លប់​កើតឡើង ។
នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រោងចក្រ​ខាងលើ រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ដួល​សន្លប់​នោះ ។ មន្ត្រី​ខ្លះ​លើក​ទ្បើ​ង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​កម្មករ​ដួល​សន្លប់​នេះ បណ្តាល​មក​ពី​អារម្មណ៍​របស់​គាត់​នៅ​តក់ស្លុត បន្ទាប់​ពី​មានការ​ដួល​សន្លប់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ។
ដោយ​មើលឃើញ​សភាពការណ៍​បែប​នេះ​ខាង​រោងចក្រ​បាន​សម្រេច​ឱ្យ​បងប្អូន​កម្មករ​ចាកចេញ​ទៅ​ផ្ទះ ហើយ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ទើប​ចូល​បម្រើ​ការងារ​វិញ​ជា​ធម្មតា ដើម្បី​ឱ្យ​អស់​ការ​ភិតភ័យ តក់ស្លុត​ហើយ​វិល​មក​រក​ភាព​ប្រក្រតី​ទ្បើ​ង​វិញ ៕