ក្លិប​​​ក្រសួង​ការពារ​ជាតិ​​គ្រោង​​ជម្រុះ​​យក​​​យុវជន​​ថ្នាល​ ៣ក្រុម​


ក្លិប​​​ក្រសួង​ការពារ​ជាតិ​​គ្រោង​​ជម្រុះ​​យក​​​យុវជន​​ថ្នាល​ ៣ក្រុម​

ក្លិប​បាល់​ទាត់​​ក្រសួងការពារជាតិ​កំពុង​ប្រឹងប្រែង​បង្ហាត់​យុវជន​ជា​ច្រើន​នាក់ នៅ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ(ស្តាត​ចាស់) ដើម្បី​ជម្រុះ​យក​យុវជន​ថ្នាល ៣​ប្រភេទ​អាយុ​ផ្សេង​គ្នា គឺ​អាយុ​ក្រោម ១៣​ឆ្នាំ អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ។

 

 

ក្លិប​​​ក្រសួង​ការពារ​ជាតិ​​គ្រោង​​ជម្រុះ​​យក​​​យុវជន​​ថ្នាល​ ៣ក្រុម​
ក្រុម​យុវជន​ក្រសួងការពារ​ជាតិ

 

លោក អៀង រ៉ៃយ៉ារិទ្ធ គ្រូ​បង្គោល​ក្រុម​យុវជន​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​យុវជន​ប្រមាណ​ជិត៨០​នាក់​កំពុង​ហ្វឹកហាត់​នៅ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ(ស្តាត​ចាស់)។ ពួក​គេ​បាន​ចូល​ហ្វឹក​ដោយ​ដឹង​តាម​គ្នា​ប៉ុណ្ណោះ ពី​ព្រោះ​មិន​មាន​ការ​ផ្សព្វផ្សាយ​​ទូលំ​ទូលាយ​ឡើយ ។

 

យុវជន​ទាំង​នោះ​​បាន​ចាប់​ផ្ដើម​ចូល​ហ្វឹក​ហាត់​តាំង​ពី​ខែ​ឧសភា​មក ប៉ុន្តែ​មិន​បាន​ហ្វឹក​ហាត់​ជាប់​លាប់​ឡើយ ដោយសារ​ពួក​គេ​សុទ្ធតែ​ជាប់​រៀន​នៅ​សាលា។ យ៉ាង​ណា​ក្ដី លោក រ៉ៃយ៉ារិទ្ធ បាន​បញ្ជាក់​ថា មាន​គ្រូ​បង្វឹក៣ ទៅ៤​​នាក់​ដែល​បង្ហាត់​ជាប់​លាប់​ទៅ​តាម​ថ្នាល​អាយុ​តិច និង​អាយុ​ច្រើន ដើម្បី​សម្រិត​សម្រាំង​តាម​ក្រុម​ទៅ​ថ្ងៃ​ក្រោយ។

 

ចំពោះ​ថ្នាល​អាយុ​ក្រោម ១៣​ឆ្នាំ និង​អាយុ​ក្រោម ១៥​ឆ្នាំ មិន​ទាន់​ច្បាស់​ថា​នឹង​បង្កើត​ជា​ក្រុម​ផ្លូវការ​មួយ​នៅ​ពេល​ណា​នោះ​ទេ។ ចំណែក​ក្រុម​អាយុ​ក្រោម ១៨​ឆ្នាំ អាច​នឹង​ជម្រុះ​​យក ២៥​នាក់​នៅ​ខែ​​មករា​ខាង​មុខ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​លំដាប់​លីក​ទី២ ប្រសិន​បើ​គម្រោង​នោះ​កើត​មាន​ឡើង។

 

បច្ចុប្បន្ន​នេះ​មាន​តែ​ក្លិប​ពីរ​ប៉ុណ្ណោះ​ដែល​មាន​យុវជន​ថ្នាល​ផ្លូវការ​សម្រាប់​ប្រកួត​ពាន​រង្វាន់​នានា គឺ​ភ្នំពេញ​ក្រោន និង​ស្វាយរៀង។ ក្លិប​បឹងកេតអង្គរ, ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ, ក្លិប​ខេមបូឌានថាយហ្គឺរ, ​វេស្ទើនភ្នំពេញ, ក្លិប​គីរីវង់​សុខ​សែន​ជ័យ និង​​ក្លិប​បៀលប្រាយ​យូណាយធីត ក៏​មាន​សកម្មភាព​​បណ្ដុះ​ថ្នាល​យុវជន​​តាម​រយៈ​ការ​បើក​សាលា​បង្ហាត់ និង​ប្រកាស​ជ្រើសរើស​ដែរ ប៉ុន្តែ​មិន​ទាន់​បង្កើត​ជា​ក្រុម​យុវជន​ផ្លូវការ​នៅ​ឡើយ៕ ​

 

អត្ថបទ៖ គង់ វិសាល