ស្ត្រី​ម្នាក់​បី​កូន​ស្រី​អាយុ​៥​​ខែ ផ្សងព្រេង​ពី​ខេត្តបាត់ដំបង តាម​រក​ឪពុក​ជា​​សង្ឃ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​បីកូន​ស្រី​តូច​អាយុ​៥​ខែ​ម្នាក់ រួម​ដំណើរ​ជាមួយ​ម្តាយបង្កើត បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍ ឱ្យ​ជួយ​តាម​រក​លោកសង្ឃ​មួយ​អង្គ ជា​ឪពុក​ទារិកា​អាយុ​៥​ខែ​នេះ  ដែល​បាន​រត់គេច​ពី​ខេត្តបាត់ដំបង មក​លាក់ខ្លួន​នៅ​ក្នុង​វត្ត​នាគ​ទីវ​ន្ត័ ហៅ​វត្ត​ស្ទឹង នៅ​ក្នុង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈ​ដែល​បាន​លប​លួច​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​នាង​មាន​ផ្ទៃពោះ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ធ្នូ ២០១៥ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ។    

នគរបាល​ប៉ុស្តិ​បន្ទាយ​ព្រាល​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ចាញ់បោក​លោកសង្ឃ​នោះ​មានឈ្មោះ​ភឿ​ត ចាន់​រី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត​រការ ឃុំ​ឪម៉ាល់ ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​សង្ឃ​កំហូច​នោះ ឈ្មោះ​រិ​ន អាយុ​២៨​ឆ្នាំ បួស​នៅ​ក្នុង​វត្ត​រកា ក្នុងភូមិ​ដែល​នាង​រស់នៅ​។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​នាង​បាន​ជ្រុលខ្លួន​ស្រឡាញ់​លោកសង្ឃ​ខាងលើ​នេះ ដោយសារ​លោកសង្ឃ​នេះ បាន​មក​លេង​ផ្ទះ​នាង​ជា​ញឹកញាប់ និង​បាន​សុំ​ស្រឡាញ់​នាង ដោយ​បាន​អះអាង​ថា នឹង​សឹក​យក​នាង​ជា​ប្រពន្ធ ។ នាង​ថា ការ​ជ្រុលខ្លួន​នេះ បាន​កើតឡើង​ពេល​ដែល​ម្តាយ​នាង​មិន​នៅផ្ទះ ទៅ​ធ្វើស្រែ​បាត់​នៅ​ចុងឆ្នាំ​២០១៤ ។ ក្រោយមក នាង​មាន​ផ្ទៃពោះ នាង​ក៏​បាន​ទូរ​សព្ទ័​ប្រាប់​ទៅ​លោកសង្ឃ​ខាងលើ​នេះ ស្រាប់តែ​លោក​ស​ង្ឈ​នេះ បានឱ្យ​នាង​ទម្លាក់​កូន​ចោល ដោយ​ខ្លាច​មាន​បញ្ហា ហើយ​លោក​ក៏​បាន​រត់គេច​ខ្លួន​បាត់​ពី​វត្ត​រកា ខេត្តបាត់ដំបង មក​សំងំ​លាក់ខ្លួន​នៅ​ក្នុង​វត្ត​ស្ទឹង ឃុំ​បន្ទាយ​ព្រាល រហូត​មក ។

បើ​តាម​ម្តាយ​ស្ត្រី​រង​គ្រោះ ដែល​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​កូនស្រី​និង​ចៅ​តូច បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ ដោយ​មានការ​សង្ស័យ នៅ​ពេល​ឃើញ​កូនស្រី​របស់​គាត់​ចេះ​តែ​អង្គុយ​យំ​មានមុខ​ក្រៀម​ខ្លាំង​ពេក គាត់​ក៏​បាន​សួរនាំ​ទើប​ធ្លាយ​រឿង​នាង​មាន​ផ្ទៃពោះ​៤​ខែ​កន្លះ​ទៅ​ហើយ ជាមួយ​លោកសង្ឃ​នោះ ខ​ណះ​ដែល​រឿងហេតុ​នេះ បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៤ មក​ម្ល៉េះ​។

កន្លង​មក​នាង​ជា​ម្តាយ និង​កូនស្រី បាន​មក​តាម​រក​លោកសង្ឃ​នេះ​ម្តង​ជា​២​ដង រួច​មក​ហើយ ដើម្បី​អោយ​លោកសង្ឃ​នេះ​ទទួល​ខុសត្រូវ ប៉ុន្តែ​ពេល​មក​ម្តងណា ក៏​មិន​ដែល​ជួប​លោកសង្ឃ​នេះ​ឡើយ គឺ​សង្ឃ​កំហូច​គ​នេះ តែង​គេច​មុខ​រហូត ។ លើក​នេះ​លោក​សង្ឃ​នេះ បាន​ទូរស័ព្ទ​ហៅ​ឱ្យ​នាង​និង​ម្តាយ​យក​កូនស្រី​មក​ជួប​នៅ​វត្ត​ស្ទឹង​នេះ តែ​អ្វី​ដែល​ហួសចិត្ត​ពេល​មក​ដល់​សង្ឃ​អង្គ​នេះ បាន​គេចខ្លួន​ទៀត  ទើប​នាង​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​ស្វែងរក ព្រោះ​លោកសង្ឃ​នេះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ តាំងពី​មុន​ពេល នាង និង​ម្តាយ​នាង​បាន​មក​ដល់ ។

រឿង​ខាងលើ​នេះ ពួក​នាង​ស្នើ​សុំ​ដល់​សមត្ថកិច្ច និង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ជួយ​ស្រាវជ្រាវ​រក​លោកសង្ឃ​នេះ អោយមក​ទទួលខុស ត្រូវ​ចំពោះ​រឿង​ខាងលើ​នេះ​ជូន​ពួក​គាត់​ផង ។