ប្លន់ប្រដាប់អាវុធ យកគ្រឿងអលង្កា និងលុយអស់មួយ ចំនួនក្នុងស្រុកជុំគីរី

កំពត ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ គំរាមយកលុយ និងគ្រឿងអលង្កា អស់មួយចំនួន នៅវេលា ម៉ោង២យប់ឈានចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះអ៊ីន ស្រីមុំ អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។

មន្ត្រីនគរបាលស្រុកជុំគីរី បានឲ្យដឹងថា ជនសង្ស័យជាចោរប្លន់មានគ្នា២នាក់ ប្រើប្រាស់អាវុធខ្លី មិនស្គាល់ម៉ាក ចំនួន២ ដើមបានធ្វើសកម្មភាព គាស់បង្អួចចូលប្លន់ជនរងគ្រោះ ដោយចាប់ចងគំរាមយក សម្ភារៈ និងលុយកាក់បានសម្រេច ខណៈជនរងគ្រោះនៅផ្ទះម្នាក់ឯង រួមជាមួយកូនតូចៗ៣នាក់ផង រីឯប្តីចេញទៅធ្វើការបើករថយន្តនៅខាងក្រៅ ។ របស់បាត់បង់រួមមាន:ខ្សែកមាស ១ខ្សែ ស្មើ៥ជី, ខ្សែដៃ ប្លាកទីន ៣ខ្សែ ស្មើ៩ជី,ខ្សែកប្លាកទីន ១ខ្សែ ស្មើ១ជី៧ហ៊ុន និងលុយខ្មែរ ចំនួន១លាន ៤០ម៉ឺនរៀល ៕