Ronaldo បង្កើតកំណត់ត្រា ខណៈ Real បំ​បាក់ Malmo ៨-០

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បានក្លាយ​ជាកីឡាករ​​ដំ​បូងគេក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​១០​គ្រាប់ ឬ​​ច្រើន​ជាង​នេះ​ក្នុង​ការ​​ប្រកួត​វគ្គ​ចែក​ពូល​នៃក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​កាលពី​ថ្ងៃអង្គារ ខណៈ​ដែល Real Madrid បាន​បំ​បាក់​ក្រុម Malmo យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៨-០។

ronaldo-001

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​១១​គ្រាប់ក្នុងការ​ប្រកួត​៦​លើក ដើម្បី​​​រកគ្រាប់​បាល់​​ឲ្យ​បាន​ច្រើន​ជាង​៩​គ្រាប់​ដែល​ត្រូវ​បាន​រក​ដោយ​ខ្សែ​ប្រយុទ្ធ Luiz Adriano របស់​ក្លិប Shakhtar Donetsk កាលពី​រដូវកាល​មុន​។ Ronaldo ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩​គ្រាប់​ផង​ដែរ​ក្នុងការ​ប្រកួត​វគ្គ​ចែក​ពូល​នៅ​រដូវ​កាល​​ឆ្នាំ​២០១៣-២០១៤​។ Real Madrid បាន​កត់​ត្រា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League បើ​គិត​ចាប់​តាំង​ពី​ក្រុម Liverpool ក៏​បាន​ផ្តួល​ក្រុម Besiktas ក្នុង​លទ្ធ​ផល ៨-០ ផង​ដែរ​កាលពី​ឆ្នាំ​២០០៧​។ Ronaldo ក៏​បាន​ជួយ​ឲ្យ​​រក​គ្រាប់​បាល់​​២គ្រាប់​​ទៀត​ផងដែរ​​ដល់​ខ្សែ​ប្រយុទ្ធ Karim Benzema ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​​​ក្នុង​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន Santiago Bernabeu​។ ការ​ប្រកួត​នេះ​​មានន័យ​តិច​តួច​ណាស់​សម្រាប់ក្រុម Real Madrid ពីព្រោះ​​ពួក​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​រួច​ជា​ស្រេច​ក្នុង​ពូល A ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​នេះ​បាន​ជួយ​​បន្ធូរ​បន្ថយ​សម្ពាធ​​ដល់​លោក​គ្រូ​បង្វឹក Rafa Benitez និង​ប្រធានក្លិប​លោក Florentino Perez​។ អ្នក​គាំ​ទ្រ​នៅ​ខឹង​សម្បា​ចំពោះការ​រង​បរា​ជ័យ​យ៉ាង​​អា​ម៉ាស​ក្នុងលទ្ធ​ផល ៤-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Barcelona ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ​លីក​របស់​អេ​ស្ប៉ាញ និងការ​ធ្លាក់​ចេញ​ពី​​ការ​ប្រកួត​ពាន Copa del Rey ពីព្រោះ​ក្លិប​នេះ​បាន​ប្រើ​ប្រាស់​កីឡាករ​ជាប់​ពិន័យ​ព្យួរ​។ Ronaldo បាន​ធ្វើ​ឲ្យមាន​​ភាព​ធូរ​​ស្រាល​ដល់​គ្រូ​បង្វឹក​ និង​ប្រធាន​របស់​គេ​ជា​មួយ​នឹង​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អមួយ​ផ្សេង​ទៀត​ដើម្បី​​ជួយ​ឲ្យ Real បញ្ចប់​ការ​ប្រកួត​​វគ្គ​ចែកពូល​ដោយមាន​១៦​ពិន្ទុ​ពីការ​ប្រកួត​៦​លើក​​៕
ប្រភព​ព័ត៌​មាន៖ Bangkok Post