​គ្រួសារ​ចម្លែក! ស្រីៗ​ទុក​សក់វែង​មិន​ព្រម​កាត់​

អ្នកស្រី តេ​រ៉េ​លីន (Terelynn) ជា​ជនជាតិ​អង់គ្លេស​ដែល​តាំងតែ​ពី​កើតមក​រហូតមកទល់​ពេលនេះ មាន​អាយុ ៤៣ ឆ្នាំ​ទៅហើយនោះ គឺ​អ្នកស្រី​មិនដែល​បាន​កាត់សក់​ម្តងណា​ឡើយ​ដែលជា​ហេតុ​ធ្វើឱ្យ​សក់​របស់ អ្នកស្រី​មាន​ប្រវែង​រហូតដល់​ទៅ ១,៨០ ម៉ែត្រ​ឯណោះ ។ ចំណែក​កូនស្រី​របស់​អ្នកស្រី ៣ នាក់​ទៀត​ក៏​ដូចគ្នា​ដែរ គឺ​តាំងពី​កើតមក​ក៏​ពួកគេ​មិនដែល​បាន​កាត់សក់​ម្តងណា​ដែរ ។ ទាំង​ម្តាយ និង កូនស្រី​ទាំង ៣ នាក់​បូក​គ្នា ធ្វើឱ្យ​សក់​មាន​ប្រវែង​សរុប​រហូតដល់​ទៅ​ជាង ៤ ម៉ែត្រ​ឯណោះ ។​

​អ្នកស្រី តេ​រ៉េ​លីន បាន​ប្រាប់​ឱ្យដឹងថា ទាក់ទង​ទៅ​នឹ​ការ​កក់សក់ សិតសក់ ក៏​ចោទ​ជា​បញ្ហា​ប្រចាំថ្ងៃ​របស់ អ្នកស្រី​ដែរ​ដោយសារតែ​ត្រូវ​ចំណាយ​កម្លាំង និង ពេលវេលា ព្រមទាំង​ចំណាយលុយ​កាក់​ច្រើន​ផងដែរ ព្រោះ ពេល​កក់សក់​ម្តងៗ គឺ​ទាំង ៤ នាក់​ម្តាយ និង កូន​ត្រូវ​ប្រើ​ប្រេង​បន្ទន់​សក់​អស់​ដល់​ទៅ ១ ដប ឯណោះ ។ ម្យ៉ាងទៀត​នៅពេលដែល​ពួកគេ​ទៅណា​មក​ណា​ជុំគ្នា ដោយសារតែ​សក់វែង​បែបនេះ បានធ្វើឱ្យ​អ្នកដំណើរ​ក្រឡេកមើល​គ្រប់ៗ​គ្នា ។ អ្នកស្រី​បន្តថា ពេល​កក់សក់​ម្តងៗ គឺ​កូនស្រី​ទាំង ៣ នាក់​អាច​កក់​នៅក្នុង​ភាជន៍​ងូតទឹក ។

ចំណែក​ខ្ញុំ គឺ​ត្រូវ​អង្គុយ​លើ​កៅអី​ទើប​អាច​កក់សក់​បាន ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​ធ្លាប់​សាកល្បង​ចូលទៅ​កក់សក់​នៅក្នុង​ភាជន៍​ងូតទឹក​ដែរ តែដោយសារ​សក់​ច្រើនពេក​ពេល​ត្រូវ​ទឹក​ជោគ វា​បាន​បង្កើន​ទម្ងន់​រហូត​ទាញ​ខ្ញុំ​ដួល​ផ្ងា​រក្រោយ អុកគូទ​តែម្តង ហើយ​ការ​ផ្លុំ​សក់​ឱ្យ​ស្ងួតគឺ​ត្រូវ​ប្រើ​រយៈពេល ១ ម៉ោង ។​ ​អ្នកស្រី​ក៏បាន​បង្ហាញ​មេដាយមាស​ជាច្រើន​គ្រឿង​ដែល​អ្នកស្រី​ធ្លាប់​ប្រកួត​ឈ្នះ​ផ្នែក​សក់វែង​ជាងគេ​នា ពេលកន្លងមក ។

បច្ចុប្បន្ននេះ​ក្រុមគ្រួសារ​របស់​អ្នកស្រីបាន​បន្ថែម​កូនស្រី​ម្នាក់ទៀត​ដែល​ទើបតែ​មាន​អាយុ ២ ខួប​ប៉ុណ្ណោះ ហើយក៏​មិនដែល​បាន​កាត់សក់​ដែរ​តាំងពី​កើតមក ។ ដោយ សារ​ទុក​សក់វែង​វា​បាន​ចោទ​បញ្ហា​គ្រប់បែប​យ៉ាងនោះ​ អ្នកស្រី តេ​រ៉េ​លីន បាន​ប្រ​លយ​ពាក្យ​ថាខ្ញុំ​មិនដែល​បង្ខំ​ឲ្យ​កូនៗ​ទុក​សក់វែង​តាម​ខ្ញុំ​នោះឡើយ ដូច្នេះ​ចាំ​ដល់​ពួកគេ​ធំដឹងក្តី គឺ​ពួកគេ​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ត្រូវ​ទុក ឬក៏​ត្រូវ​កាត់ចេញ​ដូច​គេឯង ៕ គ.ឡេង​
​