អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លើកឡើង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ថាមពលបរមាណូ ផ្តល់​អគ្គិសនី​ថោក សម្រាប់​កម្ពុជា​

ភ្នំពេញ: ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិ​ត ទីណា បានលើកឡើង តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ អំពី​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការបង្កើត​រោងចក្រ​អគ្គិសនី ប្រើ​ថាមពលបរមាណូ នុយក្លេអ៊ែរ​។ ក្នុងនោះ លោក​ឌិ​តទី​ណា បានលើកឡើង​ពី​ប្រទេស​វៀតណាម ជាប់​កម្ពុជា ដែល​បានសម្រេច​សាងសង់​រោងចក្រ​បរមា​ណូ ផលិត​អគ្គិសនី ដែលមាន​តម្លៃ​ត្រឹមតែ ១០០ រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​

​លោក ឌិ​ត ទីណា បាន​លើកឡើងថា "​ថាមពលបរមាណូ​នេះ ផ្តល់​អគ្គិសនី​ថោក មិន​បញ្ចេញ ឧស្ម័ន​ផ្ទាំង​កញ្ចក់ និង​មិន​បំពុលបរិស្ថាន លើកលែងតែ មាន​បញ្ហា​ផ្ទុះ ឬ​សាយភាយ សារធាតុ​វិទ្យុសកម្ម​"​។​

​លោករ​ដ្ឋេ​ល​ខា​ធិ​ការ​វ័យក្មេង ឌិ​ត ទីណា បន្តថា "​អត្ត​ប្រយោជន៍​ទាំងនេះ បានធ្វើ​ឲ្យ​ប្រទេស​វៀតណាម សម្រេច​សាងសង់ រោងចក្រ​អគ្គិសនី ដើរ​ដោយ​ថាមពល បរមាណូ​ហើយ​។ ដូច្នេះ​បើ​ប្រទេសមួយ​នេះ មានការ​ថ្លោះធ្លោយ ប្រទេស​កម្ពុជា​យើង ដែល​នៅ​ជិតខាង ក៏​អាច​រងគ្រោះ​ដែរ​។ ប្រទេស​វៀតណាម អាច​ទទួលបាន​អគ្គិសនី​ក្នុងតម្លៃ​ប្រហែល ១០០៛/KWh (USD0.025/KWh) ខណៈ​ប្រទេស​យើង អាច​រងគ្រោះ ក្នុងករណី​គេ​មាន​បញ្ហា​"​។​

​ជាមួយគ្នា​នោះ លោក ទិ​ត​ឌី​ណា បាន​គូសបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី អា​រ៉ែ​ង​១០ នឹងមិន​ស្មើរ​រោងចក្រ ថាមពលនុយក្លេអ៊ែ ១ ឡើយ​។ រោងចក្រ​ថាមពលនុយក្លេអ៊ែ​១ = 1200 មេ​ហ្គា​វ៉ា​ត់ រីឯ​វា​រី​អគ្គិសនី​អា​រ៉ែ​ង​១ = 108 មេ​ហ្គា​វ៉ា​ត់​។ បើ​យើង​មាន​គង់តែ​ប្រឈម​នឹង​ហានិភ័យ​ដូចគ្នា តើ​យើង​គួរ​មាន​រោងចក្រ​របស់​យើង ដើម្បី​ទទួលបាន​ភ្លើង ១០០៛/KWh ឬទេ​? សូមជួយ​ផ្តល់យោបល់​តា​ម​ការគួរ​!"​។​

​នៅក្នុង Comments លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឌិ​តទី​ណា មានការ​បញ្ចេញយោបល់​យ៉ាងច្រើន​។ យោបល់​ភាគច្រើន​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក ឌិ​ត ទីណា ដែល​ចង់​ឲ្យ​កម្ពុជា សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ប្រើ​ថាមពលបរមាណូ​នុយក្លេអ៊ែរ ក្នុង​បំណង​ឲ្យ​ប្រទេស​កម្ពុជា​យើង មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ក្នុងតម្លៃ​ថោក ហើយ​ផ្គត់ផ្គង់​គ្រប់គ្រាន់​។​

​ឆ្លើយតប​នឹង​អ្នកផ្តល់យោបល់​លើ​ហ្វេ​ស​ប៊ុ​ក ដែល​សួរ​អំពី​រុស្ស៊ី តើ​រុស្ស៊ី​ពិតជា​ជួយ​កម្ពុជា​យើង ក្នុងការ​បង្កើត​រោងចក្រ​អគ្គិសនី ប្រើ​ថាមពលបរមាណូ​មែន​ទេ​? លោក ឌិ​ត ទីណា បាន​ឆ្លើយតប​ថា “​រុស្ស៊ី​នឹង​ជួយ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​មួយចំនួន​”​។​

​ជាមួយគ្នា​នោះ លោក ឌិ​ត ទីណា ក៏បាន​បន្ថែមថា "​បើ​យើង​ចង់បាន ហើយ​សម្រេច​ថា ត្រូវមាន​នោះ ( រោងចក្រ​អគ្គិសនី​ប្រើ​ថាមពលបរមាណូ ) គឺ​ប្រើពេល​សាងសង់ មិនតិចជាង ១០ ទៅ ១៥ ឆ្នាំ​ឡើយ​"​។​

​អំពី​សុវត្ថិភាព ដែល​មិត្ត​ហ្វេ​ស​ប៊ុ​ក​បានលើកឡើង​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​រ៉ែ និង​ថាមពល គួរតែ​សិក្សា​ឲ្យ​បាន​លម្អិត​អំពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំងមូល ក្នុងការ​សម្រេច​សាងសង់​រោងចក្រ​អគ្គិសនី ប្រើ​ថាមពលបរមាណូ ក៏ត្រូវ​បាន​លោក ឌិ​ត ទីណា បាន​ឆ្លើយតប​វិញ​ថា "​សុវត្ថិភាព​សំខាន់​ណាស់​។ គ្រប់​ទីកន្លែង​ទាំងអស់ ដែល​សង់​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពលបរមាណូ ត្រូវគោរព​ស្តង់ដារ​អន្តរជាតិ AIEA​។ បើ​មិនត្រូវ​ស្តង់ដារ ក៏​គេ​មិន​ឲ្យ​ធ្វើ​ដែរ​"​។​

​សូម​រម្លឹកថា ការផ្តួចផ្តើម​បង្ហើប​ពី​បំណង​បង្កើត​រោងចក្រ​អគ្គិសនី ប្រើ​ថាមពលបរមាណូ នៅ​កម្ពុជា​នេះ បានធ្វើ​ឡើង ក្រោយពី​ហេតុការណ៍​ដាច់​ភ្លើង ចរន្តអគ្គិសនី នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ស្ទើរតែ​នៅ​ទូទាំងប្រទេស រយៈពេល​ប្រមាណ​ជា ១ ម៉ោង កាលពី​ម៉ោង​ជិត ១០ យប់ រហូតដល់​ម៉ោង​ជិត ១១ យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ មូលហេតុ​នៃ​ការ​ដាច់​ភ្លើង​នោះ ត្រូវបាន​អគ្គិសនី​កម្ពុជា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចេញមុខ​ប្រកាស​ភ្លាមៗ​ថា ដោយសារ​ប្រភព​ផ្គ​ត​ផ្គង់​អគ្គិសនី​ពី​វៀតណាម ត្រូវបាន​កាត់ផ្តាច់​៕​