កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចុះបញ្ជី​ជា​ផ្លូវការ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ឬ​ផ្សារ​ហ៊ុន​កម្ពុជា​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ កំពង់ផែ​ស្វយ័ត​ភ្នំពេញ កសក បាន​ប្រារព្ធ​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ផ​មក ដើម្បី​បើក​ការជួញដូរ​មូល​ប​ត្រ​ជា​សាធារណៈ​។ ពិធី​នៅ​ព្រឹក​នេះ មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​អាគារ​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ជាប់​នឹង​រតនាគារជាតិ ជិត​វត្តភ្នំ​។​

​លោក ហ៊ី បា​វី អគ្គនាយក​កំពង់ផែ​ភ្នំពេញ បាន​លើកឡើងថា ការបោះ​លក់​មូល​ប​ត្រ ជា​លើកដំបូង របស់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រមូល​ថវិកា វិនិយោគ​បន្ត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កំពង់ផែ ក្នុងការ​ផ្ទុកទំនិញ ឲ្យ​បាន​កាន់តែ​ច្រើ​ឡើង​ថែមទៀត ស្របតាម​ផែនការ​អគ​នាគ​ត​។​

​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (​ក​.​ស​.​ភ​) គឺជា​កំពង់ផែ​អន្តរជាតិ​មួយ ក្នុងចំណោម​កំពង់ផែ​អន្តរជាតិ​ទាំងពីរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិ​ជា​និយ័ត​ករ​ផែ និង​ជា​ប្រតិបត្តិ​ករ​លើ​អាជីវកម្ម​ផែ ហើយក៏​ជា​សហគ្រាស​រដ្ឋ​ទី​ពីរ ដែល​បាន​ចុះបញ្ជី​មូល​ប​ត្រ​ជា​ផ្លូវការ នៅ ផ​.​ម​.​ក​. នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ក្នុង​មួយ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ មានតម្លៃ ៥.១២០ រៀល​។ កំពង់ផែ​ស្វយ័ត​​ក្រុងភ្នំពេញ មាន​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​៖ ២០.៦៨៤.៣៦៥ និង​ចំនួន​ភាគហ៊ុន​បោះផ្សាយ​៖ ៤.១៣៦.៨៧៣ ភាគហ៊ុន​។​

​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ជា​ក្រុមហ៊ុន​ទី​៣ ដែលមាន​ចំនួន​ភាគហ៊ុន​ចុះបញ្ជី ២០.៦៨៤.៣៦៥​បាន​ចុះបញ្ជី​ផ្លូវការ​ចូលក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ក​ម្ពុ​ជា​។ ក្រុមហ៊ុន​ទី​១ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​ចុះបញ្ជី​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១២ ដោយមាន​ចំនួន​ភាគហ៊ុន​ចុះបញ្ជី     ​៨៦.៩៧៣.១៦២ និង​ទី​២ ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ Grand Twins International ដែល​បាន​ចុះបញ្ជី កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ ដោយមាន​ចំនួន​ភាគហ៊ុន​ចុះបញ្ជី ៤០.០០០.០០០៕