ជើងហោះហើរ អាល្លឺម៉ង់ និង ម៉ិចស៊ិក បង្ខំចុះចតភ្លាមៗ ក្រោយទទួលការ គំរាមបំផ្ទុះគ្រាប់បែក

ប៊ូដាប៉ែស៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រព័ន្ធខ្សែកាប ក្នុងស្រុកបានឲ្យដឹងថា ជើងហោះ ហើរអាល្លឺម៉ង់ មាន ទិសដៅចេញពី ទីក្រុងប៊ែរឡាំង ទៅកាន់ក្រុងហ៊ួហ្គាដា ប្រទេសអេហ្ស៊ីបបានសម្រេចបង្ខំ ធ្វើការចុះចតភ្លាមៗកាលពី ថ្ងៃម្សិលមិញនេះ បន្ទាប់ពីទទួលបាន ការគំរាមកំហែង បំផ្ទុះគ្រាប់បែក។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា យន្ដហោះមួយគ្រឿងនេះ ក្រោយ ទទួលការគំរាមបំផ្ទុះរួច ត្រូវបានយន្តហោះចម្បាំងរបស់ កង កម្លាំងទ័ពអាកាសហុងគ្រី ហោះអមការពារ នៅលើដែនអាកាសរបស់ខ្លួន រហូតដល់បានធ្វើ ការចុះចតដោយសុវត្ថិភាព ជាមួយអ្នកដំណើរ និងអ្នកបម្រើការងារ លើយន្ដហោះសរុបចំនួន ១៣០ នាក់។ ប៉ុន្ដែក្រោយចុះចតរួចក្រុមប៉ូលិស អ្នកជំនាញជាតិផ្ទុះហុងគ្រី មិនបានរក ឃើញ វត្ថុណាមួយ ដែលសង្ស័យជាគ្រាប់បែកឡើយ។

ដោយឡែកយន្ដហោះមួយគ្រឿងទៀតនៅក្នុងប្រទេសម៉ិកស៊ិក ផ្ទុកអ្នកដំណើរចំនួន ១៧៩នាក់ ក៏ត្រូវបានជម្លៀស ភ្លាមៗ ផងដែរពីព្រលានយន្ដហោះអន្ដរជាតិម៉ិចស៊ិក ក្រោយទទួលការគំរាមបំផ្ទុះគ្រាប់បែកដូចគ្នា។ ប៉ុន្ដែវាត្រូវបាន គេធ្វើការបញ្ជាក់យ៉ាងច្បាស់ថា មិនមានប្រព័ន្ធគ្រាប់ផ្ទុះណាមួយត្រូវបានរកឃើញឡើយ ពោលគឺករណីនេះ ដូចគ្នា ទៅនឹងករណីខាងលើដែរ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃចន្ទ ក្រុមហ៊ុនអាកាសចរណ៍ Air France ជើងហោះហើរFlight 83 ដែលធ្វើដំណើរ ចេញពីទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាម៉េរិក ឆ្ពោះទៅកាន់ទីក្រុង Paris ប្រទេសបារាំង បានបង្វែរ ទិសដៅ ហោះហើរ ក្រោយទទួលបានសារគំរាមមួយ ។ យន្តហោះនេះដឹកអ្នកដំណើរចំនួន ២៤៦នាក់ ដោយត្រូវ ចុះចតភ្លាមៗនៅ ព្រលានយន្តហោះ Montreal ក្នុងប្រទេសកាណាដា ក្រោយទទួលសារគម្រាមមួយ៕

ជើងហោះហើរ អាល្លឺម៉ង់ និង ម៉ិចស៊ិក បង្ខំចុះចតភ្លាមៗ ក្រោយទទួលការ គំរាមបំផ្ទុះគ្រាប់បែក