​ម៉ាឡេស៊ី​ប្រកាស​ស្វែង​ម្ចាស់​យន្តហោះ Boeing ​៣គ្រឿង​កំពុង​ចត​ចោល​នៅ​ព្រលាន បើ​មិន​ឃើញ នឹង​​ដាក់​លក់​ឡាយឡុង​


​ម៉ាឡេស៊ី​ប្រកាស​ស្វែង​ម្ចាស់​យន្តហោះ Boeing ​៣គ្រឿង​កំពុង​ចត​ចោល​នៅ​ព្រលាន បើ​មិន​ឃើញ នឹង​​ដាក់​លក់​ឡាយឡុង​

​​កា​រ​បាត់​​ជើង​ហោះ​ម៉ាឡេស៊ី ​ MH370 ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ​ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ម៉ាឡេស៊ី​​ប្រចាំ​ព្រលាន​យន្តហោះ​​​អន្តរជាតិ​កូឡាឡាំពួរ ​បាន​ជួប​បញ្ហា​ផ្ទុយ​ពី​ហេតុការណ៍​ខាង​លើ គឺ​ប្រទះ​ឃើញ​​យន្តហោះ Boeing 747 បី​គ្រឿង​តែ​ពុំ​ឃើញ​​មាន​ម្ចាស់ កំពុង​ទុក​ចោល។

 

​ម៉ាឡេស៊ី​ប្រកាស​ស្វែង​ម្ចាស់​យន្តហោះ Boeing ​៣គ្រឿង​កំពុង​ចត​ចោល​នៅ​ព្រលាន បើ​មិន​ឃើញ នឹង​​ដាក់​លក់​ឡាយឡុង​
 

អ្នក​គ្រប់​គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ (KLIA) បាន​ចេញ​ផ្សាយ​​​ដំណឹង​​ចម្លែក​មួយ​​ភ្លាម​ៗ​នៅ​កាន់​សារព័ត៌មាន​ម៉ាឡេស៊ី ​ឲ្យ​ជួយ​តាម​រក​​ម្ចាស់​យន្តហោះ​ Boeing 747-200F ​ដែល​ទំនង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​ទីនោះ។

 

​​​​​​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​​និយាយ​ថា៖ «ប្រសិន​​បើ​ម្ចាស់​យន្តហោះ​មិន​​មក​យក​ក្នុង​រយៈពេល ១៤ថ្ងៃ​​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​​នេះ​ទេ​ ​យើង​​នឹង​​​រក្សាសិទ្ធិ​​​លក់​យន្តហោះ​នេះ ឬ​​ប្រគល់​យន្តហោះ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ចាត់​ចែង​ហើយ»។

 

​​​អគ្គនាយក​​ព្រលាន​យន្តហោះ​អន្តរជាតិ​ម៉ាឡេស៊ី Sepang នេះ​លោក Zainol Monhd Isa ​ថ្លែង​ថា ​ខាង​ព្រលាន​កំពុង​​ព្យាយាម​ទាក់​ទង​ម្ចាស់​គ្រប់​ច្រកល្ហក​ ​នៅ​តែ​រក​មិន​ឃើញ។ លោក​បន្ថែម​ថា៖ « ​ម្ចាស់​យន្តហោះ​ជា​ជនបរទេស ​មិន​មែន​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ទេ ហើយ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ពួកគេ​មិន​ឆ្លើយ​តប ប្រហែល​អាច​មាន​ហេតុ​ផល​ជាច្រើន។ ជួន​កាល​​ម្ចាស់​ទាំង​នោះ​ អាច​មិន​មាន​ប្រាក់​​ដើម្បី​បន្ត​ប្រតិបត្តិការ ក៏​ថា​បាន»។

 

​លើស​ពី​នេះ​ទៀត​​ គាត់​បន្ត​ថា ​ខាង​ព្រលាន​​កំពុង​​ស្វែង​រក​ការ​ចេញ​ថ្លៃ​ ​ពី​ម្ចាស់​យន្តហោះ​សម្រាប់​ ការ​ចុះ​ចត ​ការ​ចត​នៅ​ស្ងៀម និង​​ថ្លៃ​សេវា​​ផ្សេង​ទៀត។ ប្រសិន​បើ​មិន​មាន​ការ​បង់​ថ្លៃ​​ ​ឲ្យ​បាន​​ត្រឹម​ថ្ងៃ​ទី ២១​ធ្នូ​នេះ​ទេ យន្តហោះ​នឹង​​ត្រូវ​ដាក់​លក់​ឡាយឡុង ឬ​លក់​អេតចាយ ដើម្បី​ប៉ះប៉ូវ​ការ​បង់​ថ្លៃ​ទាំង​នោះ។

 

​​ក្នុង​សេចក្ដី​ជូន​ដំណឹង​​​ខាង​លើ​លម្អិត​ថា លេខ​​ចុះ​បញ្ជី​របស់​យន្តហោះ​គឺ​មាន ​TF-ARM, TF-ARN, និងTF-ARH​ ដោយ​ ២គ្រឿង​ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ និង​ មួយ​គ្រឿង​យន្តហោះ​ដឹក​ទំនិញ។

 

លោក​បន្ថែម​ថា ​វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​មាន​ហេតុការណ៍​ចម្លែក​បែប​នេះ​កើត​ឡើង​នៅ​ព្រលាន​ Sepang ​ដោយ​កាល​ពី​​ទសវត្ស​មុន​មាន​យន្តហោះ​ពីរ​បី​គ្រឿង​ ធន់​តូច ធ្លាប់​បាន​បោះ​បង់​ចោល​ដែរ​​​។ ​យន្តហោះមួយ​គ្រឿង​​​នៅ​ក្នុង​ឆ្នាំ ១៩៩០ ​ត្រូវ​បាន​គេ​ទិញ​យក និង​​ប្រើ​​ប្រាស់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​​ជាយ​ក្រុង​កូឡាឡាំពួរ​ផង​ដែរ៕​

 

ចុចអាន៖ ថៃ​បង្កើត​​ឧទ្យានជាតិ​ថ្មី​២១​កន្លែង មាន​ទឹក​ធ្លាក់ ព្រៃឈើ និង​​ជីវិត​ក្រោម​បាត​សមុទ្រ

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖channelnewsasia