តួកគី ព្រមានដាក់ ទណ្ឌកម្ម លើ រុស្ស៊ី បើអាចទៅរួច

អង់ការ៉ា៖ លោកនាយករដ្ឋមន្ត្រីតួកគី អាម៉េត ដាវូតូគ្លូ បានថ្លែងនៅក្នុងសភាជាតិ នៃរដ្ឋធានី អង់ការ៉ា ថា ប្រទេសតួកគី កំពុងតែពិចារណា ចំពោះចំណាត់ការនានាទៅលើរុស្ស៊ី ជាពិសេស ប្រទេសនេះ ក៏គ្រោងនឹងដាក់ទណ្ឌកម្ម ទៅលើប្រទេស រុស្ស៊ី ប្រសិនបើអាចទៅរួចផងដែរ។ នេះបើតាមការ ផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០១៥។

បើទោះបីជា ប្រទេសតួកគី ហាក់បង្ហាញពីក្តៅក្រហាយ មិនអាចទប់បាន ចំពោះរុស្ស៊ីក៏ ដោយ ក៏រដ្ឋាភិបាលទីក្រុង អង់ការ៉ា បានព្រលយពាក្យមួយឃ្លាទៀតថា តួកគី នៅតែបើកចំហរទ្វារជា និច្ច សម្រាប់កិច្ចសន្ទនាណាមួយ ជាមួយទីក្រុង មូស្គូ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការថ្លែង របស់ លោកនាយករដ្ឋមន្ត្រី បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស តួកគី បានកោះ ហៅអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុង អង់ការ៉ា មកព្រមានលើបញ្ហាមួយចំនួន។

គួរបញ្ជាក់ថា ការពាក់មុខយក្សដាក់គ្នា បានកើតឡើងបន្ទាប់ពីតួកគី បាញ់ទម្លាក់យន្តហោះ ចម្បាំង រុស្ស៊ី ដែលហោះរំលោភចូលមកដែនអាកាសខ្លួន កាលពីខែមុន។ បន្ទាប់ពីនោះមក សង្គ្រាមពាក្យសំដី ក៏កើតឡើង ដោយតួកគីមិនព្រមសូមទោស ហើយកាលពីចុងសប្តាហ៍មុន នេះ មានរូបភាពនាយ ទាហានជើងទឹករុស្ស៊ី បានបំពាក់គ្រាប់រ៉ុក្កែត ដាក់តម្រង់ទិស បាញ់ សំដៅមកលើបូរណភាព ទឹកដីរបស់តួកគី ថែមទៀត៕

តួកគី ព្រមានដាក់ ទណ្ឌកម្ម លើ រុស្ស៊ី បើអាចទៅរួច