មេខ្លោង​ដែល​ផ្តើមគំនិត ​ឲ្យ​សង្សារ​ចាប់​ក្មួយ​ស្រី​ ជំរិត​ទារ​លុយ​ត្រូវ​ឃាត់ខ្លួន​ហើយ

ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ទៅ មេខ្លោង​ដែល​ផ្តើមគំនិត​ឲ្យ​សង្សារ​ ចាប់​ក្មួយ​ស្រី​ជំរិត​ទារ​លុយ ​នៅ​ខេត្ត ត្បូងឃ្មុំ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃឈរ​ ចាប់ខ្លួន​បាន​ហើយ​ កាលពី​វេលា​ម៉ោង​ ១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​ព្រីង​៣​ដើម ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​នគរបាល ​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា មេខ្លោង​ចាប់ជំរិត​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ សាន មឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ចាប់ជំរិត​ទារប្រាក់ ​ដែល​បង្ក​ឡើង​ដោយ​ស្ត្រី​សង្ស័យ​ ឈ្មោះ ដ​ន សា​វី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយ​បាន​ចាប់​ក្មួយ​ស្រី​ជីដូន ​ដើម្បី​ជំរិត​ទារប្រាក់​ជាមួយនឹង​ ប្រុស​ស្នេហ៍​ខាងលើ​នៅ​ត្រង់​ចំណុច ​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក្នុង​នោះ​រូប​លោក​បាន​បញ្ជា ​ឲ្យ​លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ ​តាម​រក​ជនសង្ស័យ ។

លោកស្នងការ​នគរបាល ​ខេត្តកំពង់ចាម បន្ត​ទៀត​ថា ដោយ​មានការ​ស្រាវជ្រាវ ​យ៉ាង​យកចិត្តទុកដាក់​របស់​កម្លាំង​សមត្ថកិច្ច​នៅ​ គ្រប់​ទិស​ទីនោះ ​ស្ត្រី​សង្ស័យ​ឈ្មោះ ដន សា​វី ត្រូវ​បាន​ចាប់ខ្លួន​ត្រង់​ចំណុច​ឃុំ​ស្រងែ ស្រុក​ព្រៃឈរ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ធ្នូ ២០១៥ ដោយ​ដកហូត​បាន​ម៉ូតូ ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង ព្រមទាំង​បាន​រំដោះ​ក្មេង​ស្រី ​អាយុ​៩​ឆ្នាំ​បាន​ដោយ​សុវត្ថិភាព ។ ជាមួយ​នោះ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ​រួម​ទាំង​តា​ យាយ ​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ។

ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ​នេះ គឺ​ដោយ​មាន​ពាក្យបណ្តឹង ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ឆែម សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ថា​មាន​មនុស្ស​២​នាក់​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​កូនស្រី​របស់​ខ្លួន​ ឈ្មោះ លី​ហ្សា មិនដឹង​ជា​យក​ទៅ​ទីណា​នោះ​ទេ ។

សូម​បញ្ជាក់​ថា សកម្មភាព​ខាងលើ​នេះ ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​១០០​ដុល្លារ និង​១​លាន​៥០​ម៉ឺន​រៀល ជា​ថ្នូរ​ដើម្បី​ដោះ​លែង​ជន​រង​គ្រោះ ជា​ក្មេង​ស្រី​ឈ្មោះ លី​ហ្សា ។ គ្រាន់តែ​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ បាន​ចល័ត​ទីតាំង​មាន​រហូត​ ដល់​ទៅ​៣​កន្លែង ក្នុង​នោះ​មាន​ដូច​ជា ១-​នៅ​រាជធានី​ភ្នំពេញ ២-​ស្រុក​ជើងព្រៃ និង ៣-​ស្រុក​ព្រៃឈរ ដែល​​សមត្ថកិច្ច​ចាប់​ខ្លួន​​ជន​សង្ស័យ​ ជា​មេខ្លោង​ដែល​ផ្តើមគំនិត​ឲ្យ​ សង្សារ​ចាប់​ក្មួយ​ស្រី​ជំរិត​ទារ​លុយនេះ ។

សូម​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៥ មេខ្លោង​ខាងលើ​ត្រូវ​បាន​ប្រគល់ ​ជូន​ទៅ​ឲ្យ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

មេខ្លោង​ដែល​ផ្តើមគំនិត ​ឲ្យ​សង្សារ​ចាប់​ក្មួយ​ស្រី​ ជំរិត​ទារ​លុយ​ត្រូវ​ឃាត់ខ្លួន​ហើយ
មេខ្លោង​ដែល​ផ្តើមគំនិត ​ឲ្យ​សង្សារ​ចាប់​ក្មួយ​ស្រី​ ជំរិត​ទារ​លុយ​ត្រូវ​ឃាត់ខ្លួន​ហើយ
មេខ្លោង​ដែល​ផ្តើមគំនិត ​ឲ្យ​សង្សារ​ចាប់​ក្មួយ​ស្រី​ ជំរិត​ទារ​លុយ​ត្រូវ​ឃាត់ខ្លួន​ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត