​គ្រូ​បង្វឹក​ក្រោន សង្ឃឹម​លើក​ពាន​លីក​១០០​% ​ហើយ​ជើង​ទី​២​មិន​លេង​ទប់​ដាច់​ខាត

​គ្រូ​បង្វឹក​ក្រោន សង្ឃឹម​លើក​ពាន​លីក​១០០​% ​ហើយ​ជើង​ទី​២​មិន​លេង​ទប់​ដាច់​ខាត

គ្រូ​បង្វឹក​ក្លិប​ភ្នំពេញ​ក្រោន Sam Schweingruber ​មាន​ជំនឿ​ខ្ពស់​ថា​ ក្រុម​របស់​លោក​អាច​ការពារ​តំណែង​ជើងឯក​លីក​កំពូល​កម្ពុជា​បាន​១០០​%​ទៅ​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល ២-០ កាល​ពី​ជើង​ទី​មួយ ខណៈ​ដែល​ជើង​ទី​២​ដែល​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ លោក​មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ហើយ​ទម្រង់​លេង​ក៏​នៅ​តែ​ប្រយុទ្ធ​ដដែល។

 

​គ្រូ​បង្វឹក​ក្រោន សង្ឃឹម​លើក​ពាន​លីក​១០០​% ​ហើយ​ជើង​ទី​២​មិន​លេង​ទប់​ដាច់​ខាតSam Schweingruber

 

“ក្រុម​ខ្ញុំ មាន​ទាំង​ស្មារតី ឆន្ទៈ ​បើ​យើង​ត្រៀម​ល្អ​យើង​នឹង​អាច​ឈ្នះ​ប្រកួត​ទី​២​បាន។ ខ្ញុំ​គ្មាន​គម្រោង​ដើម្បី​ចូល​ប្រកួត​ជើង​ទី​២​ដើម្បី​ស្មើ​ឬ​ស្អី​នោះ​ទេ។ តាម​គម្រោង​របស់​ខ្ញុំ ខ្ញុំ​នឹង​បង្ហាញ​ថា​ក្រោន​ចេះ​លេង​បាល់​ត្រឹមត្រូវ ទោះ​ជា​យើង​បាន​កាត់​ចោល​កីឡាករ​ប៉ុន្មាន​នាក់​ក៏​ដោយ តែ​យើង​នៅ​តែ​មាន​សមត្ថភាព ​មាន​គម្រោង​និង​ការ​រៀបចំ​ត្រឹម​ត្រូវ ដើម្បី​លើក​ពាន​ឆ្នាំ​នេះ។ អ្វី​ដែល​ក្រុម ណាហ្គា​បាន​ធ្វើ​គឺ​មិន​ខុស​អី​ពី​ខ្ញុំ​គិត​នោះ​ទេ”។ សម្ដី​របស់​លោក Sam ​បាន​បញ្ជាក់។

 

គ្រូ​បង្វឹក​ស្វីស​ខាង​លើ​បាន​បញ្ជាក់​បញ្ហា​ដែល​លោក​មើល​ឃើញ​ពេល​លេង​នៅ​ជើង​ទី​មួយ នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថា​កីឡាករ​របស់​លោក​ដូចជា​ពិបាក​ស្ទង់​ល្បឿន​បាល់​បន្តិច ស្ពឹក​ៗ ​ពេល​បញ្ចូល​បាល់​តែ​បន្តិច នោះ​បាល់​នឹង​ជាប់​ៗ​រហូត ដែល​ពិបាក​ដល់​កីឡាករ​ខ្លាំង។

 

ការ​ប្រកួត​ជើង​ទី​២​កាត់​សេចក្ដី​យក​ក្រុម​ឈ្នះ​លើក​ពាន​លីក​កំពូល​កម្ពុជា រវាង​ក្រុម​ភ្នំពេញ​ក្រោន​និង​ណាហ្គាវើល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក វេលា​ម៉ោង​៦:០០​នាទី​ល្ងាច ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ។ ចំណែក​ឯ​ក្រុម​បឹងកេត​អង្គរ​វិញ ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ Cambodia Tiger ​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​៦:០០​នាទី​ល្ងាច​ដែរ ពោល​គឺ​មុន​ប្រកួត​ផ្ដាច់ព្រ័ត្រ​មួយ​ថ្ងៃ៕

 

អត្ថបទ៖ មុន្នី រម្យ