ជុំវិញ​ដីស្រែ​ព្រំដែន​ដែល​ជួល​ឱ្យ​កសិករ​យួន​នៅ​កំពត

ជុំវិញ​ដីស្រែ​ព្រំដែន​ដែល​ជួល​ឱ្យ​កសិករ​យួន​នៅ​កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត បាន​ចេញ​សេចក្តីសម្រេច​លេខ​១៥៣ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ដោយ​បង្កើត​ក្រុមការងារ​បន្ទាន់​មួយ ចុះ​អនុវត្ត​សារាចរ​ស្តី​ពី​ការ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឱ្យ​លក់​ឬ​ជួល​ដីស្រែ ដីចម្ការ ឬ​ដី​លំនៅ​ឋាន នៅ​តាម​តំបន់​ព្រំដែន ឱ្យទៅ​ជនជាតិ​វៀតណាម ។
នៅ​ខេត្តកំពត មានស្រុក​ចំនួន​២ គឺ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្ត​កៀង​យ៉ាង ប្រទេស​វៀតណាម ហើយ​ក៏​មាន​ដីស្រែ​ជា​ច្រើន​ហិ​កតា​ផង​ដែរ ដែល​កសិករ​ខ្មែរ​ជួល​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ធ្វើស្រែ​ចម្ការ ។
ក្នុង​ការ​អនុវត្ត​សារាចរ​ណែនាំ​នេះ អាជ្ញាធរ​ខេត្ត បាន​បែងចែក​ក្រុមការងារ​ចំនួន​២​ក្រុម​គឺ ៖
ក្រុម​ទី​១​មាន លោក នូ ច័ន្ទ​ដា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ជា​ប្រធាន ។ លោក​វរសេនីយ៍ឯក យឹ​ម ប៊ុ​ន​ធឿ​ន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង ជា​អនុប្រធាន ។ លោក ឡោ សុ​ខន អភិបាលរង​ស្រុក​បន្ទាយមាស លោក​វរសេនីយ៍ទោ ជួន ម៉ា​រ៉ា​ឌី មេបញ្ជាការ​យោធា​វរ​សេនា​តូច លេខ​៣០២ ការពារ​ព្រំដែន លោក មាស តុ ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ទាំង​ពីរ គឺ​ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃុំ​ព្រៃ​ទន្លេ ក្នុងស្រុក​បន្ទាយមាស ជា​សមាជិក ។
ឃុំ​ទាំង​ពីរ​នេះ មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្ត​កៀង​យ៉ាង ហើយ​បច្ចុប្បន្ន​កសិករ​ខ្មែរ​ដែល​មាន​ដីស្រែ​តាម​ព្រំដែន បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​យួន​ធ្វើស្រែ​យក​ផល ។ ទោះជា​បែប​ណា មិន​ទាន់​ដឹង​ថា តើ​មាន​ផ្ទៃដី​ប៉ុន្មាន​ដែល​ជួល​ទៅ​ឱ្យ​កសិករ​យួន​នោះ​ទេ ហើយ​ក្រុមការងារ​កំពុង​ចុះ​ត្រួតពិនិត្យ និង​ស្រង់​ទិន្នន័យ​នៅឡើយ ។
លោក មួ​ង នឿ​ន អភិបាលស្រុក​បន្ទាយមាស បានឱ្យ​ដឹង​ថា ក្រុមការងារ​ខេត្ត​-​ស្រុក ព្រមទាំង​ភូមិ​-​ឃុំ កំពុង​ចុះ​ពិនិត្យ​លើ​ដីស្រែ​ពលរដ្ឋ​ខ្មែរ​ចំនួន​ពីរ​ឃុំ ដែល​បាន​ជួល​ដី​ខ្លួន​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ធ្វើស្រែ ។ លោក មួ​ង នឿ​ន បាន​ប្រាប់​ថា ក្រុមការងារ​កំពុង​ប្រមូល​ទិន្នន័យ តែ​មិន​ទាន់​ដឹង​ថា​ប៉ុន្មាន​ហិ​កតា​នៅឡើយ​ទេ ។
លោក នូ ច័ន្ទ​ដា ប្រធាន​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ​ស្រុក​បន្ទាយមាស បានឱ្យ​ដឹង​ថា ការ​ចុះ​ស្រង់​ទិន្នន័យ​រឿង​ដីស្រែ នៅ​ស្រុក​បន្ទាយមាស ដែល​ជួល​ឱ្យ​យួន​នោះ មិន​ទាន់​បាន​ពិនិត្យ​អស់​ទេ ព្រោះ​ក្រុមការងារ​ដែល​ចុះ​ទៅ មិន​ទាន់​បាន​ជួប​ម្ចាស់​ដី​ដែល​ជួល ។
លោក នូ ច័ន្ទ​ដា បាន​បន្ត​ថា បន្ទាប់​ពី​ស្រង់​ទិន្នន័យ​រួចរាល់​ហើយ ក្រុមការងារ​នឹង​យក​តួលេខ​ជាក់លាក់​ដាក់​ជូន​លោក​អភិបាលខេត្ត ពិនិត្យ ។ បើ​យោង​តាម​មន្ត្រី​នគរបាល​វរៈ​លេខ​៦០១ ការពារ​ព្រំដែន ដែល​រួម​ពិនិត្យ​ដីស្រែ​ខ្មែរ ដែល​ជួល​ឱ្យ​កសិករ​យួន​ធ្វើ​យក​ផល​នោះ ទាំង​ពីរ​ឃុំ​នៅ​ស្រុក​បន្ទាយមាស មាន​ផ្ទៃដី​ប្រហែល​៣០០​ហិ​កតា ។
ចំណែក​ក្រុម​ទី​២ បាន​ចុះ​អនុវត្ត​ការងារ​នៅ​ស្រុក​កំពង់ត្រាច មាន​ឃុំ​ចំនួន​៤ ដែល​ជាប់​ភូមិសាស្ត្រ​ខេត្ត​កៀង​យ៉ាង ប្រទេស​វៀតណាម ។
លោក ម៉ែ​ន មុន្នី អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ជា​ប្រធាន ។ លោក​វរសេនីយ៍ឯក ម៉ៅ លឹ​ម ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ទិស​ព្រំដែន ជា​អនុប្រធាន ។ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច លោក​វរសេនីយ៍ទោ ទូច សារី មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​លេខ​៦០១ ការពារ​ព្រំដែន រួម​ទាំង​មន្ត្រី​ផ្សេង​ៗ​ក្នុង​ឃុំ​ជា​ច្រើន​រូប​ទៀត ជា​សមាជិក​នៃ​ក្រុមការងារ ។
គេ​បានដឹង​ថា នៅ​ឃុំ​បឹង​សាលា​ខាងត្បូង មាន​ដី​ជាង​៧០​ហិ​កតា ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ ជួល​ទៅ​ឱ្យ​កសិករ​វៀតណាម ធ្វើស្រែ​បង្គារ​ជា​យូរ​ឆ្នាំ​មក​ហើយ ។ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យ​ដឹង​ថា ក្រុមការងារ​ខេត្ត និង​ស្រុក​កំពង់ត្រាច កំពុង​តែ​ចុះ​ទៅ​ពិនិត្យ​។ ចំណែក​ចំនួន​ផ្ទៃដី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួល​ទៅ​ឱ្យ​កសិករ​វៀតណាម​នោះ មិន​ទាន់​ដឹង​ថា​មាន​ទំហំ​ពិតប្រាកដ​ប៉ុន្មាន​នៅឡើយ​ទេ ៕