ASEAN Para Games ៖ អត្ពពលិក ជនពិការកម្ពុជា ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿងទៀត

ភ្នំពេញ ៖ កីឡាករ ឈុន ពន់ ដណ្ដើម បានមេដាយប្រាក់ ១គ្រឿង ជូនប្រទេសកម្ពុជា ទៀតហើយ នៅក្នុងការប្រកួតកីឡា ASEA Games Para Games លើកទី៨ នៅសិង្ហបុរី កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ លើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ ប្រភេទ T-44(ពិការជើងម្ខាង) ។

នេះគឺជាមេដាយប្រាក់ទី២ ដែលអត្តពលិកជនពិការ ជម្រើសជាតិកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ខាងលើ ខណៈចំណាត់ថ្នាក់ ក្នុងតារាងមេដាយសរុប កម្ពុជា រក្សានៅចំណាត់ថ្នាក់លេខ៩ ដដែល បន្ទាប់ពីដណ្ដើម បានមេដាយសរុប ៨គ្រឿង ក្នុងនោះមាន មេដាយមាស១, ប្រាក់២ និងមេដាយសំរឹទ្ធ៥ ។

ស្របពេលកីឡាករ ឈុន ពន់ បន្ថែមមេដាយប្រាក់ ១គ្រឿនជូនប្រទេសជាតិខ្លួននោះដែរ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចុះទៅសំណេះសំណាល ជាមួយក្រុម កីឡាករជនពិការកម្ពុជា បន្ទាប់ពីធ្វើការប្រកួតរយៈពេល  ៥ថ្ងៃមកហើយផងដែរ ដើម្បីផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យបន្ដការខិតខំ ដើម្បីស្វែងរកមេដាយជូនជាតិបន្ថែមទៀត ។

ជាមួយគ្នានោះលោកបានមានប្រសាសន៍ថា ការទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ នាពេលនេះ គឺមានន័យថា យើងបានជួយលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាយើងលើឆាកអន្តរជាតិ និងក៏ផ្សព្វ ផ្សាយពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាផងដែរ ។ ជាងនេះទៅទៀត ទោះបីកម្ពុជាស្ថិត ក្នុងភាព ក្រីក្រក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ខ្ពស់លើជនពិការ ដោយជ្រោមជ្រែងពួក គាត់ចូលរួមប្រឡូកទាំងឆាកជាតិ និងអន្តរជាតិ ដូចជាព្រឹត្តការណ៍ ASEAN Para Games នេះជាដើម ។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាប្រកួតរបស់ក្រុមអត្តពលិកជនពិការកម្ពុជា គឺនៅសល់តែ ៣ប្រកួតទៀត ប៉ុណ្ណោះ រួមមានវិញ្ញាសារត់បណ្តាក់ ១០០ម៉ែត្រ ៤នាក់ គឺមានកីឡាករ ប៊ុង ហុង, សាន ម៉ៅ, អ៊ុក សម្ភស្ស និងកីឡាករជឹម ផាន ។ វិញ្ញាសាប្រណាំងរទេះ ៤០០ម៉ែត្រ ធ្វើដោយកីឡាករ ឈុន ពន់ និងកីឡាករ ឯក ញាណសាមុត  រីឯវិញ្ញាសាប្រណាំងរទេះចម្ងាយ ២០០ម៉ែត្រ  គឺចូលរួម ប្រកួតដោយកីឡាករ ហេង សាវឿន និងកីឡាករ ហ៊ុន សឺន នៅថ្ងៃទី០៩ ខែធ្នូនេះ ៕

ASEAN Para Games ៖ អត្ពពលិក ជនពិការកម្ពុជា ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿងទៀត

ASEAN Para Games ៖ អត្ពពលិក ជនពិការកម្ពុជា ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿងទៀត