៤វិធី​អាច​ឱ្យ​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក​រក​ចំណូល​ពី App ហ្រ្វី

៤វិធី​អាច​ឱ្យ​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក​រក​ចំណូល​ពី App ហ្រ្វី

ប្រិយមិត្ត​ជា​ច្រើន​ចូលចិត្ត​ដោនឡូត​កម្មវិធី​ហ្រ្វីៗ​យក​មក​ប្រើ​លើ Smartphone របស់​ខ្លួន​ព្រោះ​មិន​បាច់​ត្រូវ​ចំណាយ​ប្រាក់ តែ​ពេល​ខ្លះ​ក៏​ឆ្ងល់​ដែរ​ថា​តើ​អ្នក​ផលិត​កម្មវិធី​ហ្រ្វី​ទាំង​អស់​នោះ​បាន​ចំណូល​ដោយ​របៀប​ណា បើ​កម្មវិធី​ដែល​ខំ​បង្កើត​មក​ដាក់​ឱ្យ​ទាញ​យក​​មិន​អស់​លុយ​ផង។

 

៤វិធី​អាច​ឱ្យ​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក​រក​ចំណូល​ពី App ហ្រ្វី

 

លោក​គ្រុយ​វណ្ណា ដែល​ជា​បុគ្គល​បច្ចេកវិទ្យា​លេចធ្លោ​មួយ​រូប​ខាង​បង្កើត​កម្មវិធី​ឆ្លាតវៃ​លើ​ទូរសព្ទ​ជា​ពិសេស​ក្តារ​ចុច​ខ្មែរ​ឆ្លាតវៃ (Khmer Smart Keyboard) និង​ជា​​ស្ថាបនិក​ក្រុម Alien Dev ប្រាប់​ពី​វិធី​ដែល​អាច​ឱ្យ Developer រក​ចំណូល​ពី App ហ្វ្រី​លើ Smartphone៖

 

១. ការ​ឧបត្ថម្ភ (Sponsorship)

 

គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​ហ្វ្រី​សម្រាប់ Smartphone មិន​ថា Android ឬ iOs Device ដែល​ក្រុម​អ្នក​បង្កើត​កម្មវិធី​ (Developer) ខំ​បង្កើត​នោះ គឺ​ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន។ ជាក់ស្ដែង Developer ក្នុង​ស្រុក​ជា​ច្រើន​ទទួល​បាន​ចំណូល​សម្រាប់​ការ​ខិត​ខំ​បង្កើត App ហ្រ្វី​នោះ គឺ​ដោយ​សារ​មាន​ក្រុមហ៊ុន​ក្នុង​តំបន់​ជួយ​ឧបត្ថម្ភ​នេះ​ឯង។

 

ការ​ឧបត្ថម្ភ​នេះ​បាន​ន័យ​ថា អ្នក​បង្កើត​កម្មវិធី​ត្រូវ​ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​នោះ​លើ​កម្មវិធី​ហ្វ្រី​ដែល​បាន​បង្កើត ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​របស់​ក្រុមហ៊ុន​នោះ។

 

២. Crowd Funding (មូលនិធិ)

 

ក្រៅ​ពី​ការ​សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​លើ​កម្មវិធី​ហ្វ្រី Developer ក៏​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​លក្ខណៈ “មូលនិធិ” បាន​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​វណ្ណា​ថា Developer អាច​ស្វែង​រក​មូលនិធិ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កម្មវិធី​ហ្វ្រី​របស់​គេ​បាន លុះ​ត្រា​ពួក​គេ​មាន​វិបសាយ​ផ្ទាល់​ខ្លួន​មួយ ហើយ​កម្មវិធី​ដែល​បង្កើត​ឡើង​ទៀត​សោត​ក៏​ត្រូវ​មាន​ប្រជា​ប្រិយភាព​និង​ផ្តល់​សារប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ទូទៅ។

 

ដូច្នេះ​ពេល​កម្មវិធី​ដែល​បង្កើត​ឡើង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ប្រើប្រាស់ មិន​ខ្វះ​ទេ​អ្នក​ដែល​ចង់​ជួយ​ផ្តល់​មូលនិធិ​គាំ​ទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ថ្ងៃ​ទាំង​យប់​របស់​អ្នក​បង្កើត​កម្មវិធី។

 

៣. មុខងារ​បន្ថែម (Buying More Features)

 

កម្មវិធី​និង​ហ្គេម​កម្សាន្ត​ឥត​គិត​ប្រាក់​ភាគ​ច្រើន តែង​តែ​មាន​មុខងារ​បន្ថែម​ពិសេស​ឬ Store (កន្លែង​សម្រាប់​ទិញ Feature ថ្មីៗ) សម្រាប់​លក់​ជូន​អ្នក​ប្រើប្រាស់ ក្រៅ​ពី​មុខងារ (ហ្វ្រី) មាន​ស្រាប់​លើ​កម្មវិធី​នោះ។

 

ឧទាហរណ៍ នៅ​ពេល​អ្នក​ប្រើប្រាស់​លេង​ហ្គេម​កម្សាន្ត​ហ្រ្វី​ល្បី​ឈ្មោះ​មួយ​រហូត​ដល់​អស់​ពិន្ទុ​ដែល​ផ្តល់​ជូន​ហ្វ្រី​ពេល​លេង​ដំបូង ពួកគេ​ត្រូវ​ទិញ​ពិន្ទុ​ពី Store នៅ​លើ​កម្មវិធី​នោះ​បន្ថែម ដើម្បី​អាច​បន្ត​លេង​ហ្គេម​នោះ​បាន​ទៀត​ភ្លាមៗ ឬ​បើ​មិន​ដូច្នោះ​ទេ​ត្រូវ​រង់​ចាំ​រហូត​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​ទម្រាំ​ទទួល​ពិន្ទុ​ពេញ​ ដើម្បី​លេង​ត​ទៅ​ទៀត។ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ឬ​ហ្គេម​មួយ​ចំនួន​បាន​ចំណូល​វាល់​លាន​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​នេះ។

 

៤. តាម​រយៈ AdSense, Admob និង iAd ជា​ដើម

 

AdSense, Admob, iAd សុទ្ធ​តែ​អាច​ឱ្យ​អ្នក​បង្កើត​កម្មវិធី​រក​ប្រាក់​បាន​តាមរយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ពី​ទូទាំង​ពិភពលោក​លើ Smartphoneប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS។ លោក​វណ្ណា បាន​ឱ្យ​ដឹង​ថា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ម្នាក់​​ចុច​មួយ​ដង (1 Click) ​លើ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី​និង​ហ្គេម​ដែល​ផុស​ចេញ​ឡើង​នោះ Developer អាច​បាន​ប្រាក់​ប្រហែល​ពី ០,០៥ដុល្លារ​ទៅ ០,១ដុល្លារ។

 

ដូច្នេះ បើ​កម្មវិធី​ទាំង​នោះ​មាន​ប្រជាប្រិយភាព​ខ្លាំង​និង​មាន​អ្នក​ប្រើ​ច្រើន អត្រា​នៃ​ការ​ទទួល​បាន​ការ​ចុច (Click) ក៏​ច្រើន នោះ​ប្រាក់​ចំណូល​ក៏​គួរ​សម៕

 

អាន៖ FreeCodeCamp ពង្រឹង​ជំនាញ​អនុវត្ត​​សរសេរ​ភាសា​កូដ​សម្រាប់​បង្កើត​វិបសាយ

 

អត្ថបទ៖ ប៉ែត ផាន់និត