ឈួន សុវណ្ណ​ឆៃ បោះបង់​របរ​ចិញ្ចឹម​ជ្រូក និង មាន់​

​តារាចម្រៀង និង សម្តែង​មេម៉ាយ​កូន​ពីរ ឈួន សុវណ្ណ​ឆៃ បានដាក់​ទុន​ជាង ១០ ម៉ឺន​ដុល្លារ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង ចិញ្ចឹម​មាន់នៅ​ម្តុំ​ថ្នល់ទទឹង​អស់​រយៈពេល​ជាង ៦ ឆ្នាំ​មកហើយ ។ ប៉ុន្មាន​ឆ្នាំ​មុននេះ ឈួន សុវណ្ណ​ឆៃ ធ្លាប់បាន​ប្រាប់ថា មុខរបរ​ចិញ្ចឹម​ជ្រូក និង មាន់​របស់​នាង កំពុង​កាក់កបគួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​នៅពេលនេះ ឈួន សុវណ្ណ​ឆៃ បាន​ប្រាប់ថា របរ​ចិញ្ចឹម​ជ្រូក និង មាន់​នោះ​នាង​បាន​បោះបង់ចោល​ទៅហើយ ។ ការបោះបង់​របរ​ចិញ្ចឹម​ជ្រូក និង មាន់​នេះបានធ្វើ​ឱ្យមាន​ព័ត៌មាន​ថា ឈួន សុវណ្ណ​ឆៃ ក្ស័យ​ទុន ព្រោះតែ​បាត់​ប្រភព​ចំណូល​ពី​អតីត​ស្វាមី ។​

​កាលពី​ជាង​ពីរ​ឆ្នាំមុន តារាចម្រៀង និង សម្តែង ឈួន សុវណ្ណ​ឆៃ ធ្លាប់បាន​ប្រាប់ថា របរ​ចិញ្ចឹម​ជ្រូក និង មាន់​របស់​នាង គឺជា​ប្រភព​ចំណូល​ធំ​ប្រចាំ​គ្រួសារ ព្រោះ​របរ​នេះ​បានទទួល​ផលចំណេញ​ច្រើន បើ​ធៀប​នឹង​អាជីព​សិល្បៈ​របស់​នាង ។ ជំនួញ​នេះ​នាង​ក៏​មិនមាន​គម្រោង​បោះបង់​ដែរ គឺ​ធ្វើ​រហូត លុះត្រាតែ​ទីផ្សារ​ក្នុងស្រុក​មិន​ដើរ​ទើប​នាង​ងាក​ទៅរក​របរ​ផ្សេង​ជំនួស​វិញ ប៉ុន្តែ​គម្រោង​របស់ ឈួន សុវណ្ណ​ឆៃ ខាងលើនេះ គឺ​មិនអាច​នៅ​ឋិតថេរ ដូច​ការអះអាង​របស់​នាង​ឡើយ ពោលគឺ​នៅពេលនេះ ក្រោយពី​លែងលះ​ប្តី​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ឈួន សុវណ្ណ​ឆៃ ក៏បាន​ប្រាប់​ដោយផ្ទាល់​ថា នាង​បាន​បោះបង់​មុខរបរ​ចិញ្ចឹម​មាន់ និង ជ្រូក​មួយរយៈ​មកហើយ គឺ​នៅពេលនេះនាង​បាន​ជួល​កសិដ្ឋាន​ឱ្យទៅ​គេ​ហើយ ។​

​ការ​ជម្រុះ​ចោល​ជំនួញ​ដែល​ធ្លាប់បាន​ទទួលផល​នេះ ឈួន សុវណ្ណ​ឆៃ ក៏បាន​ប្រាប់​ដែរ​ថា ការដែល​នាង​ឈប់​ចិញ្ចឹម​មាន់ និង ជ្រូក​នេះ មិនមែន​មកពី​ទីផ្សារ​នោះទេ ទីផ្សារ​នៅតែ​ល្អ និង​នៅតែ​ចំណេញ​ប្រាក់​ច្រើន ប៉ុន្តែ​មាន​បញ្ហា​ដែល​នាង​ជួប​មិនអាច​ដោះស្រាយបាន​គឺ​នាង​គ្មាន​អ្នក​មើលថែ ព្រោះ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ នាង​មាន​ឪពុក​ជា​អ្នក​មើលថែ តែ​ឥឡូវ​គាត់​មាន​អាយុ​កាន់តែច្រើន និង​ឧស្សាហ៍​ឈឺ​ទៀត ដូច្នេះហើយ​ទើប​នាង​បង្ខំចិត្ត​បោះបង់​របរ​នេះ​ចោល ដោយ​ជួល​កន្លែង​ឱ្យគេ​មួយរយៈ​សិន ចាំ​ពេលណា​នាង​រកបាន​អ្នក​មើលថែ​ដែល​ទុកចិត្តបាន នាង​នឹង​បន្ត​អាជីព​នេះ​ឡើងវិញ ។

ស្របគ្នា​នឹង​ការបញ្ជាក់​នេះ អ្នកយក​ពត៌មាន​យើង​ក៏បាន​លើកយក​ព័ត៌មាន​ដែល​ល្បី​ថា ឈួន សុវណ្ណ​ឆៃ ក្ស័យ​ទុន ព្រោះ​លែងមាន​ប្តី​ជួយ​ឧ​ប​ត្ត​ម្ភ ប៉ុន្តែ​ចំណុច​នេះ​ត្រូវបាន​អ្នក​មេម៉ាយ​កូន​ពីរ​រូបនេះ ប្រាប់ថា រឿង​ពាក់ព័ន្ធ​ជាមួយ​អតីត​ស្វាមី​របស់​នាង នាង​មិន​ចង់​និយាយ ទៀត​ទេ ប៉ុន្តែ​សម្រាប់​រឿង​នាង​ផ្អាក​ចិញ្ចឹម​ជ្រូក និង មាន់ គឺ​មិន​ព័ន្ធ​នឹង​រឿង​នាង​ខ្វះ​ប្រាក់ ព្រោះ​គ្មាន​អ្នកណា​ជួយឧបត្ថម្ភ​ដូច​ពាក្យ​គេ​និយាយ​នោះទេ ពោលគឺ​របរ​នេះ ទោះ​កាលពី​នៅ​ជុំគ្នា​ជា​ប្តី​ប្រពន្ធ ក៏​នាង​យកតែ​ប្រាក់​ផ្ទាល់ខ្លួន​នាង​ហ៊ុន​ជាមួយ​ប្អូនស្រី ឈួន ស្រី​ម៉ៅ ធ្វើ​ដែរ ហើយ​ពេលនេះ នាង​ក៏​មិន​ក្ស័យ​ទុន​អី​ដែរ ដូច​ពាក្យ​នាង​បញ្ជាក់​ខាងលើ​អ៊ីចឹង​គឺ​បណ្តាលមកពី​នាង​អាណិត​ឪពុក ព្រោះ​គាត់​មាន​អាយុ​កាន់តែច្រើន នាង​មិន​ចង់ឱ្យ​គាត់​នៅ​មើលថែ​ចិញ្ចឹមសត្វ​បន្តទៀត ហើយ​គាប់​ជួន​នាង​រក​អ្នក​ជំនួស​គាត់​មិនទាន់បាន​ក៏​សម្រេចចិត្ត​ជួល​កសិដ្ឋាន​ឱ្យគេ​មួយរយៈ​តែប៉ុណ្ណោះ ។​

​ជាមួយគ្នា​នឹង​ការរៀបរាប់​ប្រាប់​នេះដែរ អ្នកយកព័ត៌មាន​យើង ក៏បាន​សួរនាំ​ពី​ពេលវេលា​វិល​មក​បន្ត​របរ​ចិញ្ចឹម​មាន់ និង ជ្រូក​នេះ នៅពេលណា​ផងដែរ ប៉ុន្តែ​សំណួរ​នេះ​ត្រូវបាន ឈួន សុវណ្ណ​ឆៃ ប្រាប់ថា នាង​មិនទាន់​អាច​បញ្ជាក់ប្រាប់​ពី​ពេលវេលា​បានទេ តែ​ការផ្អាក​របរ​នេះ​ក៏​មិន​ហួស​ពីមួយ​ឆ្នាំ​ដែរ ។​ ​ទន្ទឹមនឹង​ការបញ្ជាក់​ប្រាប់​ពី​ការ​ធីប​ទុក​របរ​នេះដែរ ងាក​មក​រឿង​គូ​អនាគត​ថ្មី​វិញ​ដែល​ល្បី​ថា ឈួន សុវណ្ណ​ឆៃ រកបាន​ម្ចាស់​ស្នេហ៍​កំបាំងមុខ រហូត​មាន​ព័ត៌មាន​ថា​នាង​មាន​ផ្ទៃពោះ​នោះ តែ​ត្រូវបាន​តារា​ស្រី​រូបនេះ​ប្រាប់ថា មកដល់ពេលនេះ​នាង​មិនទាន់មាន​ប្តី​ទៀត​ទេ ហើយ​នាង​ក៏​មិនមាន​ផ្ទៃពោះ​ដូច​ព័ត៌មាន​ដែល​បាន​គេ​បាន​និយាយ​នោះដែរ ។

អ្នក​មេម៉ាយ​រូបនេះ បាន​បន្តទៀតថា អ្នក​ស្រឡាញ់​នាង​មាន​ច្រើន ប៉ុន្តែ​នាង​សង្កេតឃើញថា បុរស​ដែល​សារភាពថា ស្រឡាញ់​នាង​នោះ​គឺ​មិនមែនជា​ស្នេហា​ពិតប្រាកដ​នោះទេ គឺ​គេ​ស្រឡាញ់​នាង​គ្រាន់តែ​ជាការ​លេងសើច​តែប៉ុណ្ណោះ ។ ដូច្នេះ​តើ​ឱ្យ​នាង​ទទួលយក​ស្នេហា​នេះ​មក​ធ្វើ​អី បើ​ដឹង​ហើយ​ថា គេ​ស្រឡាញ់​គ្រាន់តែ​ជាការ​សប្បាយ​របស់គេ​នោះ ? ​ឈួន សុវណ្ណ​ឆៃ បានបញ្ជាក់​ជា​ចុងក្រោយ​ថា បើ​ឱ្យ​នាង​យក​ខ្លួន​ទៅ​លលេង​នឹង​ស្នេហា​ដូច​យុវវ័យ​នោះ​គឺ​នាង​មិនត្រូវ​ការ​ទេ នាង​ត្រូវការ​ស្នេហា​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ មិន​ថា​បុរស​ម្នាក់​នោះ​ពោះម៉ាយ ឬក៏​មាន​វ័យ​ច្រើន​នោះទេ គឺ​នាង​មិន​ប្រកាន់​ឡើយ ឱ្យតែ​គេ​ជា​មនុស្ស​ប្រុស​ឱ្យ​តម្លៃ​ដល់​ប្រពន្ធ ៕ ចន្ថា​