NOCC បាន​កំណត់​ទី​តាំងកីឡា​​១១​ប្រ​ភេទ ត្រូវ​​ប្រកួត​នៅ​បុណ្យ​សមុទ្រ​​

ប្រភេទ​កីឡា​មាន​ប្រជា​​ប្រិយ និង​ប្លែក​ចំនួន​១១​ប្រភេទ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត និង​សម្តែង ក្នុង​ពិធី​បុណ្យ​សមុទ្រ ប្រចាំ​ឆ្នាំ​២០១៥ ​​​នៅ​ទី​រួម​ខេត្ត​កំពត ​ចាប់​ពី​ថ្ងៃ​សុក្រទី​១១​ ដល់​ថ្ងៃ​អាទិត្យ ទី​១៣​ ខែ​ធ្នូ ចុង​សប្តាហ៍​នេះ ត្រូវ​បាន​អង្គ​ប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កំណត់​ទី​តាំង​ប្រកួត និង​ពេល​វេលា​នៃ​ការ​ប្រកួត​រួច​រាល់​អស់​ហើយ។cam-sport-001  cam-sport-003

ប្រភេទ​កីឡា​​ទាំង​​១១​ប្រ​ភេទ​​នោះ រួម​មាន​រត់​ប្រណាំង​កម្សាន្ត ​(FunRun) ចំបាប់​បុរាណ​ខ្មែរ ​ប្រណាំង​ទូក​ប្រ​ពៃ​ណី​ ល្បុក្កតោ​ កីឡា​ទូល​ក្តោង​(Salling)​ ប្រ​ដាល់​ក្បាច់​បុរាណ​ខ្មែរ​ បាល់​ទះ​លើ​ឆ្នេរខ្សាច់​ កីឡា​ឆ័ត្រ​យោង​ កីឡា​អេឡិច​ត្រូនិច​ ប្រណាំង​កង់​ និង​កីឡា​អុក​ចត្រង្គ​ ហើយ​នៅបុណ្យសមុទ្រ​ឆ្នាំ​នេះ ​អង្គ​ប្រ​ជុំ ​បាន​​សម្រេច​ដាក់​ឲ្យ​មានការ​​ដង្ហែ​ទូកចំនួន​១០០ ​ដែល​មាន​ភ្លើង​ពណ៌​ ​នៅ​ព្រែក​កំពុង​បាយ ​ព្រម​ទាំង​​​មាន​តន្ត្រី​បណ្តែត​ទឹក​ផង​ដែរ។​
​តាម​ការ​កំណត់​របស់​អង្គ​ប្រជុំ កាល​ពី​ម្សិល​មិញ​នោះ គឺ​​ការ​​​​ចេញ​ដំណើរ ​និង​បញ្ចប់​នៃ​ការ​រត់​ប្រណាំង​កម្សាន្ត នឹង​ធ្វើ​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ​នៅ​កន្លែង​បញ្ឈ​ព័ត៌មាន ​ឯ​ចំបាប់​បុរាណខ្មែរ ​ដែល​ប្រកួត​​មិន​កំណត់​ចំនួន​នោះ ​ត្រូវ​ធ្វើ​​៣​ថ្ងៃ​តែ​ម្តង នៅ​ទី​លាន​ទី​ធ្លា​ដើម​ពោធិ៍​​ រីឯ​ ការ​ប្រណាំង​ទូក​ប្រពៃណី​ចំណុះ​១៥​ទៅ​២០​នាក់​ ត្រូវ​ធ្វើ​​ចំនួន​២​ថ្ងៃ​ នៅ​មណ្ឌល​កីឡា​លើ​ទឹក​NOCC ​ពី​ព្រឹក​ម៉ោង​៩​ទៅ​។

cam-sport-002
​ចំណែក​ការ​សម្តែង​ល្បុក្កតោ​ មាន​​ចំនួន​១២​គូ​ ដោយ​សម្តែង​ពី​ថ្ងៃ​ទី​១២ ​និងទី​​១៣ ​ខែ​ធ្នូ​ នៅ​​ទី​ធ្លា​ដើម​ពោធិ៍ ​ខណៈ​ប្រ​កួត​ទូក​ក្តោង​ ធ្វើ​៣​ថ្ងៃ​ពេញ នៅ​​​មណ្ឌល​កីឡា​លើ​ទឹក​NOCC ​ចាប់​ពី​ម៉ោង​​២​រសៀល​តទៅ​។ រីឯ ​ប្រ​ដាល់​បុរាណ​ខ្មែរ​ មាន​តែ​ការ​សម​យុទ្ធចំនួន​៨​គូ​ទេ ​នៅ​​ទី​ធ្លា​ដើម​ពោធិ៍ ​នា​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ​ពេល​រសៀល​ ​ឯ​ការ​ប្រកួត​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ មាន​​​១០​ក្រុមចូល​រួម​ដោយ​ប្រកួត​​ពី​​ថ្ងៃ​ទី​១២​ ដល់ទី​​​១៣​ខែ​ធ្នូ ​នៅ​ Resort ​វាល​ខ្សាច់​មុខ​មណ្ឌល​កីឡា​លើ​ទឹក ​វេលា​ម៉ោង​៩​ព្រឹក​តទៅ​។
​ចំពោះ​ការ​ប្រកួត​កីឡា​ឆ័ត្រ​យោង​ មាន​​អ្នក​ចូល​រួម​១០​នាក់​ ដោយ​ធ្វើ​ពី​ថ្ងៃ​ទី​១១​​ដល់​ទី​​១២​ ខែធ្នូ​ វេលា​ម៉ោង​១០​ព្រឹក​ទៅ ​នៅ​ទី​លាន​ដី​ឡូ​ដើម​ពោធិ៍​ ​ហើយ​ការ​​ប្រណាំង​កង់​ទាំង​៣​វិញ្ញាសា គឺ​ចម្ងាយ​​៤០​គីឡូម៉ែត្រ ​១០​​គីឡូម៉ែត្រ​ និង​១០០​គីឡូម៉ែត្រ​ គឺ​​ចេញ​ដំណើរ នា​ព្រឹក​ម៉ោង​៦​ថ្ងៃ​​ទី​១៣ ​និង​បញ្ចប់​នៅ​កន្លែង​តែ​មួយ​គឺ​បញ្ឈ​ព័ត៌មាន​​។ ​កីឡា​អេឡិច​ត្រូនិច ​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​​១៦​ក្រុម ដោយ​​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១១​ និង​ទី​១២​ ខែ​ធ្នូ ​នៅ​ទី​លាន​ដី​ឡូ​ដើម​ពោធិ៍ ​​ចាប់​ពី​ម៉ោង​៩​តទៅ​ ខណៈ​​កីឡាអុក​ចត្រង្គ​ ដែល​មិន​ទាន់​កំណត់​ចំនួន​នោះ ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​លេងបាន​​ចំនួន​២០​នាក់​ហើយ​ ដោយកីឡា​នេះ​ត្រូវ​​ប្រ​កួត​ពី​ថ្ងៃ​ទី​១១​ និង​១២​ ខែ​ធ្នូ​ នៅ​​ដី​ឡូ​ដើម​ពោធិ៍​។ ក្រៅ​ពី​នោះ​ក៏​មាន​ការ​សម្តែង​ក្បាច់​គុន​ចម្រុះ តេក្វាន់ដូ វ៉ូវីណាម ការ៉ាតេដូ ការ​ប្រឡង​ចម្រៀង​លក្ខណៈកម្សាន្ត ការ​ប្រគុំ​តន្រ្តី របាំ ឆាក​កំប្លែង(នាយគ្រឿន ក្រុម PSE) ផង​ដែរ៕