ត​ស៊ូ​យក​អាហារូបករណ៍​ទៅ​សិង្ហបុរី​តាំង​ពី​ថ្នាក់​ទី​១១ រៀន​ចប់​បាន​ការងារ​នៅ​ញូវ​យ៉ក

ត​ស៊ូ​យក​អាហារូបករណ៍​ទៅ​សិង្ហបុរី​តាំង​ពី​ថ្នាក់​ទី​១១ រៀន​ចប់​បាន​ការងារ​នៅ​ញូវ​យ៉ក

និស្សិត​ភាគ​ច្រើន​តែង​ស្រវា​រក​អាហារូបករណ៍​ខណៈ​ខ្លួន​រៀន​ថ្នាក់​មហាវិទ្យាល័យ​ឬ​បញ្ចប់​បរិញ្ញាបត្រ។ សម្រាប់​យុវជន​ម្នាក់​មក​ពី​គ្រួសារ​ក្រី​ក្រ​ក្នុង​ខេត្ត​ពោធិ៍សាត់​​បាន​​ព្យា​យាម​យក​អាហារូបករណ៍​ទៅ​សិក្សា​ប្រទេស​សិង្ហបុរី​​តាំង​ពី​ថ្នាក់​ទី​១១ ព្រម​ទាំង​​ប្រឹង​រៀន​យក​អាហារូបករណ៍​បន្ត​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក និង​ទទួល​បាន​ការងារ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​មួយ​ទៀត​ផង។

 

 

ត​ស៊ូ​យក​អាហារូបករណ៍​ទៅ​សិង្ហបុរី​តាំង​ពី​ថ្នាក់​ទី​១១ រៀន​ចប់​បាន​ការងារ​នៅ​ញូវ​យ៉ក

 

ត​ស៊ូ​យក​អាហារូបករណ៍​ទៅ​សិង្ហបុរី​តាំង​ពី​ថ្នាក់​ទី​១១ រៀន​ចប់​បាន​ការងារ​នៅ​ញូវ​យ៉ក

 

 

យុវជន​វ័យ​ក្មេង វ័រ សុខ​ណា ​ត្រូវ​ប្រលង​ចំនួន​៣​ដង​ដើម្បី​​ប្រជែង​ជាមួយ​សិស្ស​ខ្លាំង​ៗ​ដែល​បាន​ដាក់​ពាក្យ​ច្រើន​នាក់ រហូត​អាច​ដណ្ដើម​អាហារូបករណ៍​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន​តាំង​ពី​តូច។

 

យុវជន​រូប​នេះ​ប្រាប់​ថា ចាំ​បាន​នៅ​ថ្ងៃ​ចូល​រៀន​ដំបូង​នៅ​សិង្ហបុរី ក្នុង​សា​លា United World College of Southeast Asia ។ ពេល​នោះ​មាន​សិស្ស​គ្រប់​ជាតិសាសន៍​គេ​ស្លៀក​ពាក់​ស្អាត​បាត​កំពុង​ជជែក​គ្នា​លេង។ មួយ​សន្ទះ​ក្រោយ គេ​ចូល​ថ្នាក់​រៀង​ៗ​ខ្លួន សល់​តែ​សុខ​ណា​ម្នាក់ឯង​ក្នុង​បរិវេណ​សា​លា ហើយ​ពេល​នោះ​គេ​​មិន​ដឹង​ត្រូវ​ទៅ​ណា​ទេ។ ចៃដន្យ​អី​នាយក​សា​លា​មក​ឃើញ​ក៏​សួរ ហេតុ​អី​បាន​ឈរ​ម្នាក់​ឯង? ហើយ​គាត់​ឃើញ​សុខ​ណា​ពាក់​ស្បែក​ជើង​ផ្ទាត់ ក៏​ប្រាប់​ថា​កុំ​ពាក់​ស្បែក​ជើង​ផ្ទាត់​នេះ​ទៀត​ព្រោះ​ខ្លាច​ជាតិ​គីមី​កំពប់​លើ​ពេល​រៀន​ក្នុង​ថ្នាក់​វិទ្យាសាស្ត្រ រួច​គាត់​នាំ​សុខ​ណា​ទៅ​រក​បន្ទប់​រៀន។

 

ធ្លាប់​តែ​រស់​នៅ​ក្នុង​ភូមិ​ចម្ការ​សូម្បី​ក្រុង​ភ្នំពេញ​ក៏​មិន​ស្គាល់​ច្បាស់​ផង​ធ្វើ​ឲ្យ​កំលោះ​ច្រមុះ​ស្រួច​រូប​នេះ​មាន​ការ​លំបាក​ដូច​ជា ការ​សម្រប​ខ្លួន​ជាមួយ​មជ្ឈដ្ឋាន​ថ្មី ការ​ហូប​ចុក ការ​សិក្សា​និង​ការ​ប្រើ​ប្រាស់​ភា​សា​ជា​ដើម។ ក្រោយ​ប្រលង​បាក់​ឌុប​អន្តរជាតិ​ជាប់​នៅ​សិង្ហបុរី សុខ​ណា​បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​អាមេរិក​ក្នុង​សាលា Earlham College ដោយ​ចាប់​ជំនាញ​សេដ្ឋកិច្ច និង​ទំនាក់​ទំនង​អន្តរជាតិ។

 

ថ្វី​ត្បិត​ការ​សិក្សា​រយៈ​ពេល​ជាង​៦​ឆ្នាំ​មក​នេះ ជួប​ការ​លំបាក​ដល់​កម្រិត​មួយ​នឹក​ស្មាន​មិន​ដល់​តែ​វា​ជា​ស្ពាន​ចម្លង​ដ៏​ត្រចះត្រចង់​នាំ​ឲ្យ​សុខ​ណា​សម្រេច​បាន​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​កម្រិត​ខ្ពស់​និង​ឈាន​ទៅ​រក​ការ​ងារ​ដែល​ខ្លួន​ស្រលាញ់។ បច្ចុប្បន្ន​នេះ យុវជន​អាយុ​២៣​ឆ្នាំ​កំពុង​បម្រើ​ការ​ងារ​ឲ្យ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​កុំព្យូទ័រ​មួយ​នៅ​ទី​ក្រុង​ញូវ​យ៉ក ដោយ​ធ្វើ​ជា​អ្នក​វិភាគ​ទិន្នន័យ​ជា​មួយ​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ ហើយ​រូប​គេ​ប្រាប់​ថា​នា​ថ្ងៃ​អនាគត​ចង់​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ទិន្នន័យ។

 

បើ​ទោះ​ប្រាក់​ខែ​ច្រើន​ពាន់​ដុល្លារ​យ៉ាង​ណា ក៏​មិន​អាច​ចង​ជើង​យុវជន​រូប​នេះ​បាន​ដែរ។ សុខ​ណា​ចង់​ត្រលប់​មក​កម្ពុជា​វិញ​ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ចប់​សព្វ​គ្រប់​ព្រោះ​រូប​គេ​ចង់​ស្រាវ​ជ្រាវ​និង​ចូល​រួម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​នៅ​កម្ពុជា៕

 

ត​ស៊ូ​យក​អាហារូបករណ៍​ទៅ​សិង្ហបុរី​តាំង​ពី​ថ្នាក់​ទី​១១ រៀន​ចប់​បាន​ការងារ​នៅ​ញូវ​យ៉ក

 

 

សូមអាន  ​ ​ ​​យុវជន​ខ្មែរ​ចោទ​សំនួរ​ទៅ​អូ​បា​ម៉ា បក​ស្រាយ​អត្ថន័យ​ដែល​ខ្លះ​ថា​ដូច​ខ្វះ​សំនួរ​សួរ

 

 

អត្ថបទ៖ លឹម សុ​នា

រូបថត៖ ផ្តល់ឲ្យ