ភ្លើង​ឆេះ​កម្ទេច​ជ័រ​សន្ធោសន្ធៅ​នៅ​មុខ​រោងចក្រ​ផលិត​ទឹក​ស្អាត​និរោបង្ក​ការ​ភ្ញាក់​ផ្អើល​

​រាជ​ធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​​ឆេះ​​កម្ទេច​​ជ័រ​​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋចុះ​ទៅ​ជួយ​អន្តរាគមន៍​ត​ទុយោ​ទឹក​បាញ់​ទឹក​ពន្លត់​​ទើប​​រលត់​ទៅ​វិញ​បង្ក​ការ​ភ្ញាក់​ផ្អើល​ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ​ធ្នូ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា នៅ​ពេល​ល្ងាច​មុន​កើតហេតុ​ មាន​គេ​យក​ទ្រុង​រថយន្ត​ចាស់​ៗ​ដែល​គេ​ទុក​ចោល​ធ្វើ​ជា​អេ​ត​ចាយ​យក​មក​ផ្សារ​កាត់​នៅ​ជិត​គំនរ​សំរាម​ដែលមាន​សុទ្ធតែ​កម្ទេច​​ជ័រ និង​កំណាត់​ខ្សែកាប ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​​ផ្កាភ្លើង​បង្ក​ជា​អណ្តាតភ្លើង​មិន​ទាន់​​ឆេះ​ភ្លាម​ៗ​ទេ រហូត​ដល់​​​វេលា​រំលង​អធ្រាត្រ​ ទើប​​ឆេះ​សន្ធោ​សន្ធៅ​តែ​ម្តង ។

អគ្គិភ័យ​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​​ឆេះឆ្លង​រាលដាល​ដល់​ក្នុង​រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ​ និង​ផ្ទះប្រជាពលរដ្ឋ​ទេ ដោយសារ​តែ​មាន​សមត្ថកិច្ច​ និង​​ពលរដ្ឋ​នាំ​គ្នា​ត​ទុយោ​ទឹក​ចេញពី​ក្នុងរោងចក្រ​ផលិត​ទឹក​ស្អាត​ ​​បាញ់​ពន្លត់​​ទើប​រលត់​អស់​ទៅ​វិញ​ដោយ​មិន​រំខាន​ដល់​រថយន្តពន្លត់អគ្គិភ័យ​ទេ ៕