កុដិ​របស់​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ត្រូវ​​​បិទ​​​​​​ទ្វារ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយ​​​តម្លៃ​​​លក់​​​

កុដិ​​​ដែល​​​មាន​​​បញ្ហា​ដ៏ក្តៅ​​​គគុក​​​នៅ​​​ក្នុង​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ ត្រូវ​​​បាន​​​បិទ​​​ទ្វារ​​​កាល​​​ពី​​​ម្សិល​មិញ រង់​​​ចាំ​​​ការ​​​សើុប​​​អង្កេត​​​ពីសំណាក់​មន្ត្រី​​​ធម្មការ​​​​ និងមន្ត្រី​​​​សង្ឃ​​​ ខណៈ​​​​​​អ្នក​​​គាំទ្រ​​​ព្រះ​​​សង្ឃ​​​ដែល​​​​​​ទិញ​​​កុដិ​​​នេះ បាន​​​គំរាម​​​ទម្លាយ​​​ទ្វារ​​​ចូល​​​ប្រសិន​​​បើ​​​មិន​​​បើក​​​ទ្វារ​​​ឡើង​​​វិញ​​​ទេ​​​នោះ។

មន្ត្រីសង្ឃ​​​នៅ​​​វត្ត​​​ដែល​​​ឧស្សាហ​​​៍មាន​​​បញ្ហា​ ​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​បាន​​​អះ​​​អាង​​​នៅ​​​សប្តាហ៍​​​​​​នេះ​​​ថា ព្រះតេជគុណ​​​ គឹម សិលា  ព្រះជន្ម​​​៥២​​​ព្រះ​​​វស្សា ជា​​​ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​ បាន​​យក​​​​ពុទ្ធប្បដិមា​​​១៧​​​អង្គ និង​​​វត្ថុ​​​បុរាណ​​​សាសនា​​​ដទៃ​​​ទៀតទៅបោះ​​​​ចោល​នៅ​​​ក្នុង​​​ស្រះ​​​ទឹក​​​បន្ទាប់​​​ពី​រើ​​​​ចេញ​​​ពី​​​កុដិ​​​ ដែល​​​ព្រះ​​​អង្គ​​​បាន​​​ទិញ​​​ពី​ព្រះ​​​សង្ឃ​​​​​​មួយ​​​អង្គ​​​ទៀត​​​កាល​​​ ​​​ពី​​​ថ្ងៃ​​​សុក្រ ។

នេះ​​​ជា​​​ផ្លូវ​​​ដើរ​​​កាត់​​​ស្រះទឹក​​​កន្លែង​​​ដែល​​​ពុទ្ធប្បដិមា​​​​​​១៧​​​អង្គ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍ នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​។ ពុទ្ធ​​​ប្បដិមាទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ថា ព្រះតេជគុណ គឹម សិលា បាន​​​យក​​​ទៅ​​​បោះចោល​​​ក្នុង​​​ស្រះ​​​នេះ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

នេះ​​​ជា​​​ផ្លូវ​​​ដើរ​​​កាត់​​​ស្រះទឹក​​​កន្លែង​​​ដែល​​​ពុទ្ធប្បដិមា​​​​​​១៧​​​អង្គ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍ នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​។ ពុទ្ធ​​​ប្បដិមាទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ថា ព្រះតេជគុណ គឹម សិលា បាន​​​យក​​​ទៅ​​​បោះចោល​​​ក្នុង​​​ស្រះ​​​នេះ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ឥឡូវ​​​េនះ​​​ ព្រះ​​​តេជគុណ គឹម សិលា កំពុង​រង​​​ការ​​​រិះ​​​គន់​​​ពី​​​​​​​​​​​​ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​ចំពោះ​​​ការ​​​ប្រព្រឹត្ត​​​​​​ខុស​​​វិន័យ​​​ព្រះ​​​ពុទ្ធ​​​ដោយចំណាយ​បច្ច័យ​៥០.០០០ដុល្លារ​​​ទិញ​​​កុដិ​​​កម្ពស់​​​ពីរ​​​ជាន់ ​​​ជា​​​កុដិ​​​មួយ​​​​​​ក្នុង​​​ចំណោម​​​កុដិ​​​ដ៏ធំ​​​បំផុត​​​ក្នុង​​​វត្ត​​​នេះ ដែល​​​មាន​​​ទំហំ ១.៥០០ម៉ែត្រ​​​ក្រឡា។

ព្រះតេជគុណ ថៃ ប៊ុនធឿន ព្រះ​​​ចៅ អធិការ ​​​ស្តី​​​ទី​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​បាន​​​មាន​​​​​​សង្ឃដីកា​​​ថា ”យោង​​​តាម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​វត្ត​​​ ការ​​​ទិញ​​​ទ្រព្យ​​​សម្បត្តិ​​​សាសនា​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​”។​​​

ព្រះ​​​អង្គ​​​បន្ថែម​​​ថា ”កាល​​​ពី​​​ម្សិលមិញ  យើង ​​​ឮ​​​ថា កុដិ​​​នេះ​​​ត្រូវ​​​បាន​​​ទិញ​​​ក្នុង​​​តម្លៃ ៥០.០០០​​​ ដុល្លារ​​​​​​ ដូច្នេះ​​​មន្ត្រីសង្ឃ និង​​​មន្ត្រី​​មក​​​ពី​​​មន្ទីរ​​​ធម្មការ​​​ និង​​​សាសនា បាន​​​យល់​​​ស្រប​​​ថា កុដិ​​​នេះ​​​គួរ​​​ត្រូវ​​​ប្រគល់​​​ជា​​​​​​ទ្រព្យ​​​សម្បត្តិ​​​វត្ត​​​”។

បើ​​​ទោះ​​​ជា​​​ព្រះ​​​ចៅអធិការ​​​វត្ត​​​មាន​​​សង្ឃ ដីកា​​​ថា ព្រះ​​​អង្គ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ផ្ទេរ​​​កុដិ​​​ពី​​​ព្រះតេជគុណ ​​​ប៊ុន ស៊ីថុន ជា​​​អតីត​មេកុដិ​​​​​​ទៅ​​​ឲ្យ​​​ព្រះតេជគុណ ​​​គឹម សិលា ក៏​​​ដោយ​​​ ក៏ព្រះ​​​អង្គ​​​លើកឡើង​ថា ​​​ព្រះ​​​អង្គ​​​មិន​​​ដឹង​​​ថា មាន​​​ការ​​​ដោះ​​​ដូរ​​​ជា​​​លុយ​កាក់ឡើយ​​​​។

ព្រះ​​​តេជគុណ​​​មាន​​​សង្ឃដីកា​​​ថា “ឯកសារ​​​នោះ​​​មិន​​​បាន​​​សរសេរ​​​ថា នេះ​ជា​​​ការ​​​ទិញ​​​ឡើយ​​​​​​។ ​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​បាន​​​ភូត​​​កុហក​​​អាត្មា​​​ដោយ​​​ឃុប​​​ឃិត​​​ពាក់​​​ព័ន្ធ​​​ឯកសារ​​​នេះ​​​”។

លោក ផន ដាវី ប្រធាន​​​មន្ទីរ​​​ធម្មការ​​​ និង​​​សាសនា​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កុដិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ទ្វារ​​​ដើម្បី​​​ឲ្យ​​​មន្ត្រី​​​សាសនា ​​​និង​​មន្ត្រី​​​សង្ឃ​​​អាច​​​ឆែក​​​ឆេរ​​​រក​​​ភ័ស្តុ​​​តាង​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បញ្ហា​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​កុដិ​​​នេះ​​​ ដូច្នេះយើង​​​សម្រេច​​​ឲ្យ​​​បិទ​​​ទ្វារ​​​កុដិ​​​នេះ​​​ជា​​​បណ្តោះ​​​អាសន្នសិន​​​​ដើម្បី​​​យើង​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​”។ទ្វារ​​​មុខ​​​កុដិ​​​លេខ​​​១៧​​​ក្នុង​​​វត្ត​​​នេះ​​​​​​​​​​​​​​​ត្រូវ​​​បាន​​​ចាក់​​​សោ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

cam-photo-monk-folo-jens1កាល​​​ពីថ្ងៃ​​​ច័ន្ទ មន្ត្រី​​​ធម្មការ​​​​បាន​​​សាក​​​សួរ​​​ព្រះតេជគុណ គឹម សិលា រយៈ​​​ពេល​​​ជាង​​​៣​​​ម៉ោង​​​ ខណៈ​​​ពេល​​​អ្នក​​​គាំទ្រ​​​ព្រះ​​​អង្គ​​​ដែល​​​ភាគ​​​​​​ច្រើន​​​ជា​​​ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​មក​​​ពី​​​វត្ត​​​សាមគ្គី រង្សី ក្បែរ​​​នោះ​​​ បាន​​​រង់​​​ចាំ​​​នៅ​​​ខាង​​​ក្រៅ​​​។ ​​​នៅ​​​ពេល​​​​​​ពាក្យ​​​ចចាម​​​អារ៉ាមមិនពិត​ផ្សព្វ​​​ផ្សាយ​​​​​​ថា ​​​ព្រះ​​​តេជគុណ គឹម សិលា ​​​ត្រូវ​​​បាន​​​ផ្សឹក​​​ អ្នក​​​គាំទ្រ​​​បាន​​​ព្យាយាម​​​រុញ​​​ច្រាន​​​កាត់​ព្រះ​​​​​​សង្ឃ​​​ប្រហែល​​៣០​​​អង្គ​​​ដែល​​​ឈរ​​យាម​ដោយ​បណ្តាល​​​ឲ្យ​​​មាន​ការ​ប៉ះ​​​ទង្គិច​​​គ្នា​​​បន្តិច​​​បន្តួច​​​ ហើយ​​​ការ​​​ប្រជុំ​​​ត្រូវ​​​បាន​​​ផ្អាក​​​ដោយ​គ្មាន​លទ្ធផល​អ្វីឡើយ។

នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ម្សិលមិញ ​​​ព្រះតេជគុណ គឹម សិលា បាន​មាន​​​សង្ឃដីកា​​​នៅ​​​ខាង​​​មុខ​​​កុដិ​​​ជាមួួ​យ​​​​​​អ្នក​គាំទ្រ​​​ប្រហែល​​​៣០​​​អង្គ​​​-នាក់ ដែល​​​ហ៊ោ​​​អប​​​អរ​​​ព្រះ​​​អង្គ។

ព្រះអង្គ​​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​គិតថា ​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​នេះ​​​ចង់​​​យក​​​កុដិ​​​នេះ ប្រសិន​​​បើ​​​ចង់​​​យក​​​ សូម​​​ឲ្យ​​​បច្ច័យ​​​អាត្មា​​​៥០.០០០​​​ដុល្លារ ​​​​​វិញ​​​មក ហើយ​​​អាត្មា​​​នឹង​​​យក​​​ទៅ​​​បរិច្ចា​​​គ​​​ ដល់​​​​​​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា​​​”។

ព្រះតេជគុណ ថាច់ ហា សំអាង ​​​ព្រះចៅ​​​អធិការ​​​វត្ត​​​សាមគ្គីរង្សី ​​​ក៏មាន​​​វត្តមាន​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យដែរ​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ ហើយ​​​បាន​​​ផ្តល់​​​ឱសានវាទ​​​ជុំវិញកុដិដែលមាន​បញ្ហា​​​នេះ​​​​​។

ព្រះតេជគុណ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “ថ្ងៃ​​​េនះ​​​អាត្មា​​​មក​​​ទីនេះ…ក្នុង​​​នាម​​​ជា​​​អនុប្រធាន​​​សមាគម​​​​ព្រះ​​​សង្ឃ​​​ខ្មែរ​​​កម្ពុជា​​​ក្រោម ហើយ​​​យើង​​​ទាម​​​ទារ​​​ឲ្យ​​​បើក​​​ទ្វារ​​​កុដិ​​​របស់​​​ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​ភ្លាម​​​ៗ។ យើង​​​ទុកពេល​ឲ្យ​​​បើក​​​ទ្វារ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ ឬ​​​ថ្ងៃ​​​ស្អែក ប្រសិន​​​បើ​​​មិន​​​បើក​​​ទេ​​​ យើង​​​នឹង​​​ផ្តាច់​​​សោ​​​តែ​​​ម្តង”​​​។

ជា​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​គំរាម​​​នេះ​​​ព្រះ​​​តេជគុណ ថៃ ប៊ុនធឿន បានមាន​​​សង្ឃ​​​ដីកា​​​ថា “ប្រសិន​​​បើ​​​ហ៊ាន​​​ធ្វើ​​​អ៊ីចឹង​​​មែន​​​ ព្រះ​​​សង្ឃ​​​នៅ​​​ក្នុង​​​វត្ត​​​នឹង​​​ចាត់​​​វិធានការ​​​”៕សារុន

The post កុដិ​របស់​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ត្រូវ​​​បិទ​​​​​​ទ្វារ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយ​​​តម្លៃ​​​លក់​​​ appeared first on ខេមបូឌា ដេលី.